(ភ្នំពេញ)៖ លោកស្រី ខៃ ចិន្តា អនុប្រធានសមាគមសណ្ឋាគារ បានប្រាប់អង្គភាព Fresh News ថ្ងៃទី២៤ កញ្ញានេះថា នៅក្នុងខែកញ្ញានេះ សណ្ឋាគារនៅកម្ពុជា បានចាប់ផ្តើមទទួលបានភ្ញៀវចូលស្នាក់នៅកើនឡើងវិញបណ្តើរៗហើយ បើធៀបនឹងកាលពីខែមុនៗ ដោយសារតែចរន្តនៃភ្ញៀវទេសចរក្នុងស្រុក ចាប់ផ្តើមចេញដើរកម្សាន្តឡើងវិញ ក្រោយស្ងប់ស្ងាត់តាំងពីដើមឆ្នាំមក ដែលធ្វើឲ្យវិស័យនេះធ្លាក់ចុះយ៉ាងខ្លាំង ស្ទើរដល់ចំណុចសូន្យ។

លោកស្រីបន្តថា ការកើនឡើងនេះភាគច្រើននៅតាមតំបន់ឆ្នេរ ដូចជាខេត្តព្រះសីហនុ កោះកុង កែប កំពត ដែលទទួលបានភ្ញៀវជាងតំបន់ផ្សេងទៀត ដូចជារាជធានីភ្នំពេញ និងភូមិភាគឦសានប្រទេស ខណៈសៀមរាប នៅតែបន្តស្ងាត់ភ្ញៀវដដែល។

លោកស្រីបន្ថែមថា បន្ទាប់រដ្ឋាភិបាលប្រកាសផ្អាក ការរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ អាចនឹងធ្វើឱ្យភ្ញៀវថយចុះវិញ ដោយសារតែភ្ញៀវ ដែលគ្រោងធ្វើដំណើរកម្សាន្ត ឬទៅលេងបងប្អូនពីខេត្តមួយទៅខេត្តមួយនឹងផ្អាកវិញ។ តែយ៉ាងណាលោកស្រី គាំទ្រវិធានការរបស់រដ្ឋាភិបាល ដែលសម្រេច ផ្អាកការរៀបចំពីធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ដែលធ្វើឱ្យកម្ពុជាអាចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងអាចត្រៀមលក្ខណៈគ្រប់គ្រាន់រងចាំទទួលភ្ញៀវអន្តរជាតិ ចូលមកក្នុងខែវិច្ឆិកាខាងមុខនេះ។

«យើងខាតតូចទេ តែយើងចំណេញធំចាប់ពីខែ១១ទៅ នេះគឺជាវិធីល្អ យើងកុំចង់បានចំណេញតូចក្នុងពេលឆាប់ៗនេះ យើងមើលទៅថ្ងៃខាងមុខទៀត ដែលជាទ្រង់ទ្រាយធំ ពេលខែ១១ ភ្ញៀវអន្តរជាតិនឹងចូលមកលេងស្រុកខ្មែរ ហើយយើងមានសុវត្ថិភាព យើងអាចទប់ទល់ជាមួយការរីករាលកូវីដ១៩»។ លោកស្រី ខៃ ចិន្តា បញ្ជាក់បន្ថែម។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានកត់សម្គាល់ថា ចាប់ពីខែកញ្ញានេះចរន្តភ្ញៀវទេសចរបានចាប់ផ្តើមកើនច្រើន ដោយសារតែអាជ្ញាធរមិនសូវរិតបន្តឹងការធ្វើដំណើរ និងបើកឱ្យឆ្លងកាត់ពីខេត្តមួយទៅខេត្តទៅខេត្តមួយ ដែលធ្វើឱ្យភ្ញៀវទេសចរក្នុងស្រុក ចាប់ផ្តើមចេញដើរកម្សាន្តទៅតាមរមនីយដ្ឋាន ជាពិសេសទៅប៉ែកខាងតំបន់ឆ្នេរ និងតំបន់ភ្នំ ដែលជួយដល់អាជីវកម្មទេសចរណ៍ តាមមូលដ្ឋានផងដែរ។

តួលេខកត់ត្រាដោយក្រសួងទេសចរណ៍បានឲ្យដឹងថា នៅរយៈពេល៣សប្តាហ៍នៃខែកញ្ញានេះ កម្ពុជាទទួលបានភ្ញៀវទេសចរចំនួន ១៩៣, ៤៧៨នាក់ ក្នុងនោះភ្ញៀវបរទេសផ្ទៃក្នុង ៣០៧៨នាក់៕