(ភ្នំពេញ)៖ រយៈពេល៨ខែ ឆ្នាំ២០២១នេះ កម្ពុជារកចំណូលបាន៣២៦លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។
របាយការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា «ចំណូលសរុបពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ គិតចាប់ពីដើមឆ្នាំរហូតមកដល់ខែសីហា ឆ្នាំ២០២១ មានចំនួន៣២៦ ៣៣៨ ៧២៨.៨៤ដុល្លារ»។
ចំពោះបរិមាណនៃការនាំចេញ៨ខែឆ្នាំនេះ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន១៩៤ ៥២៥តោន កើនឡើងចំនួន១៤ ៦០៥តោន ស្មើនឹង៨% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន៤ ៣៧៩ម៉ែត្រគូប។
សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម ចាប់ពីដើមឆ្នាំរហូតមកដល់ខែសីហា ឆ្នាំ២០២១ ថ្លៃ១ ៦៧៣ដុល្លារ ក្នុងមួយតោន បានកើនឡើងចំនួន៣៨៦ដុល្លារ ក្នុងមួយតោន ស្មើនឹង៣០% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
លោក ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ បានឲ្យដឹងថា តម្លៃកៅស៊ូនាពេលបច្ចុប្បន្ន ឃើញថា តម្លៃចំពោះកសិករ នៅមានការចំណេញនៅឡើយ។ សម្រាប់ក្រុមហ៊ុនធំៗ មានការជួបលំបាកខ្លះៗ ដោយសារការចំណាយលើរដ្ឋបាលខ្ពស់ ប៉ុន្តែមិនដល់ថ្នាក់ខាតបង់នោះទេ។
លោកអគ្គនាយកអះអាងថា «បើបៀបធៀបនឹងដំណាំដទៃឃើញថា ដំណាំកៅស៊ូ គឺស្ថិតនៅក្នុងដំណាំមួយ ដែលមានភាពល្អប្រសើរ»។
គូសបញ្ជាក់ថា ឆ្នាំ២០២០ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង ៣៥ម៉ឺនតោន ទទួលបានចំណូលជាង ៤៨២លានដុល្លារ។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕