(ភ្នំពេញ)៖ ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ (AEEBF1) តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ ក្នុងគោលបំណង ដើម្បីអាចទាក់ទាញក្រុមវិនិយោគិន និងធុរជនមកពីអាស៊ី និងអឺរ៉ុប ពិនិត្យលទ្ធភាពមកបណ្តាក់ទុកវិនិយោគនៅកម្ពុជា។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការត្រៀមរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា តាមរយៈការរៀបចំ វេទិកាលំដាប់អន្តរជាតិនេះ វានឹងផ្តល់នូវ៖

* លើកកម្ពស់កិត្យានុភាព និងលើកមុខមាត់ប្រទេសកម្ពុជា លើឆាកអន្តរជាតិ
* បង្ហាញជូនបណ្តាអ្នកចូលរួមមកពីអាស៊ី និងអឺរ៉ុប បានយល់ និងស្គាល់កម្ពុជាកាន់តែច្បាស់ ជាពិសេសបានស្វែងយល់ ពីសក្តានុពលវិស័យពាណិជ្ជកម្ម និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា
* អាចទាក់ទាញក្រុមវិនិយោគិន និងធុរជនមកពីអាស៊ី និងអឺរ៉ុប ពិនិត្យលទ្ធភាពមកបណ្តាក់ទុកវិនិយោគនៅកម្ពុជា។

លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ព្រោះកម្ពុជាមានច្បាប់វិនិយោគថ្មី មានលក្ខណៈទាក់ទាញខ្លាំង តម្លៃពលកម្មទាប ប្រព័ន្ធហេដ្ឋារចនាសម័្ពន្ធរូបវ័ន្តសមស្រប មានទីផ្សារ សម្រាប់នាំចេញច្រើន (ទាំងក្រោមលក្ខខណ្ឌប្រព័ន្ធអនុគ្រោះពន្ធ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជា បានចុះរួចរាល់ជាមួយប្រទេសចិន និងគ្រោងចុះ ជាមួយកូរ៉េ នាពេលខាងមុខ) និងដទៃទៀត។

បើតាមលោករដ្ឋមន្រ្តី តាមការគ្រោងទុកវេទិកានេះ នឹងអញ្ជើញចូលរួម ដោយបណ្តាប្រទេស ជាសមាជិក ASEM មួយចំនួន មកពីអាស៊ី និងអឺរ៉ុប រួមមាន៖ ប្រទេសអាស៊ានទាំង១០ ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្រា្តលី ហុងគ្រី បារាំង ចក្រភពអង់គ្លេស រុស្ស៊ី បែលហ្ស៊ិក អេស្តូនី ព្រមទាំងមានការចូលរួម ដោយអ្នករៀបចំ គោលនយោបាយ បញ្ញាវ័ន្ត អ្នកជំនាញការ ប្រធានក្រុមហ៊ុនធំៗ ក្រុមធុរជន និងវិស័យឯកជនមកពីអាស៊ី និងអឺរ៉ុបផងដែរ។

បន្ថែមពីនោះទៀត លោក ប៉ាន សូរស័ក្តិ បានឲ្យដឹងថា ភ្ញៀវ និងអ្នកចូលរួមក្នុងកម្មវិធីវេទិកានេះ ត្រូវបានកំណត់៖

* ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ មួយចំនួនអាចអញ្ជើញចូលរួមបាន ដោយមានលិខិតអញ្ជើញ ចេញដោយក្រសួងពាណិជ្ជកម្ម និងដៃគូសហការ ព្រមទាំងផ្តល់ជូន តំណភ្ជាប់សម្រាប់ចូលរួមតាមប្រព័ន្ធវីដេអូ

* បណ្តាក្រុមហ៊ុនមកពីវិស័យឯកជន ដៃគូ និងភាគីពាក់ព័ន្ធដទៃទៀត នៅអាស៊ី និងអឺរ៉ុប អាចចូលរួមបាន ដោយតម្រូវឲ្យចុះឈ្មោះ តាមប្រព័ន្ធអនឡាញ (Online Registration) និងផ្តល់ជូនតំណភ្ជាប់ សម្រាប់ចូលរួមតាមប្រព័ន្ធវីដេអូ។

គូសបញ្ជាក់ថា វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ គឺជាព្រឹត្តិការណ៍អមក្នុងចំណោម ព្រឹត្តិការណ៍អម (Side Events) ចំនួន៧ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

ការរៀបចំកន្លងទៅ កម្ពុជាមានវេទិកាចំនួន២៖

១៖ វេទិកាធុរកិច្ចអាស៊ី-អឺរ៉ុប (Asia-Europe Business Forum-AEBF) ដែលតែងតែជាព្រឹត្តិការណ៍ អមមួយជាមួយការរៀបចំ អមនឹងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ដែលបានរៀបចំធ្វើចុងក្រោយលើកទី១៦ នៅក្នុងឆ្នាំ២០១៨ នៅទីក្រុងព្រុចស៊ែល ប្រទេសបែលហ្សិក។

២៖ វេទិកាសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (Asia-Europe Economic Forum-AEEF) ដែលជាធម្មតាមិនរៀបចំ ភ្ជាប់ជាមួយកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបទេ ហើយការរៀបចំវេទិកាសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបលើកទី១៦ ត្រូវបានធ្វើឡើងនៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំ២០១៩៕