(ភ្នំពេញ)៖ ៩ខែឆ្នាំនេះ កម្ពុជាទទួលបានចំណូលជាង៤៩ពាន់លានរៀល ឬប្រមាណ១២លានដុល្លារ ពីការលក់ផ្លាកលេខឡានពិសេស និងពិសេសផ្ទាល់ខ្លួន ថយចុះ៤.២៨% បើធៀបនឹងឆ្នាំ២០២០ ដែលទទួលបានចំណូល ៥២ពាន់លានរៀល ដែលចូលរួមជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ។
នេះបើតាមលោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងគ្រប់គ្រង ការលក់ផ្លាកលេខពិសេស ដែលបានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន Fresh News ក្នុងកម្មវិធីផ្សាយផ្ទាល់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានឈ្មោះថា «MPWT LIVE SHOW» នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ។
លោកស្រីបានបញ្ជាក់ថា ថវិកាទាំងនោះត្រូវដាក់បញ្ចូលក្នុងថវិកាជាតិ និងមួយផ្នែកទៀតផ្តល់ការលើកទឹកចិត្តដល់មន្រ្តីរាជការ ចូលរួមចំណែកដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ក្រសួងសាធារការ និងដឹកជញ្ជូន និងកម្មវិធីសប្បុរសធម៌ផ្សេងៗ។
«សូមថ្លែងអំណរគុណដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ តែងតែពេញចិត្តនឹងទទួលសេវា របស់ក្រសួងសាធារណៈការនឹងដឹកជញ្ជូន និងចូលរួមចូលជាវ និងទិញលេខពិសេស និងពិសេសផ្ទាល់ខ្លួន ធ្វើឱ្យលេខពិសេស និងពិសេសផ្ទាល់ខ្លួន មានកំណើនជាបន្តបន្ទាប់ប្រចាំឆ្នាំ។ ចំពោះការជ្រើសរើស ក៏ដូចជាជម្រើសរបស់បងប្អូនប្រជាពលនេះ បានចូលចំណែកយ៉ាងធំដល់កំណើនសេដ្ឋកិច្ចជាតិ។ នេះគឺជាចំនួនមួយ ដែលមានការចូលរួមធំរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការជួយទិញនូវលេខពិសេស និងលេខពិសេសផ្ទាល់ខ្លួន»។ លោកស្រី កុយ សុដានី បញ្ជាក់បន្ថែម។
បើតាមលោកស្រី កុយ សុដានី ការលក់លេខពិសេស បានចាប់ផ្តើមឡើងតាំងពីឆ្នាំ២០១៦ ដែលទល់នឹងពេលនេះលក់បាន ១៧៩,០៣៤ផ្លាក ទទួលបានថវិកាប្រមាណ ១៨៦,៣១២,៦៣០,៨០០ រៀល ស្នើនឹង ៤៦,៥៧៨,១៥៨ ដុល្លារ និងផ្លាកលេខពិសេសផ្ទាល់ខ្លួន លក់បានចំនួន ៧,៥៧៨ ផ្លាក ទទួលបានចំណូលថវិកា ៥៩,៩១២,៦០២,៧០០ រៀល ស្មើនឹង ១៤,៩៧៨,១៥១ដុល្លារ៕