(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានរៀបចំកិច្ចប្រជុំពិភាក្សា ជាមួយតំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្រោមការចូលរួម របស់លោកស្រីបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស។
ធនាគារជាតិនៃកម្ពុជា បានលើកពីភាពសំខាន់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការអនុវត្តគោលនយោបាយ និងវិធានការនានា ដើម្បីគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ច ក្នុងស្ថានភាពកំពុងប្រឈមភាពមិនច្បាស់លាស់ពីវិបត្តិជំងឺកូវីដ១៩ នៅក្នុងកិច្ចប្រជុំដែលរៀបចំ ជាមួយតំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រៀបចំឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ។
ធនាគារជាតិនៃកម្ពុជាបញ្ជាក់ថា «ក្នុងស្ថានភាពដែលកម្ពុជាក៏ដូចជាប្រទេសនានា កំពុងប្រឈមនឹងភាពមិនច្បាស់លាស់ ដែលបណ្តាលមកពីវិបត្តិជំងឺកូវីដ១៩ តួនាទីរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានសារៈសំខាន់ណាស់ ក្នុងការចូលរួមអនុវត្តគោលនយោបាយ និងវិធានការនានា ដើម្បីគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ច ប្រកបដោយភាពជឿជាក់»។
ក្នុងនោះប្រាក់រៀលក៏មានសារៈសំខាន់ផងដែរ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនយោបាយរូបិយវត្ថុ ដែលនឹងពង្រឹង ដល់ការរក្សាស្ថិរភាពថ្លៃ តម្លៃប្រាក់រៀល និងគាំទ្រសកម្មភាពសេដ្ឋកិច្ច។
សូមជម្រាបថា កិច្ចប្រជុំនេះមានគោលបំណងផ្តល់ឱកាស ដល់ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានជួបពិភាក្សា ផ្លាស់ប្តូរយោបល់ពី បច្ចុប្បន្នភាពនៃវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា បញ្ហាប្រឈម និងការអនុវត្តគោលនយោបាយ និងវិធានការនានា ដែលធនាគារជាតិនៃកម្ពុជា បានដាក់ចេញ និងទិសដៅអាទិភាព។
កិច្ចជំនួបនេះត្រូវបានរៀបចំឡើងជាប្រចាំ ដើម្បីពង្រឹងការពិភាក្សាផ្នែកគោលនយោបាយ រវាងធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ៕