(បាងកក)៖ ប្រតិបត្តិករអាជីវកម្មក្នុងខេត្តមួយចំនួន ដែលនឹងបើកចំហរឡើងវិញ ក្នុងពេលឆាប់ៗនេះ បានជំរុញឱ្យរដ្ឋាភិបាលថៃ ដាក់ចេញផែនការច្បាស់លាស់ និងចុងក្រោយ ដើម្បីទាក់ទាញភ្ញៀវទេសចរត្រលប់មកវិញ ក្នុងអំឡុងពេលរដូវដែលមានភ្ញៀវទេសចរ មកទស្សនាច្រើននៅពេលខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃនេះ។
លោកស្រី Charintip Tiyaphorn ត្រូវបានកាសែតបាងកកប៉ុស្តិ៍ដកស្រង់សំដី ខណៈលោកស្រីថ្លែងថា «បន្ទាប់ពីទទួលបានការអនុម័តណាមួយ យុទ្ធនាការទីផ្សារនឹងត្រូវការយ៉ាងហោចណាស់រយៈពេលមួយខែ ដើម្បីបង្កើតឱ្យមានតម្រូវការ ដូច្នេះប្រតិបត្តិករ និងភ្នាក់ងារទេសចរណ៍បរទេសចង់ឃើញមានសេចក្តីប្រកាសផ្លូវការមួយ ដើម្បីគ្រប់គ្រងការកក់សេវាធ្វើដំណើរកម្សាន្ត នៅរដូវមានភ្ញៀវទេសចរច្រើន»។
មានជើងហោះជាប្រចាំពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដែលគ្រោងនឹងហោះហើរទៅកាន់ព្រលានយន្តហោះខេត្តក្រាប៊ី នៅថ្ងៃទី៣១ ខែតុលា ហើយនឹងមានជើងហោះហើរមកពីតំបន់ស្គែនឌីណាវៀន (Scandinavian) នៅអឺរ៉ុបខាងជើងនៅថ្ងៃទី១ ខែវិច្ឆិកា។ តំបន់នេះស្គែនឌីណាវៀន រួមមានប្រទេសដាណាម៉ាក ន័រវែស និងស៊ុយអ៊ែត និងប្រទេសមួយចំនួនទៀត។
អ្នកស្រីបានបន្ថែមថា ផែនការបើកដំណើការដ៏រឹងមាំមួយ នឹងធានាដល់ភ្ញៀវទេសចរអំពីការធ្វើដំណើរទៅកាន់ខេត្តក្រាប៊ី ខណៈដែលជើងហោះហើរអន្តរជាតិអាចដំណើរឡើងវិញតាមផែនការ។នេះយើយោងតាមកាសែតបាងកកប៉ុស្តិ៍។
កាលពីថ្ងៃចន្ទ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ (CCSA) របស់ប្រទេសថៃបានអនុម័តការបើកដំណើរការឡើងវិញបន្ថែមទៀត និងការបន្ធូរបន្ថយរយៈពេលធ្វើចត្តាឡីស័កមកនៅត្រឹម ៧ថ្ងៃ សម្រាប់ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួច និងទទួលបានលទ្ធផលតេស្តរហ័សអវិជ្ជមាននៅពេលមកដល់។
លោក Pongsakorn Ketprapakorn ប្រធានក្រុមប្រឹក្សាទេសចរណ៍របស់កោះផាងង៉ា បានថ្លែងថា បទប្បញ្ញត្តិច្បាស់លាស់របស់រដ្ឋាភិបាលថៃ នឹងអនុញ្ញាតឱ្យប្រតិបត្តិករទេសចរណ៍ចាប់ផ្តើម ដាក់ដំណើរការផែនការធ្វើទីផ្សារ ខណៈដែលអ្នកធ្វើដំណើរពីទីផ្សារផ្លូវឆ្ងាយ អាចរៀបចំផែនការធ្វើដំណើរជាមុនបាន។
លោកថ្លែងថា មានការភាន់ច្រឡំជុំវិញការបើកដំណើរការឡើងវិញនេះ ដែលចាំបាច់ត្រូវមានការពិភាក្សាគ្នា ក្នុងចំណោមទីភ្នាក់ងារទេសចរណ៍ ដើម្បីបញ្ជាក់ឱ្យបានកាន់តែច្បាស់លាស់ ដូចជាថាតើភ្ញៀវទេសចរអាចធ្វើដំណើរ រយៈពេលមួយថ្ងៃទៅកាន់ខេត្តផ្សេងទៀត ឬអត់ក្នុងអំឡុងរយៈពេល ៧ថ្ងៃដំបូងនៃការមករបស់ពួកគេ។
លោក Ratchaporn Poolsawadee ប្រធានសមាគមទេសចរណ៍កោះសាមុយ បានថ្លែងប្រាប់កាសែតបាងកកប៉ុស្តិ៍ថា ការបន្ធូរបន្ថយផែនការបើកដំណើរការឡើងវិញ នឹងជួយបង្កើតតម្រូវការធ្វើដំណើរទៅកាន់កោះនេះ ខណៈដែលអត្រាស្នាក់នៅរបស់សណ្ឋាគារថ្មីៗនេះមានអត្រាតែ ១៥% ប៉ុណ្ណោះ៕