(ភ្នំពេញ)៖ វិស័យឯកជនកំពុងសម្លឹងឃើញឱកាស នាំចេញផលិតផលកសិកម្មជាច្រើនប្រភេទ ទៅកាន់ទីផ្សារមជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង បន្ទាប់ពីសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) បើកដំណើរការផ្លូវការ «កម្មវិធីបេសកកម្មនៃការនាំចេញទៅកាន់តំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើងតាមប្រព័ន្ធឌីជីថល» ឬកម្មវិធីទីផ្សារម្រេចតាមប្រពន្ធ័ឌីជីថល។
ទីផ្សារថ្មីតំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង ជាការបើកផ្លូវដល់ក្រុមហ៊ុនកែច្នៃរបស់កម្ពុជា ក្នុងការនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារ និងបានស្គាល់ទីផ្សារអន្តរជាតិកាន់តែច្រើន ព្រមទាំងធ្វើឱ្យពាណិជ្ជករកម្ពុជា មានទំនាក់ទំនងជាមួយដៃគូ បញ្ជាទិញបរទេសកាន់តែច្រើនថែមទៀត។
លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា «ការបើកដំណើរការកម្មវិធីបេសកកម្មនៃ ការនាំចេញទៅកាន់តំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង តាមប្រព័ន្ធឌីជីថល ជាសញ្ញាល្អមួយបង្ហាញពីការរួមគ្នារវាងវិស័យឯកជន និងវិស័យសាធារណៈ ក្នុងការធ្វើពិពិធកម្មទីផ្សារ និងផលិតផលខ្មែរ ទៅកាន់ទីផ្សារគោលដៅ ដែលរួមចំណែកនាំយករូបិយប័ណ្ណបរទេស មកចាក់បញ្ចូលក្នុងចរន្តសេដ្ឋកិច្ចជាតិ»។
លោកបានបន្ថែមថា សកម្មភាពនេះបានដើរស្របគ្នា ជាមួយផែនការសកម្មភាពរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការផ្សព្វផ្សាយ និងជំរុញការលក់ផលិតផលខ្មែរ ទៅក្រៅប្រទេស។
លោក ចាន់ ពេជ្រ អនុប្រធានសហព័ន្ធម្រេច និងគ្រឿងទេសបានឲ្យដឹងថា នេះជាឱកាសក្នុងការជំរុញវិស័យកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារអន្ដរជាតិ ពិសេសទីផ្សារនៃមជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង តាមរយៈក្រុមហ៊ុនកែច្នៃផលិតផលកសិកម្ម ដោយសារតែពេលនេះ ជារដូវកាលនៃជំងឺកូវីដ១៩ ដូច្នេះការតាំងពិព័រណ៍ផ្សេងៗត្រូវបានរឹតត្បិត ជាហេតុធ្វើឲ្យមិនអាចជួបជុំកម្មវិធី និងការធ្វើដំណើរ ដូច្នេះបានជាត្រូវងាកមកប្រើប្រាស់ នូវប្រព័ន្ធអនឡាញវិញ ហើយទីផ្សារម្រេចតាមប្រពន្ធ័ឌីជីថលជាការផ្សព្វផ្សាយ ពីផលិតផលកសិកម្ម និងគ្រឿងទេសផ្សេងៗទៅកាន់ទីផ្សារអន្ដរជាតិ។
លោកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន RICHFARM ASIA បានថ្លែងថា កម្មវិធីទីផ្សារម្រេចតាមប្រពន្ធ័ឌីជីថលនេះ បានជួយដល់ផលិតផលកម្ពុជា ដែលកំពុងមានសក្ដានុពល ទាំងផលិតផលស្រស់ និងផលិផលកែច្នៃ ព្រមទាំងគ្រឿងទេសផ្សេងៗ ទៅកាន់ឆាកអន្ដរជាតិ។ តាមរយៈការជួបផ្ទាល់រវាងអ្នកលក់ និងអ្នកទិញតាមប្រព័ន្ធអនឡាញ ដែលពីមុនមកយើងមិនដែលមាននោះទេ ហើយនេះជាជំហានដំបូង ក្នុងការបើកបង្ហាញផ្សព្វផ្សាយ ផលិតផលមានសក្ដានុពលនៅកម្ពុជា ទៅកាន់ទីផ្សារមជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង។
លោកឧកញ៉ាន្ថែមថា ពិព័រណ៍នេះជាការផ្សព្វផ្សាយផលិតផលកម្ពុជា ដោយផ្ទាល់ទៅកាន់ទីផ្សារមជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង នេះហៅថា ការធ្វើពាណិជ្ជកម្មតាមបច្ចេកវិទ្យាអនឡាញ ដោយមិនចាំបាច់បញ្ជូនប៉ាន់ផលិតផល ទៅដោយផ្ទាល់នោះឡើយ។
លោកបានបន្ថែមថា «សម្រាប់ខ្ញុំគិតថា កម្មវិធីនេះជាកម្មវិធីថ្មី និងល្អបំផុតក្រុមហ៊ុនខ្ញុំ ដោយសារតែកម្មវិធីនេះលឿនរហ័ស មានភាពងាយស្រួលទាំងអ្នកលក់ និងអ្នកទិញដែលអាចឲ្យអ្នកលក់-អ្នកទិញ ជួបប្រាស្រ័យគ្នាតាមប្រព័ន្ធអនឡាញបាន។ បន្ថែមពីនេះអាចបង្ហាញអំពីប្រវត្តិក្រុមហ៊ុន, ផលិតផលផ្សេង ព្រមទាំងតម្លៃទៀតផងរវាងគ្នា និងគ្នាផងដែរ»។
លោក ស៊ាង ថៃ បានបញ្ជាក់បន្ថែមថា ដើម្បីទទួលជោគជ័យលើបេសកកម្មនេះ និងដើម្បីរក្សាដៃគូពាណិជ្ជកម្ម និងទីផ្សារសហគ្រាស និងក្រុមហ៊ុនដែលចូលរួមក្នុងកម្មវិធីនេះ ត្រូវប្រកាន់នូវគោលការណ៍សំខាន់៤ គឺទំនិញត្រូវមាន៖
១៖ គុណភាពខ្ពស់។
២៖ សុវត្ថិភាព និងស្តង់ដារអនាម័យ។
៣៖ ការវេចខ្ចប់ប្រកបដោយសោភ័ណភាព។
៤៖ មានតម្លៃសមរម្យ អាចប្រកួតប្រជែងបាន ព្រមទាំងត្រូវមានភាពស្មោះត្រង់, ខិតខំផ្គត់ផ្គង់ទំនិញឲ្យទាន់ពេលវេលាជាដើម៕