(ភ្នំពេញ)៖ សហរដ្ឋអាមេរិក បានបើកការិយាល័យរបស់ក្រសួងកសិកម្ម (USDA) ដំបូងរបស់ខ្លួននៅកម្ពុជា ដើម្បីទ្រទ្រង់ពាណិជ្ជកម្មទាក់ទងនឹងវិស័យកសិកម្ម ដែលកំពុងមានកំណើនរវាងប្រទេសទាំងពីរ។
តាមរយៈការបើកការិយាល័យនេះត្រូវបានឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា យល់ឃើញថា ជាចំណុចមួយ ដែលល្អសម្រាប់ការធ្វើទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេស គឺការធ្វើពាណិជ្ជកម្ម ផលិតផលកសិកម្ម។
មិនតែប៉ុណ្ណោះ ឧកញ៉ា សុង សារ៉ន សម្លឹងឃើញថា តាមរយៈការបើកការិយាល័យនេះ គឺអាចជួយឲ្យផ្នែកកសិកម្មកម្ពុជា ទទួលបានផលិតផល ផ្នែកបច្ចេកវិទ្យា ពីសហរដ្ឋអាមេរិក មកប្រើប្រាស់សម្រាប់វិស័យកសិកម្មកម្ពុជា។
ការិយាល័យនេះនឹងជំរុញឲ្យវិស័យកសិកម្មកម្ពុជា កាន់តែធ្វើទំនើបកម្ម កាន់តែបានលឿនជាងមុន ស្របតាមគោលនយោបាយឧស្សាហកម្ម កម្ពុជា៤.០ និងពង្រីកលទ្ធភាពឲ្យវិស័យឯកជន របស់ប្រទេសទាំងពីរ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការវិនិយោគ លើវិស័យកសិកម្ម កាន់តែច្រើនបន្ថែមទៀត។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៨ ខែកញ្ញានេះ ឧកញ៉ា សុង សារ៉ន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថា ការបើកការិយាល័យកសិកម្ម របស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា គឺជាចំណុចមួយដែលល្អ សម្រាប់ការធ្វើទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសការធ្វើពាណិជ្ជកម្មផលិតផលកសិកម្ម»។
លោកថា សហរដ្ឋអាមេរិក គឺជាទីផ្សារមួយដ៏ធំ សម្រាប់ទំនិញទូទៅ រួមទាំងកសិកម្ម ប៉ុន្តែសហរដ្ឋអាមេរិក ក៏ជាប្រទេសផលិតកសិកម្ម មួយយ៉ាងធំផងដែរ ហើយក៏ជាប្រទេសនាំចេញកសិកផលជាច្រើន តែការធ្វើពាណិជ្ជកម្ម គឺជាការផ្លាស់ប្តូរនូវទំនិញទៅវិញទៅមក។
ឧកញ៉ាជឿជាក់ថា តាមរយៈការិយាល័យនេះ នឹងបង្កើតនូវកិច្ចសហប្រតិបត្តិការជាច្រើន ដែលអាចជួយដល់ផ្នែកកសិកម្មកម្ពុជា ឲ្យមានប្រសិទ្ធភាពទិន្នផលខ្ពស់ តាមរយៈការផ្តល់នូវជំនួយក្នុងគម្រោងនានា។
ការិយាល័យកសិកម្ម របស់សហរដ្ឋអាមេរិកនៅកម្ពុជា ជាលើកដំបូងនេះ ក៏នឹងអាចធ្វើឲ្យផលិតផលកសិកម្មកម្ពុជា មានបទដ្ឋានស្តង់ដារខ្ពស់ ហើយនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក បានកាន់តែច្រើនជាងមុនផងដែរ។
សូមជម្រាបថា ការិយាល័យរបស់ក្រសួងកសិកម្ម (USDA) ត្រូវបានបើកដំណើរការនៅសប្តាហ៍មុន ស្ថិតក្នុងស្ថានទូតអាមេរិក ដែលមានភារកិច្ចជួយទ្រទ្រង់កិច្ចសហការ និងពាណិជ្ជកម្មទ្វេភាគី ផ្នែកកសិកម្ម សម្រាប់ផលប្រយោជន៍ប្រទេសទាំង២៕