(ភ្នំពេញ)៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ ចិនឈរនៅលំដាប់លេខ១ ដែលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ ដោយមានទំហំទឹកប្រាក់វិនិយោគជាង ២ពាន់លានដុល្លារ ខណៈកាលពីឆ្នាំ២០២០ ចិនឈរនៅលំដាប់ទី៣ និងឆ្នាំ២០១៩ ឈរនៅលំដាប់ទី២។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ឲ្យដឹងថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២១ ក្នុងចំណោមប្រទេសចំនួន១០ ដែលមកវិនិយោគនៅកម្ពុជា ប្រទេសចិន បានឈរនៅលំដាប់ទី១ ដែលមកវិនិយោគនៅកម្ពុជា ក្នុងទឹកប្រាក់ប្រមាណ២.២ពាន់លានដុល្លារ មានចំណែក ៦៥.៨៩% នៃការវិនិយោគសរុប។

ចំណែកកម្ពុជា ស្ថិតក្នុងលេខ២ ដែលមានចំណែកវិនិយោគ ២០.៧៤% មានទឹកប្រាក់ជិត៧០០លានដុល្លារ។ បន្ទាប់មកគឺប្រទេស ខេមិន អាយលែន, ប្រីដធីស វឺរជីន អាយលែន, ជប៉ុន, ថៃ, សីស្ហែល (Seychelles), សិង្ហបុរី និងប្រទេសកូរ៉េខាងត្បូង។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានប្រាប់ Fresh News នៅថ្ងៃទី១៣ ខែតុលានេះ ដោយព្យាករណ៍ថា នាពេលខាងមុខសន្ទុះនៃការវិនិយោគរបស់ចិននៅកម្ពុជានៅតែខ្ពស់ ដោយសារចិន ជាដៃគូគ្រប់ជ្រុងជ្រោយរបស់កម្ពុជា ដែលធ្វើឱ្យចិននៅតែឈានមុនលើការវិនិយោគនៅកម្ពុជា។ ហើយប្រទេសមួយទៀត ដែលលោករំពឹងថា នឹងមកវិនិយោគនៅកម្ពុជាបន្ទាប់ពីចិន គឺជប៉ុន ដែលកំពុងតែដើរតួនាទីយ៉ាងសកម្ម ក្នុងការមកបោះទុនវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យឧស្សាហកម្មធុនមធ្យម។

លោកកត់សម្គាល់ឃើញថា កន្លងមកវិស័យដែលចិន មកវិស័យច្រើនជាងគេ គឺវិស័យឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ ស្បែកជើង និងកាបូប ការធ្វើដំណើរសម្រាប់នាំចេញទៅអឺរ៉ុប និងសហរដ្ឋអាមេរិក, វិស័យសំណង់ វិស័យទេសចរណ៍ វិស័យកសិកម្មជាដើម។ ប៉ុន្តែនិន្នាការថ្មីៗនេះ ចិនហាក់ចង់ងាកចេញពីវិស័យកាត់ដេរ ដោយបង្វែរលើការវិនិយោគ លើឧស្សាហកម្មធុនមធ្យម ដូចជាការផលិតគ្រឿងចក្រ សំបកកង់ឡាន ក្រដាស និងកសិកម្មច្រើនជាង។

លោកបានពន្យល់យ៉ាងដូច្នេះថា «ចិនបានងាកមួយចំនួនមកហើយ ប៉ុន្តែខ្ញុំមិនទាន់បានជារបាយការណ៍ ខ្ញុំសង្កេតឃើញវិស័យផលិតកង់រថយន្ត វិស័យកសិកម្ម ដូចជាការដាំចេកអំបូងលឿង ឬក៏វិស័យកសិកម្មផ្សេងៗ និងមួយទៀតផលិតក្រដាស ឃើញថាចិនកំពុងជំរុញការងារហ្នឹង។ ខ្ញុំចង់និយាយថា ទាំងអស់នោះហើយ គឺជាគោលបំណងរបស់រាជរដ្ឋាភិបាល យើងចង់បាន ព្រោះថាជំហានទៅមុខវិស័យកាត់ដេររបស់កម្ពុជា ក៏យើងដំណើរការ ការបោះទុនទៅលើវិស័យកាត់ដេរសំលៀកបំពាក់ផ្សេង ឬក៏កាបូប ឧបករណ៍ដំណើរកម្សាន្តមិនមែនថា ធ្វើតែប្រទេសយើងទេ ប្រទេសចិនក៏គេធ្វើច្រើន ប្រទេសបង់ក្លាដេស ប្រទេសភូមា ប្រទេសឡាវ វៀតណាម ក៏គេធ្វើច្រើនដែរ អីចឹងទំនិញទាំងអស់នេះ សុទ្ធតែជាទំនិញប្រកួតប្រជែងខ្ពស់ នៅក្នុងទីផ្សារអន្តរជាតិ ប៉ុន្តែអ្វីដែលជាការបោះទុន គេសំលឹងលើ EBA ឬ GSP ដែរ។ ខ្ញុំគិតថា វាអាចនឹងថមថយនៅពេលណាមួយ ជាពិសេសនៅពេលដែល EBA ឬ GSP គេដក ឬកាត់បន្ថយបន្តិចម្តងៗ អីចឹងបាននិយោគិនចិនងាក ទៅវិស័យឧស្សាហកម្មធុនមធម្យម ឬធុនធ្ងន់បានកាន់តែច្រើន ប្រទេសយើងល្អហើយ អាចមានលំនឹងសេដ្ឋកិច្ចរយៈពេលយូរ»។

សូមជម្រាបផងដែរថា រយៈពេល៩ខែ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ សរុបចំនួន១៣៤គម្រោង សរុបទុនវិនិយោគជាង ៣ ៣៥៨លានដុល្លារ ថយចុះ៥៤គម្រោងបើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០ មាន១៨៨គម្រោងទុនវិនិយោគ ៦ ៤៤២លានដុល្លារ។
សម្រាប់វិស័យដែលវិនិយោគនៅរយៈពេល៩ខែឆ្នាំនេះរួមមាន៖ កសិកម្ម និងកសិឧស្សាហកម្ម មានចំនួន១២គម្រោង, ឧស្សាហកម្ម មានចំនួន១១១គម្រោង, ទេសចរណ៍មានចំនួន២គម្រោង និងហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ មានចំនួន៩គម្រោង៕