(ភ្នំពេញ)៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ (FTA) នឹងត្រូវចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ ដែលកិច្ចព្រមព្រៀងនេះត្រូវរំពឹងថា នឹងលើកកម្ពស់កម្ពុជាការនាំចេញរបស់កម្ពុជា ទៅកូរ៉េបានកាន់តែច្រើនថែមទៀត។ នេះបើស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ។

ក្នុងជំនួបពិភាក្សាជាមួយ សភាពាណិជ្ជកម្មកូរ៉េ នាថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានលើកឡើងពីសក្តានុពលសេដ្ឋកិច្ច លក្ខខ័ណ្ឌអំណោយផល និងឱកាសវិនិយោគនៅកម្ពុជា ក្រោយពេលដែលកម្ពុជា និងកូរ៉េចុះកិច្ចសន្យាពាណិជ្ជកម្មសេរី នាថ្ងៃទី២៦ ខែតុលាខាងមុខនេះ។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងត្រូវចុះហត្ថលេខា ដោយរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ ជាមួយភាគីកូរ៉េ នៅថ្ងៃទី២៦ ខែតុលាខាងមុខនេះតាមប្រព័ន្ធអនឡាញ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ នឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីលើកទី២ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន។ កិច្ចព្រមព្រៀងនេះ នឹងលើកកម្ពស់ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសកូរ៉េបន្ថែមទៀត ក្នុងនោះមានដូចជា សំលៀកបំពាក់ និងវាយនភណ្ឌ ឧបករណ៍អេឡិចត្រូនិកជាពិសេសផលិតផលកសិកម្ម។

បើគិតត្រឹម៨ខែ ឆ្នាំ២០២១នេះ ពោលចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េ សម្រេចបានចំនួនជាង៥១៤លានដុល្លារ កើនឡើង១១.៥២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។

កម្ពុជាបាននាំចេញទៅកូរ៉េ ក្នុងទំហំទឹកប្រាក់ជាង១២៩លានដុល្លារ ដោយនាំចេញទំនិញសំខាន់ៗ មានដូចជា សំលៀកបំពាក់ គ្រឿងអេឡិកត្រូនិក ស្បែកជើង ភេសជ្ជៈ កាបូប កៅស៊ូ ឱសថ និងក្រដាសកាតុងជាដើម ។

ចំណែកការនាំចូលពីកូរ៉េវិញ មានទំហំទឹកប្រាក់ជាង៣៨៥លានដុល្លារ។ ទំនិញដែលកម្ពុជានាំចូលពីកូរ៉េច្រើនបំផុតមានដូចជា៖ ក្រណាត់ត្បាញ រថយន្តដឹកទំនិញ ភេសជ្ជៈ គ្រឿងអេឡិកត្រូនិក គ្រឿងម៉ាស៊ីន វត្ថុតុបតែងលម្អផ្ទះ ឱសថ សាប៊ូ និងផលិតផលប្លាស្ទិកជាដើម។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១រួច ភាគីទាំង២ ត្រូវបំពេញលក្ខខណ្ឌផ្ទៃក្នុងរៀងៗខ្លួន។ កិច្ចព្រមព្រៀងនេះត្រូវឆ្លងគណៈរដ្ឋមន្ត្រី បន្ទាប់មកឆ្លងទៅរដ្ឋសភា ព្រឹទ្ធសភា មុននឹងឡាយព្រះហស្តលេខា ដោយព្រះមហាក្រត្សនៃកម្ពុជា។

លោកបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងត្រូវដាក់ឲ្យប្រើប្រាស់ នៅឆ្នាំ២០២២ខាងមុខ ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-ចិន ដែលត្រូវដាក់ឲ្យប្រើប្រាស់នៅដើម ឆ្នាំ២០២២៕