(ភ្នំពេញ)៖ កសិករជាច្រើន បានត្អូញត្អែរពីការឡើងថ្លៃជី និងថ្នាំកសិកម្ម ឡើងថ្លៃ២ដង ដែលធ្វើឱ្យពួកគាត់ប្រឈមនឹងខាតបង់ ព្រោះតែតម្លៃកសិផល មិនឡើងថ្លៃសមាមាត្រទៅនឹងថ្លៃដើមផលិត។

លោក ខេង និត កសិករដាំបន្លែ ធ្វើស្រែ និងចម្ការស្វាយចន្ទី នៅស្រុកសូត្រនិគម ខេត្តសៀមរាប បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៥ តុលានេះថាបច្ចុប្បន្ននេះលោកកំពុងតែប្រឈមនឹងការខាតបង់ ដោយសារតម្លៃជីបានឡើងថ្លៃខ្លាំង ខណៈតម្លៃកសិផលនៅដដែល។

លោកកត់សម្គាល់ឃើញថា តម្លៃជីបានឡើងថ្លៃជាបន្តបន្ទាប់តាំងពីខែមីនាមក ហើយមកដល់ខែ មិថុនា កក្កដា តម្លៃជីបានហក់ឡើងខ្ពស់។

បើតាមកសិកររូបនេះ បច្ចុប្បន្ននេះតម្លៃជីដែលមានគុណទាប មានតម្លៃមួយប៉ាវ (៥០គីឡូក្រាម) ១២៥ ០០០រៀល និងជីប្រភេទគុណភាពល្អមានតម្លៃ ១៦០ ០០០រៀល ដែលកាលពីឆ្នាំមុន មានតម្លៃប្រមាណ ១០២ ០០០រៀលប៉ុណ្ណោះ។ ចំណែកតម្លៃស្រូវរំដួល ដែលកំពុងប្រមូលផលនេះ លក់តម្លៃ ១១០០រៀលក្នុងមួយគីឡូ គឺតម្លៃប្រហាក់ប្រហែលនឹងឆ្នាំមុន។

«យើងខាតច្រើន យើងធ្វើលើកមុនយើងអត់សូវចំណេញផងនៅតែខាតដែរ ដល់ពេលនេះជីនៅតែថ្លៃខ្លាំងទៀត ខ្ញុំគិតថាខាតជាងហ្នឹង។ តែធ្វើម៉េចបើយើងអត់ទិញប្រើវា វាអត់កើត តែឧបសគ្គមួយយើងត្រូវតែប្រើទោះបីថ្លៃ។ ឆ្ងល់បើជីថ្លៃ តែផលិតផល ដូចជាស្រូវបន្លែវាឡើងថ្លៃ វាអត់សូវអីទេ តែដល់ពេលដំណាំខ្មែរអត់ឡើងផង ឡើងតែជី។ លោក ខេង បញ្ជាក់បន្ថែម។

លោកសំណូមពរ ឱ្យភាគីពាក់ព័ន្ធអន្តរាគមន៍ធ្វើយ៉ាងឱ្យតម្លៃជី ចុះមកតម្លៃសមរម្យវិញ ប៉ុន្តែប្រសិនបើតម្លៃជី មិនអាចចុះមកវិញបាន សូមជួយឱ្យអន្តរគមន៍ឱ្យតម្លៃកសិផលកើនឡើង ដើម្បីឱ្យសមាមាត្រគ្នា។

លោក ហួ ធីនាង នាយកប្រតិបត្តិផ្នែកជីថ្នាំកសិកម្ម ក្រុមហ៊ុន អង្គរហ្រ្គីន ដែលជាក្រុមហ៊ុនចូលជី និងថ្នាំកសិកម្មពីមកពីចិន អេស្ប៉ាញ ថៃ ឥណ្ឌា និងប្រទេសមួយចំនួនទៀត បានឱ្យបណ្តាញព័ត៌មាន Fresh News ដឹងដែរថា តម្លៃជី និងថ្នាំកសិកម្មបច្ចុប្បន្ននេះ បានឡើងថ្លៃជាង២ដងបើធៀបនឹងកាលពីឆ្នាំមុន។

លោកបានឱ្យដឹងទៀតថា សម្រាប់ឆ្នាំនេះ ក្រុមហ៊ុនរបស់លោកកាត់បន្ថយការនាំចូលជី ដោយសារតែតម្លៃឡើងថ្លៃ និងក្រុមហ៊ុនដែលផ្គត់ផ្គង់ជី នៅក្រៅប្រទេសបាន កាត់បន្ថយការផលិត និងហើយរោងចក្របញ្ឈប់ការផលិតតែម្តង។

លោកបានពន្យល់យ៉ាងដូច្នេះថា «តាមដែលយើងឮពីដៃគូរបស់យើង វាមិនមែនឡើងថ្លៃតែក្នុងស្រុកខ្មែរយើងទេ ឡើងថ្លៃទូទាំងពិភពលោក ជាពិសេសនៅចិន មូលហេតុដែលឡើងថ្លៃ ទី១ដោយសាររោងចក្រគេកាត់បន្ថយការប្រើប្រាស់អគ្គិសនីនៅចិន ដោយសារធ្យូងថ្ម ព្រោះអឺរ៉ុបកាត់បន្ថយ ឬការនាំចូលទៅចិន អីចឹងចិនខ្វះថាមពលផលិត ហើយក្រៅហ្នឹងវត្ថុធាតុដើមនៃការផលិត ជាពិសេសផូស្វ័រ និងអ៊ុយរ៉េឡើងថ្លៃខ្លាំងមែនទែន ធ្វើឱ្យតម្លៃជីលើពិភពលោកកើនឡើងខ្ពស់។ ឡើងទ្វេដង ឧទារហរណ៍ថ្នាំស្មៅបាញ់នៅវាល មួយដប២០ដុល្លារ វាទៅជា៣០ដុល្លារ ហើយឧទាហរណ៍ ជីអ៊ុយរ៉េ ធ្លាប់មួយបាវតែ៦ម៉ឺន ទៅជាមួយប៉ាវ១៤ម៉ឺន»

ជុំវិញបញ្ហានេះ លោក លន់ យ៉េង អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជា ជំរុញឱ្យកសិករកាត់បន្ថយការ ប្រើប្រាស់ជីឱ្យបានយ៉ាងហោចពី៣០% ទៅ៥០% ឬរកជម្រើសប្រើប្រាស់ជីធម្មជាតិជំនួសឱ្យជីគីមីវិញ ព្រោះបើទោះបីជាតម្លៃកសិកផលកើនឡើងក៏ដោយ ក៏នឹងមិនសមាមាត្រនឹងតម្លៃដើមនៃផលិតនោះដែរ ប្រសិនបើកសិករនៅតែប្រើប្រាស់ជីក្នុងបរិមាណដដែល។ លោកថា ក្រៅពីបញ្ហាផលិត ការដឹកជញ្ជូនតាមកប៉ាល់ ក៏ជំរុញឱ្យតម្លៃជីឡើងថ្លៃផងដែរ ជាពិសេសនៅក្នុងតំបន់ ទាំងនៅថៃ កម្ពុជា វៀតណាម ។

លោកលើកឡើងទៀតថា តម្លៃជីនឹងអាចបន្តកើនឡើងថែមទៀត ប្រសិនតម្លៃប្រេងអន្តរជាតិបន្តកើនឡើង ។

លោកគូសបញ្ជាក់ថា «កន្លងមក យើងធ្លាប់បានជែកគ្នាជាមួយរដ្ឋាភិបាល លោកក៏ពិនិត្យមើលតើវាជាកត្តាផ្ទៃក្នុងមានអីជាបង្កអត់ ប៉ុន្តែកត្តាផ្ទៃក្នុងរបស់កម្ពុជាទាក់ទងនឹងជីអីនេះ មិនមានការយកពន្ធ អីចឹងវាមិនមែនជាបញ្ហាដែលកើតចេញពីខ្លួនយើងទេ គឺកើតចេញពីកត្តាខាងក្រៅជាពិសេសធំបំផុត គឺឡូជីស្ទិក ដឹកជញ្ជូន ពីព្រោះគាត់ឡើង៦ដងមានន័យថា ៦០០% អីចឹងវាមិនមែនជះតែនាំចេញទេ នាំចូលដូចគ្នា ព្រោះបើឡើងថ្លៃ គឺឡើងទាំងអស់។ ផលលំបាករបស់កសិករយើងបានដឹង គឺទាំងវិស័យរដ្ឋ ស្ថាប័នពាក់ព័ន្ធ បានកំពុងតែជជែកថា តើគួរតែធ្វើអីទៀត សម្រាប់ក្នុងនាមជាសហព័ន្ធ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ថាកសិករខ្លួនឯងត្រូវពិចារណាលើចំណុចមួយថា បើជៀសបានកាត់បន្ថយបានជាអតិបរមាត្រូវតែបន្ថយទៅ ពីព្រោះតម្លៃជីមិនសមាមាត្រជាមួយនឹងការលក់ផលិតផលចេញទេ។ ហើយទី២ យើងមើលសមាមាត្រគាត់វិញ ឧបមារថាគាត់ទិញជីឡើង៣០% ប៉ុន្តែគាត់បន្ថយពាក់កណ្តាល ហើយទិន្នផលគាត់ធ្លាក់៣០% ក៏គាត់នៅចំណេញជាងដែរ»

តែយ៉ាង នេះក្តីអគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជារូបនេះបញ្ជាក់ថា អាចនឹងមិនប៉ះពាល់ដល់ទិន្នផលស្រូវវស្សានោះទេ ដោយសារតែទឹកច្រើន ធ្វើការប្រើប្រាស់ជីតិច ប៉ុន្តែសម្រាប់ស្រូវប្រាំងវិញ ប្រសិនបើស្ថានភាពតម្លៃជីនៅតែកើនអាចនឹងប៉ះពាល់៕