(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចពន្យារពេលបង់ពន្ធលើអចលនទ្រព្យ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ដើម្បីផ្តល់ លទ្ធភាពជូនម្ចាស់អចលនទ្រព្យដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធនេះ ប៉ុន្តែមិនទាន់បានមកបង់ពន្ធដោយមូលហេតុនៃការរីករាលដាលជំងឺកូវីដ១៩ អាចមកបង់ពន្ធបានទាន់ពេលវេលា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ កញ្ញានេះ។
តាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា រហូតដល់ពេលនេះម្ចាស់អចលនទ្រព្យជាច្រើនបានមកបង់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០២១ ប៉ុន្តែនៅមានម្ចាស់អចលនទ្រព្យមួយចំនួនទៀត នៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធប្រភេទនេះនៅឡើយទេ។ បើតាមច្បាប់ និងបទប្បញ្ញត្តិ ម្ចាស់អចលនទ្រព្យត្រូវមានកាតព្វប្រកាសពន្ធនេះ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣១ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ ប្រសិនបើខកខាន នឹងត្រូវទទួលរងទោសទណ្ឌស្របតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។
ជាមួយគ្នា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសបង្កភាពងាយស្រួល និងចំណេញពេលវេលា ម្ចាស់អចលនទ្រព្យទាំងអស់អាចប្រកាស និងបង់ពន្ធលើអចលនទ្រព្យតាមកម្មវិធីទូរសព្ទដៃ GDT Taxpayer App ដែលអាចទាញយកកម្មវិធីនេះបានពី Appstore ឬ Playstore។
អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមថា ក្នុងអំឡុងពេលនៃការពន្យារបង់ពន្ធ ម្ចាស់អចលនព្រទ្យទាំងអស់នឹងរួសរាន់មកប្រកាសពន្ធបានទាន់ពេលវេលា៕