(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ដែលជាស្ថាប័នដ៏សំខាន់របស់កម្ពុជា ក្នុងការប្រមូលពន្ធចូលថវិកាជាតិ បានចេញវិធានការរៀងៗខ្លួន ដើម្បីពង្រឹងការកៀរគរចំណូលពន្ធ ឲ្យសម្រេចទៅតាមផែនការ។
នៅរយៈពេល៩ខែ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករ បានប្រមាណជា ២,១១១លានដុល្លារ ស្មើនឹង៩៤.១២% នៃច្បាប់ថវិកាជាតិ ឆ្នាំ២០២១ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០ ឃើញថា ថយចុះប្រមាណ១៣៥លានដុល្លារ ស្មើនឹង -៦.០៥%។
ដោយឡែក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅរយៈពេល៩ខែឆ្នាំនេះ ប្រមូលចំណូលបានចំនួន ៦,៨៨១.៤ ប៊ីលានរៀល ស្មើនឹង ១,៦៩៩.១លានដុល្លារសម្រេចបាន ៧១.៩% នៃច្បាប់ថវិកាជាតិ ធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២០ ថយចុះប្រមាណ៦.៨%។
តួលេខនៃការប្រមូលពន្ធ របស់ស្ថាប័នធំៗទាំង២ឃើញថា មានការធ្លាក់ចុះបន្តិច។
ដើម្បីពង្រឹងការអនុវត្តការងារប្រមូលចំណូលពន្ធ អគ្គនាយកដ្ឋានពន្ធដារបានដាក់ចេញ នូវវិធានការគោលនយោបាយ និងរដ្ឋបាលសារពើពន្ធ ដែលរួមមាន វិធានការសំខាន់ៗ ដូចខាងក្រោម៖
១៖ ពង្រឹងការអនុវត្តកាតព្វកិច្ច ដំឡើងឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិអាល់កុល របស់សហគ្រាសផលិតក្នុងស្រុក, ពង្រឹងការគ្រប់គ្រងប្រមូលពន្ធ និងអាករគ្រប់ប្រភេទ ជាពិសេសចំណូលអាករពិសេស លើស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ដែលនឹងចាប់ផ្តើមអនុវត្ត ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះតទៅ
២៖ អនុវត្តឲ្យមានប្រសិទ្ធភាព នូវការគ្រប់គ្រងប្រមូលចំណូលពន្ធចំពោះសកម្មភាព នៃការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ដែលធ្វើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក
៣៖ អនុវត្តការគ្រប់គ្រងការប្រមូលចំណូលពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២១ ដែលត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១
៤៖ បន្តពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលបានដាក់ឲ្យអនុវត្តជាបន្តបន្ទាប់
៥៖ ផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់សេវាពន្ធដារ តាមប្រព័ន្ធអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ
៦៖ ពង្រឹងការអនុវត្តការកត់ត្រាបំណុលពន្ធ ការប្រមូលបំណុលពន្ធ និងវិធានការតឹងទារបំណុលពន្ធ ជាពិសេសបំណុលពន្ធធំៗ ដែលមានសក្តានុពលដោយកំណត់ ជាបំណុលអាទិភាព និងសហគ្រាសស្ថិតក្នុងវិស័យដែលមិនបានរងផលប៉ះពាល់ដោយសារការរីករាតត្បាតនៃជំងឺកូវីដ ១៩
៧៖ បន្តពង្រឹងការគ្រប់គ្រងសហគ្រាស ស្នើសុំផ្អាកបណ្តោះអាសន្ន ឬស្នើសុំបើកដំណើរការឡើងវិញ ដោយមានវិធានការចុះពិនិត្យដល់ទីតាំងសហគ្រាសផ្ទាល់ តាមដានការដាក់លិខិតប្រកាស និងពង្រឹងការធ្វើសវនកម្មលើលិខិតស្នាម
៨៖ បន្តនិងខិតខំពង្រឹងការផ្តល់សេវាជូនអ្នកជាប់ពន្ធ ដែលជាកត្តាសំខាន់ធ្វើឲ្យប្រសើរឡើងនូវវប្បធម៌ពន្ធដារ
៩៖ បន្តការងារកែទម្រង់ធនធានមនុស្ស ដោយជំរុញ និងខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធនិងការគ្រប់គ្រងប្រមូលចំណូលពន្ធ។
សមិទ្ធិផលថ្មីៗនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងសេវាជូនអ្នកជាប់ពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ ជាវិធានការបុរេសកម្មឆ្លើយតប ទៅនឹងបញ្ហាប្រឈម និងការលំបាកនានាក្នុងបរិបទ នៃការរីករាតត្បាតនៃជំងឺកូវីដ-១៩។
ចំពោះអគ្គនាយកដ្ឋានគយ និងរដ្ឋាករវិញ លោក គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានណែនាំបន្ថែមដល់មន្រ្តីក្រោមឱវាទទាំងអស់ឲ្យយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងការកៀរគរចំណូល ប្រកបដោយភាពសកម្មដោយប្រើអស់សក្តានុពលបញ្ញា និងស្មារតីក្នុងការ៖
១៖ ពង្រឹងអនុលោមភាពការបំពេញបែបបទបញ្ចេញទំនិញពីគយ
២៖ ពង្រឹងប្រសិទ្ធភាពការងារបច្ចេកទេសគយ
៣៖ បន្តការងារបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងបន្លំពន្ធទាំងនៅដើមទី កណ្តាលទី និងចុងទីលើទំនិញចម្រុះដូចភ្លៀងរលឹម និងបន្ថែសកម្មភាពបង្ការ និងបង្រ្កាបអំពើរត់ពន្ធរថយន្តតាមតំបន់ជាប់ព្រំដែនជាមួយប្រទេសវៀតណាម និងប្រទេសថៃ
៤៖ ផ្តល់សេវាល្អ និងរហ័សជូនធុរជនពាក់ព័ន្ធ
៥៖ បន្តអនុវត្តការងារសវនកម្មគយ តាមបណ្តាសហគ្រាសមួយចំនួនជាជំហានៗ
៦៖ ពង្រឹងការងារគ្រប់គ្រងហានិភ័យ
៧៖ ជំរុញកិច្ចសម្រួលពាណិជ្ជកម្ម
៨៖ លើកកម្ពស់អភិបាលកិច្ចល្អក្នុងអង្គភាព
៩៖ ពិនិត្យ និងរៀបចំតារាងពន្ធគយសម្រាប់ឆ្នាំ២០២២ជាដើម៕