(យ៉ាំងហ្គន)៖ ការវិនិយោគផ្ទាល់ពីបរទេសក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានទទួលរងគ្រោះដោយសារការរាតត្បាតជំងឺកូវីដ-១៩ និងបញ្ហានយោបាយ បានធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេល ៨ឆ្នាំ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់កាសែត Nikkei Asia.

កាសែត Nikkei Asia បានរាយការណ៍ថា ក្នុងគ្រាដែលលំហូររូបិយប័ណ្ណបរទេសរបស់ប្រទេសមីយ៉ាន់ម៉ាកំពុងរីងហួត មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) រំពឹងថា សេដ្ឋកិច្ចរបស់ប្រទេសក្នុងតំបន់អាស៊ីគេ្នយ៍មួយនេះបង្ហាញកំណើនអវិជ្ជមាននៅឆ្នាំក្រោយ។

កាសែតនេះបានរាយការណ៍ដោយដកស្រង់តួលេខដែលចេញផ្សាយដោយនាយកដ្ឋានរដ្ឋបាលវិនិយោគ និងក្រុមហ៊ុនថា បរិមាណវិនិយោគបរទេសសរុបដែលត្រូវបានអនុញ្ញាតក្នុងប្រទេសនេះក្នុងរយៈពេលមួយឆ្នាំគិតត្រឹមខែកញ្ញា បានធ្លាក់ចុះ ២២ភាគរយមកនៅត្រឹម ៣,៨ប៊ីលានដុល្លារ។

តួលេខនេះមិនរាប់បញ្ចូលការវិនិយោគលើគម្រោងនៅតំបន់សេដ្ឋកិច្ចពិសេសនានាឡើយ។

ក្នុងរយៈពេល ១២ខែនេះ ចំនួនគម្រោងវិនិយោគថ្មីដែលត្រូវបានអនុម័តថ្មីៗនេះ បានធ្លាក់ចុះយ៉ាងខ្លាំងមកនៅត្រឹមតែ ៤៨គម្រោងប៉ុណ្ណោះ ដែលស្នើនឹង ១ភាគ ៥នៃគម្រោងសរុបកាលពីឆ្នាំកន្លងមក។ ក្នុងចំណោមគម្រោងទាំង ៤៨នេះ គម្រោងចំនួន ៣៨ ត្រូវបានអនុម័តមុនពេលពួកយោធាដណ្តើមអំណាច។

កាសែត Nikkei Asia បានរាយការណ៍ទៀតថា ក្នុងចំណោមការវិនិយោគដែលត្រូវបានអនុម័ត បរិមាណទឹកប្រាក់សម្រាប់គម្រោងដែលពាក់ព័ន្ធនឹងថាមពលកើនឡើង ៣ដងធៀបនឹងឆ្នាំកន្លងមក ដល់ ៣,១២ប៊ីលានដុល្លារ។ កត្តានេះត្រូវបានជំរុញដោយការវិនិយោគដែលមានទឹកប្រាក់ចំនួន ២,៥ប៊ីលានដុល្លារដែលត្រូវបានអនុម័តកាលពីខែឧសភាសម្រាប់ការវិនិយោគរួមមួយលើរោងចក្រថាមពលកម្តៅឧស្ម័នធម្មជាតិ។

ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនចិនមានការចូលរួមក្នុងគម្រោងនេះ។ ក្រុមហ៊ុនទាំងនេះមានបំណងសាងសង់រោងចក្រថាមពលដែលមានសមត្ថភាពផលិតអគ្គិសនីរហូតដល់ ១,៣៩លានគីឡូវ៉ាត់។

ការវិនិយោគលើឧស្សាហកម្មផលិតម្មដែលត្រូវបានអនុម័ត ដែលជាកត្តាបង្កើតការងារដ៏ធំមួយ បានធ្លាក់ចុះ ៧៥ភាគរយធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំកន្លងទៅ មកនៅត្រឹម ២៨៦លានដុល្លារ។

ធនាគារពិភពលោកបានឱ្យដឹងថា សេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ាក្នុងរយៈពេលមួយឆ្នាំគិតត្រឹមខែកញ្ញា បានធ្លាក់ចុះ ១៨ភាគរយ។ មូលនិធិ IMF រំពឹងថា សេដ្ឋកិច្ចរបស់ប្រទេសនឹងកាន់តែដុនដាបថែមទៀត ដោយកាលពីថ្ងៃទី១២ ខែតុលា មូលនិធិបានវាយតម្លៃទម្លាក់ការព្យាករសេដ្ឋកិច្ចរបស់ប្រទេសនេះថានឹងធ្លាក់ចុះ ០,១ភាគរយសម្រាប់ឆ្នាំ២០២២ ពីការព្យាករថាមានកំណើន ១,៤ភាគរយកាលពីខែមេសា៕