(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានរួមគ្នារៀបចំសិក្ខាសាលាថ្នាក់ជាតិមួយ ផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទ «ការធ្វើធុរកិច្ចប្រកបដោយក្រមសីលធម៌៖ សុខុមាលភាពរបស់អតិថិជន និងធុរកិច្ចរបស់អ្នក»។

ពិធីត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ញើចូលរួមពី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោក ហ្វ្រាង យ៉ាត់ខឺ (Frank Jattke) ប្រធានក្រុមការងារអាស៊ាន នៃទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ប្រចាំកម្ពុជា ព្រមទាំងតំណាងវិស័យឯកជន ដៃគូអភិវឌ្ឍជាច្រើនរូបទៀតប្រមាណជា ១៥០នាក់។

ថ្លែងនៅក្នុងសិក្ខាសាលានេះ លោក ប៉ាន សូរស័ក្តិ បានអំពាវនាវដល់អ្នកធ្វើធុរកិច្ចទាំងឡាយ ដែលមិនទាន់បានអនុវត្តនូវកាតព្វកិច្ចការពារអ្នកប្រើប្រាស់ ឱ្យយកចិត្តទុកដាក់អនុវត្តនូវការតព្វកិច្ចទាំងនោះស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដើម្បីរួមចំណែកជាមួយស្ថាប័នមានសមត្ថកិច្ច និងអ្នកប្រើប្រាស់ក្នុងការកសាងសង្គមឱ្យមានសុខដុមនីយកម្ម និងមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

ក្នុងឱកាសនោះលោករដ្ឋមន្ត្រីពាណិជ្ជកម្ម ក៏បានលើកទឹកចិត្តដល់អ្នកប្រើប្រាស់ ឱ្យរាយការណ៍ពីធុរជន និងម្ចាស់អាជីវកម្មទាំងឡាយណា ដែលប្រព្រឹត្តសកម្មភាពមិនសុចរិតក្នុងធុរកិច្ច មកកាន់ក្រសួងពាណិជ្ជកម្ម ឬគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ តាមរយៈអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ដើម្បីស្វែងរកដំណោះស្រាយបញ្ហារួមគ្នាឱ្យបានទាន់ពេលវេលា។

លោករដ្ឋមន្ត្រីបានគូសរំលេចថា «ការការពារអ្នកប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព តម្រូវឱ្យអាជីវកម្មទទួលបានការជូនដំណឹងអំពីកាតព្វកិច្ចរបស់ខ្លួនចំពោះអ្នកប្រើប្រាស់ និងចៀសវាងសកម្មភាពណាមួយដែលអាចភូតកុហក ពង្វាងការពិត ឬធ្វើឱ្យខូចប្រយោជន៍ដល់អ្នកប្រើប្រាស់ ទាំងក្នុងប្រតិបត្តិការជាទម្លាប់ប្រពៃណី ឬក្នុងពាណិជ្ជកម្មអេឡិចត្រូនិក»

លោករដ្ឋមន្ត្រីបន្ថែមថា «ការការពារផលប្រយោជន៍ និងសិទ្ធិរបស់អ្នកប្រើប្រាស់មិនគួរត្រូវបានចាត់ទុកថា ជាឧបសគ្គដល់អាជីវកម្មឡើយ។ ផ្ទុយទៅវិញ អាជីវកម្មដែលលក់ផលិតផល ឬសេវាកម្មទៀងត្រង់ និងបម្រើអតិថិជនរបស់ពួកគេដោយស្មើភាព ជាឧទាហរណ៍ ដោយការគោរពតាមការធានាអះអាង និងការធានាលើផលិតផល អាចពង្រីក មូលដ្ឋានអតិថិជននិងការប្រកួតប្រជែងរបស់ពួកគេ។ អ្នកតំណាងមកពីសហគមន៍ពាណិជ្ជកម្ម ក៏អាចដើរតួជាដៃគូដែលទុកចិត្តសម្រាប់រដ្ឋាភិបាលក្នុងការគាំទ្រដល់ការការពារអ្នកប្រើប្រាស់»

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសម្តែងការគាំទ្រចំពោះច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់។អ្នកឧកញ៉ា ដែលជាអ្នកជំនួញដ៏ល្បីល្បាញនៅកម្ពុជារូបនេះ បានបញ្ជាក់ថា ច្បាប់នេះនឹងជួយបញ្ជ្រាបការយល់ដឹង និងការពារដល់ធុរជន អ្នកប្រើប្រាស់ ក្នុងប្រទេសកម្ពុជា កំឡុងពេលប្រទេសកម្ពុជា នឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ ជារឿងមួយដែលធ្វើអោយប្រទេសកម្ពុជា និងប្រទេសជាសមាជិកអាស៊ាន និងសកលលោក នឹងមានការទំនាក់ទំនងគ្នា បង្កើនការទាក់ទាញអ្នកវិនិយោគ ធុរជនជាតិ-អន្តរជាតិ មកធ្វើធុរកិច្ច និងវិនិយោគក្នុងប្រទេសកម្ពុជា។

លោក ហ្វ្រាង យ៉ាត់ខឺ (Frank Jattke) ប្រធានក្រុមការងារអាស៊ាន នៃទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ប្រចាំកម្ពុជា បានលើកឡើងថា ការធ្វើធុរកិច្ចប្រកបដោយសុចរិតយុត្តិធម៌ ទាំងតាមប្រព័ន្ធអនឡាញ និងមិនមែនអនឡាញ គឺជាកត្តាសំខាន់ជំរុញនូវភាពជោគជ័យក្នុងធុរកិច្ច ដោយសារក្រុមហ៊ុនដែលទទួលបានការពេញចិត្តពេញថ្លើមពីសំណាក់អតិថិជន ឬអ្នកប្រើប្រាស់អាចពង្រីកមូលដ្ឋានអតិថិជនរបស់ខ្លួនបានកាន់តែទូលំទូលាយ។

លោក ហ្វ្រាង យ៉ាត់ខឺ បានប្រកាសថា ក្រមសីលធម៌នេះ ត្រូវបានគេរំពឹងថា នឹងត្រូវយកទៅផ្សព្វផ្សាយនៅទូទាំងប្រទេសជាសមាជិកអាស៊ានទាំងអស់ ហើយវាក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងស្តារប្រទេសឡើងវិញក្រោយពីវិបត្តិនៃជំងឺរាតត្បាត។

សូមជម្រាបជូនថា ប្រទេសកម្ពុជាមានរបបគាំពារអ្នកប្រើប្រាស់ក្មេងជាងគេ នៅក្នុងតំបន់អាស៊ាន ហើយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានប្រកាសឱ្យប្រើតាមព្រះរាជក្រម លេខនស/រកម/១១១៩/០១៦ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។ ក្នុងនោះអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ដើរតួនាទីជាស្ថាប័នអនុវត្តសំខាន់ និងត្រូវបានប្រគល់នូវភារកិច្ចទាក់ទងនឹងការការពារអតិថិជន អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់នេះ។

ដោយឡែកគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ (គ.ជ.ក.ប) គឺជាស្ថាប័នគោលនយោបាយខ្ពស់ជាងគេ ហើយបច្ចុប្បន្នមានក្រសួងពាក់ព័ន្ធចំនួនប្រាំពីរ។ នៅក្នុងព្រឹត្តិការណ៍នេះ គេហទំព័រថ្មីរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)៖ https://www.ccfdg.gov.kh/ ក៏ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការផងដែរ៕