(ភ្នំពេញ)៖ លោក អ៉ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានប្រាប់មកបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ កម្ពុជាចម្រាញ់រ៉ែមាស បានប្រមាណ៥២២គីឡូក្រាមហើយ ក្រោយប្រតិបត្ដិការ៣ខែ ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។
ក្រុមហ៊ុនដែលទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា លើការរុករករ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី គឺក្រុមហ៊ុនវិនិយោគ Renaissance Minerals (Cambodia) Ltd ដែលជាក្រុមហ៊ុន របស់ប្រទេសអូស្ដ្រាលី។
លោក អ៉ឹង ឌីប៊ូឡា បានបញ្ជាក់យ៉ាងដូច្នេះថា «គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited ចម្រាញ់រ៉ែមាស ចំនួន៤៦ដុំ ដែលស្មើនឹងប្រមាណ៥២២គីឡូក្រាម»។
បើតាមលោក អ៉ឹង ឌីប៊ូឡា យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុននេះ បានបំពេញបែបបទតាមនីតិវិធីគយ និងបាននាំចេញដុំមាសចំនួន៧ជើង ស្មើនឹងទំងន់ប្រមាណ២៤៧គីឡូក្រាម ដើម្បីយកទៅបន្សុទ្ធ ជាមាសទឹក៩៩.៩៩% នៅប្រទេសអូស្ត្រាលី។
លោក អ៉ឹង ឌីប៊ូឡា បានឲ្យដឹងទៀតថា តម្លៃមាសនៅក្នុងទីផ្សារអន្តរជាតិ មានការផ្លាស់ប្តូរជារៀងរាល់ថ្ងៃ ហើយចំពោះតម្លៃមាស នៅថ្ងៃទី២៥ ខែកញ្ញានេះ គឺ១៧៥០.៨៧ដុល្លារអាមេរិក ក្នុង១អោនមាស។ បើគិតជាគីឡូស្មើនឹង ៥៤,៤៥៩.០៦ដុល្លារ។
ចំពោះតម្លៃមាស នៅក្នុងទីផ្សារក្នុងស្រុកវិញ ត្រូវបានលោក អ៊ឹង ឌីប៊ូឡា បញ្ជាក់ឲ្យដឹងថា អាចមានភាពខុសគ្នាបន្តិចបន្តួច។
គូសបញ្ជាក់ថា ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd គឺជាក្រុមហ៊ុនមួយ របស់អូស្ត្រាលី ដែលទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមាស ពីក្រសួងរ៉ែ និងថាមពល។ ទីតាំងដែលក្រុមហ៊ុននេះ កំពុងដំណើរការអភិវឌ្ឍន៍រ៉ែមាស ស្ថិតនៅក្នុងតំបន់អូខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd គឺជាក្រុមហ៊ុនទី១ ដែលជាក្រុមហ៊ុនខ្នាតអន្ដរជាតិ ដែលអាចចាប់ផ្ដើមផលិតមាស ជាលើកដំបូង នៅប្រទេសកម្ពុជា ហើយបើតាមផែនការក្រុមហ៊ុន អាចផលិតមាសបាន ប្រមាណ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល៨ឆ្នាំដំបូង។
ក្រុមហ៊ុន Renaissance Minerals បានចាប់ផ្ដើម សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី របស់ខ្លួន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។
បើតាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា រ៉ែមាសដែលក្រុមហ៊ុនធ្វើអាជីវកម្មនេះ នឹងផ្តល់ផលប្រយោជន៍ ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះ ចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមប្រមាណ៤០លានដុល្លារ ក្នុងមួយឆ្នាំ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា ថវិកាទាំងនេះនឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕