(ភ្នំពេញ)៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានកែសម្រួលរយៈពេលស្តុកកុងតឺន័រ រហូតដល់មួយសប្តាហ៍ ដើម្បីចូលរួមចំណែកក្នុងកិច្ចសម្របសម្រួល ពាណិជ្ជកម្មរបស់ធុរជន ក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ក្នុងគោលដៅសម្រួល ដល់ការធ្វើធុរកិច្ច និងការធ្វើពាណិជ្ជកម្មរបស់ធុរជន។
សេចក្តីជូនដំណឹងរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានចេញកាលពីពេលថ្មីៗនេះ បានសម្រេចកែសម្រួល រយៈពេលស្តុកកុងតឺន័រនាំចេញ ដោយអនុគ្រោះមិនគិតថ្លៃស្តុករយៈពេល៥ថ្ងៃ មកអនុគ្រោះមិនគិតថ្លៃស្តុករយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃដែលកុងកុងតឺន័រ ចូលដល់ទីលានរហូតដល់ថ្ងៃនាវាចេញដំណើរ ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ។ ប៉ុន្តែបើហួសពីរយៈពេលកំណត់ខាងលើ ចាប់ពីថ្ងៃទី៨ គឺគិតថ្លៃស្តុកចំនួន១ថ្ងៃ និងកំណើនជាលំដាប់តាមចំនួនថ្ងៃស្តុក។
ការសម្រេចបន្ធូបន្ថូយនេះ ត្រូវបានអ្នកនាំចេញទំនិញបានសម្តែងការសាទរ ហើយថាការកែសម្រួលនេះ នឹងជួយសម្រួលទៅផ្នែកពាណិជ្ជកម្ម កាត់បន្ថយការចំណាយរបស់វិស័យឯកជន។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែកញ្ញានេះថា ការបន្ធូបន្ថយរយៈពេលស្តុកកុងតឺន័រ ដោយឥតគិតថ្លៃពី៥ថ្ងៃ មក៧ថ្ងៃនេះ នឹងជួយកាត់បន្ថយទៅលើការចំណាយរបស់ម្ចាស់ទំនិញ។
លោកបន្តថា ទោះបីជាការអនុគ្រោះមិនមានចំនួនច្រើនក៏ដោយ តែបានរួមចំណែកជួយសម្រួល ទៅផ្នែកពាណិជ្ជកម្ម កាត់បន្ថយការចំណាយ និង ផ្តល់ផលចំណេញទៅដល់ខាងវិស័យឯកជន និងរោងចក្រ ឬខាងម្ចាស់ផលិតកម្មដែលត្រូវនាំចេញទំនិញ។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញរូបនេះ បានឱ្យដឹងថា ជាធម្មតាប្រសិនបើកុងតឺន័រស្តុកលើសរយៈពេលកំណត់ក្នុងមួយថ្ងៃ ត្រូវបង់ថ្លៃ៣.៣ដុល្លារក្នុងមួយថ្ងៃ សម្រាប់កុងតឺន័រទំហំ២០ហ្វីត និងទំហំ៤០ហ្វីត ត្រូវបង់ ៦.៦ដុល្លារក្នុងថ្ងៃ។
យោងតាមរបាយការណ៍ប្រចាំត្រីមាសទី២ឆ្នាំ២០២១ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានចំណូលសរុបចំនួន ១៦៧ ១៤៨ ៦៦៧ ០០០ រៀល ស្មើនឹងប្រមាណជាង៤០លានដុល្លារ កើនឡើង ១៣.៤៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០៕