(បាងកក)៖ ប្រទេសថៃកំពុងសម្លឹងឆ្ពោះទៅរកការទាក់ទាញភ្ញៀវទេសចរជនជាតិឥណ្ឌាក្នុងអំឡុងពេលលម្ហែកាយខាងមុខ ដើម្បីជំរុញសេដ្ឋកិច្ចរបស់ប្រទេសដែលពឹងផ្អែកលើទេសចរណ៍របស់ខ្លួន ដែលទទួលរងគ្រោះដោយសារការបាត់បង់ភ្ញៀងទេសចរដ៏ច្រើនមកពីប្រទេសផ្សេងៗរួមទាំងចិនផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័តមាន Bloomberg។
Bloomberg បានរាយការណ៍ដោយដកស្រង់សំដីលោកស្រី Somsong Sachaphimukh ប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃខណៈថ្លែងថា ឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃ រំពឹងថា ភ្ញៀវទេសចរឥណ្ឌានឹងបន្តធ្វើដំណើរកម្សាន្តក្នុងទ្រង់ទ្រាយធំនៅខែក្រោយនេះក្នុងអំឡុងបុណ្យសាសនាហិណ្ឌូឌីវ៉ាលី (Diwali)។ កត្តានេះគួរតែជួយជំរុញវិស័យទេសចរណ៍ថៃឱ្យរស់ឡើងវិញ ខណៈដែលប្រទេសនេះមានផែនការលើកលែងការធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួចចាប់ពីថ្ងៃទី១ ខែវិច្ឆិកាតទៅ។
លោកស្រី Somsong បានថ្លែងក្នុងសន្និសីទអនឡាញមួយថា ដោយរំពឹងថា ការធ្វើដំណើរកម្សាន្តក្រៅប្រទេសរបស់ជនជាតិនឹងមិនកើតមានឡើងឆាប់ៗនោះ ប្រទេសថៃកំពុងផ្តល់ក្តីសង្ឃឹមលើអ្នកធ្វើដំណើរមកពីប្រទេសផ្សេងទៀត ដើម្បីទាញយកប្រយោជន៍ពីការបន្ធូរបន្ថយវិធានរឹតបន្តឹងដើម្បីទប់ស្កាត់កូវីដ-១៩ របស់ខ្លួនសម្រាប់ភ្ញៀវទេសចរ។ ភ្ញៀវទេសចរឥណ្ឌាដែលជាប់ចំណាត់ថ្នាក់លេខបីបន្ទាប់ពីភ្ញៀវទេសចរចិន និងម៉ាឡេស៊ីមុនពេលមានការរាតត្បាតជំងឺកូវីដ-១៩ អាចធ្វើដំណើរកម្សាន្តជាថ្មីម្តងទៀតទៅកាន់ប្រទេសថៃសម្រាប់វិស្សមកាល សន្និសីទ និងរៀបអាពាហ៍ពិពាហ៍។
អ្នកស្រីមានប្រសាសន៍ថា៖ «បើថៃមានផែនការបើកចំហរប្រទេស និងទីតាំងទេសចរណ៍ជាច្រើនរបស់យើងឡើងវិញក្នុងខែវិច្ឆិកា បុណ្យឌីវ៉ាលីនៅឆ្នាំនេះអាចជាឱកាសដ៏អស្ចារ្យមួយ។ ភ្ញៀវទេសចរឥណ្ឌាមានអំណាចចំណាយច្រើន និងមានសក្តានុពលខ្លាំង»។
ទីភ្នាក់ងារព័តមាន Bloomberg បានរាយការណ៍ថា ភ្ញៀវទេសចរឥណ្ឌាអាចចំណាយចន្លោះពី ២៧.០០០បាត (៨០០ដុល្លារ) ទៅ ៧៦.០០០បាត (២.២៤០ដុល្លារ) ក្នុងការដើរកម្សាន្តម្តងទៅកាន់ប្រទេសថៃ ហើយទិសដៅសម្រាប់អាពាហ៍ពិពាហ៍អាចបង្កើតប្រាក់ចំណូលពី ១០លានបាតទៅ ១២០លានបាតសម្រាប់ឧស្សាហកម្មសណ្ឋាគារ និងសេវាកម្ម។
ទិន្នន័យផ្លូវការបានបង្ហាញថា នៅឆ្នាំ២០១៩ ភ្ញៀវទេសចរជនជាតិឥណ្ឌាជិត ២លាននាក់បានទៅទស្សនាប្រទេសថៃ ដែលបានបង្កើតប្រាក់ចំណូលពាក់ព័ន្ធនឹងទេសចរណ៍ចំនួន ៨០ពាន់លានបាត (ប្រហែល ២,៣៥ពាន់លានដុល្លារ)។ នៅឆ្នាំ២០១៩ ថៃបានស្វាគមន៍ភ្ញៀវទេសចរជិត ៤០លាននាក់ដែលបានបង្កើតប្រាក់ចំណូលជាង ៦០ ពាន់លានដុល្លារ។ សម្រាប់ឆ្នាំ២០២១នេះ ថៃទទួលបានភ្ញៀវទេសចរតែ ៧៣.៩៣២នាក់ប៉ុណ្ណោះក្នុងរយៈពេល ៨ខែដំបូងក្នុងឆ្នាំនេះធៀបនឹងចំនួន ៥សែននាក់កាលពីឆ្នាំ២០២០៕