(ភ្នំពេញ)៖ ដើម្បីបន្តការគាំទ្រយ៉ាងសកម្ម ដល់រដ្ឋាភិបាលកម្ពុជា ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ អំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងជាពិសេស ដើម្បីចូលរួមគាំទ្រដំណើការធុរកិច្ចកម្ពុជា ប្រកបដោយនិរន្តរភាព ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នា២០២១ បានសហការជាមួយសហគ្រិនខ្មែរ ដើម្បីបង្កើនការអនុវត្តសកម្មភាព ក្នុងភាពជាដៃគូសហការក្នុងគោលដៅ ចូលរួមលើកកម្ពស់ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
ស្ថិតក្រោមកិច្ចសហប្រតិបត្តិការនេះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងសហគ្រិនខ្មែរ បានប្តេជ្ញាថា នឹងរួមគ្នាផ្តល់ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈ (១) ការចូលរួមក្នុងសកម្មភាព និងកម្មវិធីដែលរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ឬសហគ្រិនភាពនៅកម្ពុជា (២) ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា នឹងផ្តល់ឥណទានដោយគ្មានវត្ថុបញ្ចាំ រហូតដល់ ៥០.០០០ ដុល្លារអាមេរិក ដល់សហគ្រាសធុនតូច និងមធ្យម ណាដែលទទួលបានជ័យលាភី ចំណាត់ថ្នាក់ A និង B ក្នុងការប្រកួតប្រជែងក្នុងកម្មវិធី ដែលបានរៀបចំឡើងដោយសហគ្រិនខ្មែរ និងត្រូវបានសហគ្រិនខ្មែរ ណែនាំមកទទួលឥណទាន នៅធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (៣) ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងពួតដៃគ្នាជាមួយសហគ្រិនខ្មែរ ដើម្បីធ្វើការលើកកម្ពស់ និងបង្កើនលទ្ធភាពទទួល បានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (៤) ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងសហគ្រិនខ្មែរ នឹងធ្វើសកម្មភាពផ្សព្វផ្សាយរួមគ្នា ដើម្បីចែករំលែកព័ត៌មាន ស្តីពីលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
លោក លឹម អូន អគ្គនាយកនៃធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានលើកឡើងថា «ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បាននឹងកំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុ ប្រកបដោយភាពទាក់ទាញ រួមមានការផ្តល់ឥណទាន ដែលមានតម្លៃទាប និងលក្ខខណ្ឌអនុគ្រោះ ដែលផ្តល់ភាពងាយស្រួលនៅលើទីផ្សារ។ នៅចំពោះមុខ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា មានផែនការអភិវឌ្ឍបណ្តាញចែកចាយ ឱ្យបានទូលំទូលាយបន្ថែមទៀត សម្រាប់អតិថិជនគោលដៅ និងដើម្បីផ្តល់ភាពងាយស្រួល ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ។ ធនាគារនឹងវិនិយោគបន្ថែម លើការបើកសាខាថ្មី និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ជាពិសេសការចាប់ដៃគូ សហការជាមួយស្ថាប័នផ្សេងៗ ក្នុងគោលបំណងបំរើសេវាកម្ម ជូនដល់អតិថិជនដែលជាសហគ្រាសធុនតូច និងមធ្យម ឱ្យបានកាន់តែល្អប្រសើរ»។
លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានថ្លែងថា «ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងសហគ្រិនខ្មែរ និងធនគារសហគ្រាសធុនតូច និងមធ្យម ជាព្រឹត្ដិការណ៍ដ៏សំខាន់មួយ នៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដែលកិច្ចសហប្រតិបត្ដិការនេះ នឹងពង្រឹងការគំាទ្រដល់សហគ្រិន, ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជា ក្នុងការទទួលបានហរិញ្ញប្បទាន។ លើសពីនេះទៅទៀត សហគ្រិនខ្មែរ ក៏សូមលើកទឹកចិត្ដធនាគារពាណិជ្ជទាំងអស់ ក្នុងការគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយការទទួលបានហិរញ្ញប្បទាន ឲ្យបានប្រសើរជាងមុន, សម្រួលនីតិវិធី និងមានលក្ខន្ដិកអំណោយផល សម្រាប់តម្រូវការហិរញ្ញប្បទាន របស់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម ដែលកិច្ចការនេះនឹងចូលរួមចំណែក ក្នុងការស្ដារឡើងវិញនូវសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា»។
លោក លឹម អូន បានបន្ថែមទៀតថា «ជាក់ស្តែង នៅពេលនេះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសហគ្រិនខ្មែរ ដើម្បីរួមចំណែកក្នុងការកសាងសហគ្រិនភាព ជាពិសេសការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រិន ក៍ដូចជាសហគ្រាសធុនតូច និងមធ្យម ដែលធ្លាប់ទទួលបានការបណ្តុះបណ្តាលពីសហគ្រិនខ្មែរ ឱ្យមានលទ្ធភាពចាប់ផ្តើម និងពង្រីកអាជីវកម្មរបស់ខ្លួនបានដោយជោគជ័យ»។
លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់ ក្នុងការទទួលបានហិរញ្ញប្បទានសម្រាប់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមដើម្បីពង្រីកប្រតិបត្ដិការអាជីវកម្មរបស់ខ្លួន ដែលរឿងនេះនៅបន្ដជាឧបសគ្គចំបងមួយ ក្នុងចំណោមឧបសគ្គផ្សេងៗ នៅក្នុងប្រទេសកម្ពុជា។ ដោយគួបផ្សំនឹងការបណ្ដុះបណ្ដាលសមត្ថភាព សហគ្រិនខ្មែរសង្ឃឹមថា ការសម្របសម្រួលក្នុងការទទួលបានហិរញ្ញប្បទានប្រសើរជាងមុន នឹងជួយធ្វើឲ្យប្រសើរឡើងនូវអេកូឡូស៊ីធុរកិច្ច ក្នុងប្រទេសកម្ពុជា។
ក្នុងនាមជាធនាគារពាណិជ្ជ និងជាធនាគារគោលនយោបាយផង ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា តែងតែខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការអនុវត្តរាល់សកម្មភាព ដើម្បីផ្តល់ភាពងាយស្រួលដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបានឥណទាន ដែលមានតម្លៃសមរម្យ។
សហគ្រិនខ្មែរជាស្ថាប័នក្រោម ចំណុះក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ដែលធ្វើការគាំទ្រប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពក្នុងប្រទេសកម្ពុជា។ សហគ្រិនខ្មែរក៏ធ្វើការជាមួយដៃគូ និងភាគីពាក់ព័ន្ធផ្សេងៗក្នុងការពង្រឹងភាពប្រកួតប្រជែង និងនវានុវត្ដន៍របស់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម៕