(ព្រះវិហារ)៖ ក្រុមហ៊ុន ហគោលដិនរ៉ាយ (Golden Rice) នៅក្នុងឆ្នាំ២០២១នេះ បានបបន្តបញ្ជាទិញស្រូវសរីរាង្គពីប្រជាកសិករ នៅក្នុងខេត្តព្រះវិហារ តាមកិច្ចសន្យា និងបរិមាណរហូតចំនួន ១,៥០០០តោន ពីសហគមន៍ចំនួន៧ ដែលមានកសិករជាអ្នកផលិតចំនួន១,១៤០គ្រួសារ។

បើតាមលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះថា៖ «ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ក្រុមការងារសវនកម្មមកពីស្ថាប័ន ECOCERT បានបិទបញ្ចប់ការងារចុះសវនកម្មត្រួតពិនិត្យ ស្រូវសរីរាង្គតាមស្តង់ដាសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក EU/NOP ក្នុងគម្រោងកិច្ចសន្យាផលិតកម្មកសិកម្ម រវាងក្រុមហ៊ុន ហ្គោលដិនរ៉ាយ និងសហគមន៍កសិកម្មចំនួន៧ ស្តីពីការផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គ ស្ថិតក្នុងស្រុកឆែប ស្រុកជ័យសែន ក្រោមការសម្របសម្រួលពីសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ»

លោក ពឹង ទ្រីដា បានគូសបញ្ជាក់ថា៖ «ក្នុងឆ្នាំ២០២១នេះ ក្រុមហ៊ុន ហ្គោលដិនរ៉ាយ (Golden Rice) បានបញ្ជាទិញស្រូវសរីរាង្គតាមកិច្ចសន្យារហូត១,៥០០០តោន ពីសហគមន៍កសិកម្មចំនួន៧ ដែលមានកសិករផលិតចំនួន១,១៤០គ្រួសារ»

ប្រធានមន្ទីរកសិកម្មខេត្តរូបនេះ បានបន្តថា នេះជាឆ្នាំទី៣ហើយ ពោលចាប់ពីឆ្នាំ២០១៩មក ក្រុមហ៊ុនហ្គោលដិនរ៉ាយស៍ (Golden Rice) បានចុះកិច្ចសន្យាទិញស្រូវសរីរាង្គ ពីសហគមន៍កសិកម្ម ក្នុងខេត្តព្រះវិហារ និងអនុលោមតាមអនុសារណៈយោគយល់គ្នា រវាងក្រុមហ៊ុន និងសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ គឺក្រុមហ៊ុននៅតែបញ្ជាទិញស្រូវសរីរាង្គក្នុងបរិមាណមិនប្រែប្រួលទោះក្នុងស្ថានភាពជំងឺកូវីដ១៩ ក៏ដោយ។

ជាមួយគ្នានេះ លោកក៏បានថ្លែងនូវការអរគុណដល់ក្រុមហ៊ុន ពិសេសប្រជាកសិករនៅតាមសហគមន៍កសិកម្មទាំងអស់ ដែលមានភាពស្មោះត្រង់ក្នុងការផលិតស្រូវសរីរាង្គលក់ជូនក្រុមហ៊ុនតាមកិច្ចសន្យាដោយធានាបាននូវគុណភាពល្អ ពិសេសគឺមិនប្រើជីគីមី។

លោកក៏បានសម្តែងការព្រួយបារម្ភផងដែរចំពោះទីផ្សារស្រូក្នុងវឆ្នាំនេះ បើទោះបីជាការទិញ-លក់ តាមកិច្ចសន្យាក៏ដោយ ក៏មានក្រុមហ៊ុនខ្លះបញ្ជាទិញមានការចុះ ដោយមូលហេតុវិបត្តិជំងឺកូវីដ១៩ និងម្យាងទៀតការដឹកជញ្ជូន ទៅកាន់ទីផ្សារក្រៅប្រទេសមានតម្លៃថ្លៃ៕