(ភ្នំពេញ)៖ សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា (IPAC) បានសហការជាមួយនាយកដ្ឋានកម្មសិទ្ធិបញ្ញា ដែលចំណុះក្រោមក្រសួងពាណិជ្ជកម្ម និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) និងមានការគាំទ្រដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យដល់សុខភាព និងសុវត្ថិភាពសង្គម (C.C.C.C) នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Webinar) ស្តីពីការពង្រីកអាជីវកម្មរបស់អ្នកតាមវិស័យកម្មសិទ្ធិបញ្ញា។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមវត្តមានលោកស្រីមេធាវី សេង វួចហ៊ុន ប្រធានសមាគមកម្មសិទ្ធបញ្ញាកម្ពុជា និងលោក Petter Willimott មន្រ្តីទទួលបន្ទុកនៃអង្គការកម្មសិទ្ធបញ្ញាពិភពលោកប្រចាំនៅប្រទេសសិង្ហបុរី ព្រមទាំងមានការថ្លែងសុន្ទរកថាបើកកម្មវិធីដោយលោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិកាដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ហើយក៏មានការឈ្មោះចូលរួមពីសិក្ខាកាមចំនួន ៣៦៩ នាក់ផងដែរ។

គួរបញ្ជាក់ថា សិក្ខាសាលាតាមប្រព័ន្ធអនឡាញនេះមានគោលបំណងជួយឱ្យម្ចាស់អាជីវកម្ម និងសាធារណជនទាំងអស់ស្វែងយល់ពីកិច្ចការពារម៉ាកយីហោ និងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ កិច្ចការពារម៉ាកយីហោនៅក្រៅប្រទេស និងរបៀបនៃការចុះបញ្ជីដោយប្រើប្រាស់ប្រព័ន្ធ Madrid ព្រមទាំងតួនាទីរបស់មេធាវីជំនាញកម្មសិទ្ធិបញ្ញានៅក្នុងអាជីវកម្មរបស់អ្នកផងដែរ៕