(ភ្នំពេញ)៖ យោងតាមទិន្នន័យកត់ត្រា ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ឲ្យដឹងថា នៅក្នុងខែកញ្ញា ឆ្នាំ២០២១នេះ ខ្លួនបានអនុម័តគម្រោង វិនិយោគថ្មីៗចំនួន១០ ដែលមានទុនវិនិយោគសរុបចំនួនជាង៦៤.៥លានដុល្លារអាមេរិក បង្កើតបានការងារថ្មី រាប់ពាន់កន្លែង។
ការអនុម័តគម្រោងវិនិយោគថ្មីៗនេះ សបញ្ជាក់ឲ្យឃើញថា ទោះបីកម្ពុជាជួបប្រទះនូវវិបត្តិ នៃការរីករាលដាលនៃជំងឺកូវីដ១៩ ក្តី ក៏កម្ពុជានៅតែទាក់ទាញ នូវការវិនិយោគថ្មីៗបន្ថែមទៀតផងដែរ។
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
ទី១៖ ក្រុមហ៊ុន FLOURISH GARMENT (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៤១៤កន្លែង។
ទី២៖ ក្រុមហ៊ុន NEW T&K TEXTILE CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,៣០០កន្លែង។
ទី៣៖ ក្រុមហ៊ុន YUAN SHEN TAI CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៩៧៨កន្លែង។
ទី៤៖ ក្រុមហ៊ុន FORTUNE BROAD FOOTWEAR CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ស្ថិតនៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៣.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១,០២៨កន្លែង។
ទី៥៖ ក្រុមហ៊ុន KINWAY (CAMBODIA) INTELLIGENT HOME FURNISHING MANUFACTURER CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម (ពីស្បែក និងឈើនាំចូល) ស្ថិតនៅផ្លូវជាតិលេខ២ ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ២.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន២០៨កន្លែង។
ទី៦៖ ក្រុមហ៊ុន MOUNTAIN FOREST PRODUCT CO., LTD គម្រោងបង្កើតរោងចក្រផលិតក្តាបន្ទះ ក្តាប៉ាកេ គ្រឿងសង្ហារឹម គ្រឿងបង្គុំគ្រឿងសង្ហារឹម សម្ភារៈតុបតែងពីបន្ទះឈើ និងដុំកម្ទេចឈើ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ២លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន១៦៥កន្លែង។
ទី៧៖ ក្រុមហ៊ុន KINGMALL INDUSTRIAL (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតទ្វា បង្អួច និង ផលិតផលធ្វើអំពីអាលុយមីញ៉ូម ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ៥.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន១២០កន្លែង។
ទី៨៖ ក្រុមហ៊ុន CAMBODIAN BIRCHEVER FURNITURE CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ៧.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៩០កន្លែង។
ទី៩៖ ក្រុមហ៊ុន XIN XINGLE LEATHER PRODUCTS CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ស្ថិតនៅភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៣.១លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន៦១៨កន្លែង។
ទី១០៖ ក្រុមហ៊ុន SOLAR LONG PV-TECH (CAMBODIA) CO., LTD ម្រោងបង្កើតរោងចក្រផលិត និងផ្គុំតម្លើងងបន្ទះសូឡា និងគ្រឿងបង្គុំ ស្ថិតនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស ភ្នំពេញ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន៣០លានដុល្លារអាមេរិក និងបង្កើតការងារ បានចំនួនប្រមាណ៥០០កន្លែង៕