(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយ បង្ហាញពីស្ថានភាពអត្រាប្តូរប្រាក់រៀល, អត្រាប្តូររូបិយបណ្ណ, មាស និងប្រេង។ នេះតាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២២ ខែតុលានេះ។

* ស្ថានភាពអត្រាប្តូរប្រាក់រៀល ធៀបនឹងប្រាក់ដុល្លារអាមេរិក នៅលើទីផ្សារគិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានប្រែប្រួលក្នុងចន្លោះ ៤១០០រៀល ដល់៤១១៣រៀល ក្នុងមួយដុល្លារអាមេរិក។

* ស្ថានភាពអត្រាប្តូររូបិយបណ្ណសំខាន់ៗ នៅលើទីផ្សារអន្តរជាតិ៖ នៅទី២១ ខែតុលា ឆ្នាំ២០២១ ប្រាក់ដុល្លារអាមេរិក បានឡើងថ្លៃធៀបនឹងប្រាក់យ៉េនជប៉ុន និងប្រាក់បាតថៃ ប៉ុន្តែបានធ្លាក់ថ្លៃធៀបនឹងប្រាក់ហ្វ្រង់ស្វីស ប្រាក់អឺរ៉ូ ប្រាក់យ៉ន់ចិន ប្រាក់ដុល្លាររស្ត្រាលី និងប្រាក់ផោនស្ទែរលីងបើធៀបនឹងសប្ដាហ៍មុន ពោលគឺ១ដុល្លារអាមេរិកស្មើនឹង ៣៣.៣៤បាតថៃ, ៦.៣៩យ៉ន់ចិន, ០.៩២ហ្វ្រង់ស្វីស, ១១៤.៣៥យ៉េនជប៉ុន, ១ដុល្លារអូស្ត្រាលីស្មើនឹង ០.៧៥ដុល្លារអាមេរិក, ១អឺរ៉ូស្នើនឹង១.១៦ដុល្លារអាមេរិក និង ១តោនស្ទែរលីងស្មើនឹង ១.៣៨ដុល្លារអាមេរិក។

ចំពោះមាស និងប្រេង៖
- តម្លៃមាស នៅលើទីផ្សារអន្តរជាតិ បានធ្លាក់ថ្លៃមកត្រឹម ១ ៧៨២.៤៦ដុល្លារអាមេរិកក្នុងមួយអោន។ ប៉ុន្តែប្រេងបានឡើងថ្លៃដល់ ៨៣.៨៧ដុល្លារអាមេរិកក្នុងមួយបារ៉ែល បើធៀបនឹងសប្ដាហ៍មុន ដោយសារការព្រួយបារម្ភពីកំណើន អត្រាអតិផរណាខ្ពស់បណ្តាលមកពី ការធ្លាក់ចុះនៃខ្សែចង្វាក់ផលិតកម្ម និងកង្វះខាតកំលាំងពលកម្ម ស្របពេលដែលតម្រូវការបន្តកើនឡើង៕