(ភ្នំពេញ)៖ ការកែច្នៃម្ហូបខ្មែរឱ្យមានភាពសម្បូរបែប ក៏ផ្នែកមួយនៃការជួយជំរុញឱ្យភ្ញៀវមកកម្សាន្តនៅកម្ពុជា ប្រសិនបើមានការកែច្នៃបែបថ្មី ប្លែកនោះភ្ញៀវនឹងកាន់តែចង់ភ្លក្ស និងយកទៅផ្សព្វផ្សាយបន្ត។ នេះជាការលើកឡើងរបស់ អនុប្រធានសមាគមសណ្ឋាគារ លោកស្រី ខៃ ចិន្តា។

ការលើកឡើងរបស់អនុប្រធានសមាគមសណ្ឋាគាររូបនេះ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា គ្រោងបើកទ្វារទទួលភ្ញៀវទេសចរអន្តរជាតិ នាចុងឆ្នាំនេះ ស្របពេលប្រតិបត្តិករទេសចរណ៍មួយចំនួន បានត្រៀមខ្លួនរួចជាហើយ ក្នុងការអភិវឌ្ឍន៍ និងកែច្នៃផលិតផលទេសចរណ៍របស់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស ដែលនឹងមកលេងកម្សាន្តនៅកម្ពុជា។

ក្រៅពីពង្រឹងទៅលើគុណភាពសេវាដឹកជញ្ជូន ស្តង់ដារអនាម័យសុវត្ថិភាព និងការបង្កើនកម្មវិធីកម្សាន្តប្លែក នៅតាមតំបន់ទេសចរ លោកស្រីជំរុញឲ្យម្ចាស់ភោជនីយដ្ឋាន និងកន្លែងលក់ម្ហូបអាហារ បង្កើនការកែច្នៃម្ហូបអាហារ ឱ្យមានភាពសម្បូរបែបជាលក្ខណៈខ្មែរ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស និងលើកតម្កើងអត្តសញ្ញាណម្ហូបខ្មែរ។

លោកស្រីបន្តថា កម្ពុជាមានម្ហូបជាច្រើនដែលភ្ញៀវបរទេស មិនដែលមានឱកាសបានភ្លក្ស ហើយកន្លងមកភោជនីយដ្ឋានភាគច្រើនលក់ម្ហូបធម្មតា ដូចជាឆា ស្ងោរ ចៀន ដែលជាម្ហូបខ្មែរបែបសាមញ្ញៗ ហាក់មិនបានកែច្នៃឱ្យទាក់ទាញនោះទេ។

«កែច្នៃម្ហូបអាហារ ឱ្យមានភាពសម្បូរបែប ភាពខុសប្លែកពីអាហារដទៃ គឺទាក់ទាញ ភ្ញៀវទេសចរបរទេសច្រើន ព្រោះពេលដែលធ្វើដំណើរកម្សាន្ត មានការស្នាក់នៅ មានមធ្យោបាយដឹកជញ្ជូន មានកម្មវិធីដើរកម្សាន្ត និងមានម្ហូបអាហារ។ ចំណុចនេះគឺសំខាន់ណាស់ សម្រាប់ភ្ញៀវទេសចរ បើយើងមានម្ហូបតិចតួចមុខពេក សម្រាប់បម្រើជូនភ្ញៀវ ភ្ញៀវអត់មានទាក់ទាញទេ។ ភ្ញៀវឱ្យតែថ្មី គាត់អត់ដែលហូបអត់ដែលភ្លក្ស គាត់ចង់ភ្លក្សណាស់ គាត់ចង់បានបទពិសោធន៍ ហើយដល់ពេកឆ្ងាញ់គាត់យកទៅអួតគ្នាហើយ»