(ប៉េកាំង)៖ ប្រទេសចិននឹងបង្កើនកូតាផលិតកម្មលោហៈរ៉ែកម្រចំនួន ២០% នៅឆ្នាំនេះ ខណៈដែលប្រទេសមហាអំណាចមួយនេះងាកទៅរកការរក្សាស្ថិរភាពចង្វាក់ផ្គត់ផ្គង់ផលិតកម្ម។ នេះបើយោងតាមកាសែត Nikkei Asia។

កាសែតនេះបានរាយការណ៍ថា ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន និងក្រសួងធនធានធម្មជាតិរបស់ប្រទេសចិនបានប្រកាសថា ចិនបច្ចុប្បន្ននឹងផលិតរ៉ែកម្រ ចំនួន ១៦៨.០០០តោន។ កាលពីថ្ងៃកុម្ភៈ ឆ្នាំនេះ ក្រុមមន្ត្រីចិនបានប្រកាសកូតាផលិតកម្មរ៉ែកម្រចំនួន ៨៤.០០០តោនសម្រាប់ឆមាសទី១ ឆ្នាំនេះ ហើយឆមាសទីពីរនឹងត្រូវរក្សាក្នុងបរិមាណដដែល។

ការដំឡើងកូតានេះនឹងជាការដំឡើងរយៈពេល ៤ឆ្នាំជាប់គ្នា ដែលបច្ចុប្បន្នកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន។

រ៉ែកម្រគឺជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្មបច្ចេកវិទ្យា រាប់ចាប់ពីការប្រើប្រាស់ក្នុងម៉ូទ័ររថយន្តអគ្គិសនីរហូតដល់ទូរស័ព្ទដៃទំនើប ទូរទស្សន៍ និងផ្កាយរណប។ ប្រទេសចិនគឺជាប្រភពរ៉ែកម្រ ៦០% នៃរ៉ែកម្រពិភពលោក។ រ៉ែកម្រក៏អាចប្រើប្រាស់ក្នុងយន្តហោះដ្រូនយោធា និងគ្រាប់មីស៊ីលផងដែរ។

ក្រុមហ៊ុនផលិតកម្មជប៉ុនដែលត្រូវការរ៉ែកម្រសម្រាប់ចង្វាក់ផលិតកម្មរបស់ខ្លួនតែងតែងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់លើកូតាផលិតកម្មរបស់ចិនរៀងរាល់ឆ្នាំ។

កាលពីខែមករា ឆ្នាំនេះ រដ្ឋាភិបាលចិនបានប្រកាសសេចក្តីព្រាងច្បាប់មួយដែលត្រូវបានបង្កើតឡើងដើម្បីរឹងបន្តឹងការគ្រប់គ្រងលើឧស្សាហកម្មរ៉ែកម្រ។ ច្បាប់នេះ និងការបង្កើនទិន្នផលរ៉ែកម្រ នឹងប្រឆាំងទៅនឹងសម្ពាធរបស់អាមេរិក៕