(ភ្នំពេញ)៖ រាជរដ្ឋាភិបាល គ្រោងនឹងបើកដំណើរការសេដ្ឋកិច្ចឡើងវិញ នាពេលខាងមុខ ដែលជំហានដំបូងចាប់ផ្តើមដំណើរការក្នុងវិស័យអប់រំ ហើយនៅចុងឆ្នាំ នឹងបើកទទួលភ្ញៀវទេសចរបរទេសចាក់វ៉ាកសាំងបង្ការជំងឺកូវីដរួចរាល់ ដែលនឹងជួយដល់វិស័យទេសចរណ៍ និងបុគ្គលិកក្នុងវិស័យនេះ ហើយនឹងបន្តបើកវិស័យផ្សេងៗបន្តបន្ទាប់ទៀត។
ការបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា នឹងអាចជួយសម្រាលបន្ទុករដ្ឋាភិបាល ក្នុងការផ្តល់ការឧបត្ថម្ភសាច់ ដល់ជនរងគ្រោះរងផលប៉ះពាល់វិបត្តិកូវីដ១៩ ព្រោះតែប្រជាពលរដ្ឋអាចមានលទ្ធភាពរកចំណូលឡើងវិញ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ក្នុងពេលរីករាលដាលនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានផ្តល់ថវិកាសម្រាប់ចែកជូនដល់ពលរដ្ឋរងគ្រោះ ដែលធ្វើឱ្យចរន្តសេដ្ឋកិច្ចមិនមានភាពជាប់គាំង និងបានជួយដល់ ដំណើរការសហគ្រាសធុនតូច និងមធ្យម និងការលក់ដូរតូចតាចនៅតែអាចបន្តអាជីវកម្មបាន។ ប៉ុន្តែការបន្តឧបត្ថម្ភនេះ នឹងមិនធ្វើបានរយៈពេលវែងបាននោះទេ ហេតុនេះរដ្ឋត្រូវតែជំរុញការបើកសេដ្ឋកិច្ចឡើងវិញ ព្រោះនៅពេលសេដ្ឋកិច្ចបើកដំណើរការឡើងវិញ នឹងជួយសម្រាលបន្ទុកដល់រដ្ឋ ដែលមិនចាំបាច់ក្នុងការបើកប្រាក់ឧបត្ថម្ភដល់ពលរដ្ឋបន្តទៀត ហើយរដ្ឋក៏អាចយកថវិកានោះ ទៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។
លោកសង្កេតឃើញថា បច្ចុប្បន្ននេះដំណើរបើកការសេដ្ឋកិច្ច បានបោះជំហានទៅមុខបន្តិចម្តងៗហើយ ក្នុងលក្ខណៈស្ទាបស្ទង់ ដែលសញ្ញាណល្អមួយ មិនធ្វើឱ្យជាប់គាំងផ្នែកសេដ្ឋកិច្ចទីផ្សារ ដែលអាចនឹងធ្វើឱ្យជីវភាពប្រជាពលរដ្ឋមានជីវភាពធូរធាឡើងវិញ ជាពិសេសប្រជាពលរដ្ឋ ដែលរកមួយថ្ងៃសម្រាប់ហូបមួយថ្ងៃ។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ក្នុងពេលរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋបានឧបត្ថម្ភធនដល់ទាំងពលរដ្ឋក្រីក្រ និងបុគ្គលិកនិយោជិត ក្នុងវិស័យកាត់ដេរ រួមនឹងវិស័យទេសចរណ៍ ដែលធ្វើឱ្យរដ្ឋចំណាយថវិកាជាតិច្រើនដោយឥតព្រៀងទុក ខណៈដែលរដ្ឋក៏ផ្អាកយកពន្ធបណ្តោះអាសន្នដល់វិស័យមួយចំនួនផងដែរ។ នៅពេលដែលកម្ពុជា ចាប់ផ្តើមដំណើរការសេដ្ឋកិច្ចឡើងវិញ រដ្ឋនឹងទទួលបានប្រាក់ចំណូលបន្ថែមពីវិស័យផ្សេងៗ ដែលបានបើកដំណើរ អាជីវកម្មរបស់ខ្លួនវិញ ស្របពេលដែលនយោជិត ចូលបម្រើការងារឡើងវិញនោះ អាចនឹងធ្វើឱ្យបន្ទុករបស់រដ្ឋកាន់តែធូរស្បើយ សល់ថវិកាយកទៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិនិយោគសាធារណៈផ្សេង ដើម្បីជួយឱ្យសង្គមជាតិកាន់តែរីកចម្រើន។
តែយ៉ាងណា លោកនៅតែចង់រដ្ឋបន្តកម្មវិធីឧបត្ថម្ភធន ដល់ពលរដ្ឋក្រីក្រដែលផលប៉ះពាល់ ឬជនចាស់ជរា និងអ្នកដែលបានបាត់បង់និតិសម្បទាផ្សេងៗ ដែលជាការជួយគ្នាទៅវិញទៅមក។
លោកលើកឡើងយ៉ាងដូច្នេះថា «ស្រេចតែការសម្រេចចិត្តជាថ្មីរបស់រាជរដ្ឋាភិបាល ថាតើយើងត្រូវបន្ត ឬក៏យ៉ាងម៉េចទៀតនេះ គ្រាន់តែជាការយល់ឃើញរបស់ខ្ញុំ ខ្ញុំគិតថាប្រសិនបើសេដ្ឋកិច្ចកម្ពុជារីកចម្រើនប្រសើរឡើង ហើយវិស័យផ្សេងៗមានដំណើរការល្អ រដ្ឋយើងមានចំណូលសមស្រប ខ្ញុំគិតថារដ្ឋនៅតែបន្ត និងមានស្មារតីនៅតែជួយប្រជាជនទាំងអស់ ទាំងងាយរងគ្រោះ ឬរងផលប៉ះពាល់ផ្សេងៗ»។
តាមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ក្នុងរយៈពេលមួយឆ្នាំកន្លះមកនេះ ក្នុងពេលដែលកម្ពុជាជួបវិបត្តិជំងឺកូវីដ១៩ រដ្ឋាភិបាលបានចំណាយថវិកាប្រមាណជិត៤០០លានដុល្លារអាមេរិក ដើម្បីអន្តរាគមន៍ជួយ ពលរដ្ឋក្រីក្រ និងអ្នកដែលរងគ្រោះដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ប្រមាណជិត៧០ម៉ឺនគ្រួសារ។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ជាយន្តការមួយដែលរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តកាលពីខែមិថុនា ឆ្នាំ២០២០ ដែលពលរដ្ឋអាចទទួលបានប្រាក់ចន្លោះ២៤០០០រៀល ទៅ១២០០០០រៀលក្នុងមួយខែ ទៅតាមប្រភេទប័ណ្ណក្រីក្រ។
លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងថា ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ រាជរដ្ឋាភិបាលធ្វើការសម្រេច សម្រាប់រយៈពេល៣ខែម្តង បន្ទាប់មកនឹងធ្វើការពិនិត្យ និងវាយតម្លៃលើស្ថានភាពនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់ជាក់ស្តែងលើជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងគ្រួសារគោលដៅ មុននឹងសម្រេចបន្ត ឬមិនបន្តអនុវត្តកម្មវីធិនេះទៀត។
លោកបន្ថែមថា កន្លងមកចាប់ពីការប្រកាសជាផ្លូវការនាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ មក ការសម្រេចអនុវត្តកម្មវិធីនេះ ដោយរាជរដ្ឋាភិបាលត្រូវបានធ្វើឡើងចំនួន៦ លើករួចមកហើយ ហើយអភិក្រមនេះ នឹងនៅបន្តរហូតដល់មានការសម្រេចជាថ្មី៕