(បាងកក)៖ ប្រទេសជាសមាជិកអាស៊ានគ្រោងនឹងពិនិត្យមើលឡើងវិញនូវបទប្បញ្ញត្តិស្តីពីការប្រកួតប្រជែងពាណិជ្ជកម្ម ខណៈមានការកើនឡើងក្តីបារម្ភ អំពីហេដ្ឋាសម្ព័ន្ធអាជីវកម្ម ដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដែលជំរុញដោយការរាតត្បាតជំងឺកូវីដ-១៩។ នេះបើយោងតាមសេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីលោក Sakon Varunyuwatana ប្រធានការិយាល័យគណៈកម្មការប្រកួតប្រជែងពាណិជ្ជកម្មរបស់ប្រទេសថៃថា ប្រទេសជាសមាជិកទាំង១០ របស់សមាគមអាស៊ាន បានមើលឃើញដូចគ្នាថា ប្រតិបត្តិករអាជីវកម្មក្នុងប្រទេសទាំងនេះ ជាពិសេសសហគ្រាសធុនតូច និងធុនមធ្យម (SMEs) បានជួបប្រទះការផ្លាស់ប្តូររចនាសម្ព័ន្ធអាជីវកម្មយ៉ាងលឿនដោយសារការរាតត្បាតជំងឺកូវីដ-១៩។

លោក Sakon ដែលបានចូលរួមក្នុងកិច្ចប្រជុំលើកទីមួយរបស់ប្រធានការិយាល័យប្រកួតប្រជែងពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ានតាមរយៈវីដេអូខុនហ្រ្វឺរែននៅសប្តាហ៍នេះ បានថ្លែងថា SMEs នៅអាស៊ានកំពុងរងផលប៉ះពាល់ពីការភាពរីកចម្រើនរបស់ផ្លែតហ្វមអនឡាញ និងពាណិជ្ជកម្មអេឡិចត្រូនិច។ លោកបានបន្ថែមថា ក្តីបារម្ភមួយទៀតគឺការកើនឡើងការច្របាច់បញ្ចូលគ្នានិងការទិញភាគហ៊ុន (M&A) ដោយក្រុមហ៊ុនធំៗនិងមានប្រាក់ច្រើននៅក្នុងតំបន់។

កាលពីឆ្នាំ២០០៧ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចមកពីតំបន់អាស៊ាន បានអនុម័តបង្កើតក្រុមអ្នកជំនាញអាស៊ានទទួលបន្ទុកការប្រកួតប្រជែងមួយ ដើម្បីធ្វើជាអាជ្ញាធរផ្លូវការសម្រាប់សមាគមនេះ ដែលក្រុមអ្នកជំនាញនេះរួមមានអ្នកតំណាងមកពីការិយាល័យប្រកួតប្រជែងពាណិជ្ជកម្មរបស់រដ្ឋសមាជិកទាំងអស់។

លោក Sakon បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា កិច្ចប្រជុំលើកទីមួយនេះបានឯកភាពបង្កើនសៀវភៅណែនាំមួយ ដើម្បីគ្រងគ្រងសេដ្ឋកិច្ចឌីជីថល ពីព្រោះផ្លែតហ្វមអនឡាញមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអាជីវកម្មក្នុងស្រុកជាច្រើននៅក្នុងតំបន់អាស៊ាន។ កាលបរិច្ឆេទកំណត់សម្រាប់ការបញ្ចប់សៀវភៅណែនាំនេះគឺនៅឆ្នាំក្រោយ។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ទៀតថា អាស៊ានមានផែនការដាក់ជូនសៀវភៅណែនាំស្តីពីការប្រកួតប្រជែងពាណិជ្ជកម្មនេះ ទៅកាន់កិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំក្រោយ។

លោក Sakon បានបន្ថែមថា សមាជិកអាស៊ានត្រូវការគោលការណ៍ណែនាំផ្ទាល់របស់ខ្លួន ដើម្បីគ្រប់គ្រង M&A ដោយសារការកើនឡើងចក្ខុវិស័យ M&A ក្នុងតំបន់អាស៊ាន ហើយប្រទេសនានាក៏ចំាបាច់ត្រូវកសាងសមត្ថភាពខ្លួនឯងផងដែរ ដើម្បីបង្កើនប្រសិទ្ធភាពការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែងពាណិជ្ជកម្ម។

ពាណិជ្ជកម្មអេឡិចត្រូនិចនៅអាស៊ានមានតម្លៃ ១០០ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ កើនឡើងពី ៣២ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០១៥។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕