(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ស្អែកនេះ កម្ពុជា-កូរ៉េ នឹងចុះហត្ថលេខាជាផ្លូវការ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) តាមប្រព័ន្ធវីដេអូ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េ នឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីលើកទី២ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា-ចិន។

កិច្ចព្រមព្រៀងនេះ នឹងលើកកម្ពស់ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសកូរ៉េបន្ថែមទៀត ក្នុងនោះមានដូចជា សំលៀកបំពាក់ និងវាយនភណ្ឌ ឧបករណ៍អេឡិចត្រូនិក ជាពិសេសផលិតផលកសិកម្ម។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការចុះហត្ថលេខានេះ ធ្វើឡើងក្រោមវត្ដមាន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មកម្ពុជា និងសមាសភាគីកូរ៉េ។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃស្អែកទី២៦នេះនឹងមានការចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ ដែលធ្វើឡើងដោយ ឯកឧត្ដមរដ្ឋមន្ដ្រី ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មកម្ពុជា និងសមាសភាគីកូរ៉េ តាមប្រព័ន្ធអនឡាញ»

បើតាមលោក ប៉ែន សុវិជាតិ បន្ទាប់ពីចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១រួច ភាគីទាំង២ ត្រូវបំពេញលក្ខខណ្ឌផ្ទៃក្នុងរៀងៗខ្លួន។

កិច្ចព្រមព្រៀងនេះ ត្រូវឆ្លងគណៈរដ្ឋមន្ត្រី បន្ទាប់មកឆ្លងទៅរដ្ឋសភា ព្រឹទ្ធសភា មុននឹងឡាយព្រះហស្តលេខា ដោយព្រះមហាក្រត្សនៃកម្ពុជា។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ នឹងត្រូវដាក់ឲ្យប្រើប្រាស់ នៅឆ្នាំ២០២២ខាងមុខ ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្ម កម្ពុជា-ចិន ត្រូវដាក់ឲ្យប្រើប្រាស់ នៅដើមឆ្នាំ២០២២។

គូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ មានគោលបំណងពង្រឹងភាព ជាដៃគូសេដ្ឋកិច្ច និងពង្រីកការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទ្វេភាគី ឲ្យកាន់តែទំលំទូលាយ ដោយផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក សំដៅបង្កើនផលប្រយោជន៍សេដ្ឋកិច្ច និងសុខមាលភាព ប្រជាជន និងធុរកិច្ចនៃប្រទេសទាំង២។

ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កូរ៉េ បាននិងកំពុងដំណើរការយ៉ាងរលូន។ ជាក់ស្ដែងគិតត្រឹម៨ខែ ឆ្នាំ២០២១ ពោលចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្ម កម្ពុជា-កូរ៉េ សម្រេចបានចំនួនជាង៥១៤លានដុល្លារ កើនឡើង១១.៥២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។

រយៈពេល៨ខែ ឆ្នាំ២០២១ កម្ពុជាបាននាំចេញទៅកូរ៉េ ក្នុងទំហំទឹកប្រាក់ជាង១២៩លានដុល្លារ ខណៈការនាំចូលពីកូរ៉េវិញ មានទំហំទឹកប្រាក់ជាង៣៨៥លានដុល្លារ។ ទំនិញដែលកម្ពុជានាំចេញទៅកូរ៉េមានដូចជា៖ សំលៀកបំពាក់ គ្រឿងអេឡិកត្រូនិក ស្បែកជើង ភេសជ្ជៈ កាបូប កៅស៊ូ ឱសថ និងក្រដាសកាតុង ជាដើម -ល-។

ខណៈទំនិញដែលកម្ពុជា នាំចូលពីកូរ៉េច្រើនបំផុតមានដូចជា៖ ក្រណាត់ត្បាញ រថយន្តដឹកទំនិញ ភេសជ្ជៈ គ្រឿងអេឡិកត្រូនិក គ្រឿងម៉ាស៊ីន វត្ថុតុបតែងលម្អផ្ទះ ឱសថ សាប៊ូ និងផលិតផលប្លាស្ទិក ជាដើម -ល-។

ពេញមួយឆ្នាំ២០២០កន្លង ទៅទំហំពាណិជ្ជកម្ម កម្ពុជា-កូរ៉េ សម្រេចបានសរុបចំនួន ៧២៩.១៣លានដុល្លារអាមេរិក កើនឡើង១៧.៣១ភាគរយ បើបៀបធៀបនឹងឆ្នាំ២០១៩ មានចំនួន៨៨១.៧៦លានដុល្លារ៕