(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសដាក់ដំណើរការ «គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន ៥០លានដុល្លារ» ដើម្បីទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SMEs) ដោយសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម របស់ក្រសួងសេដ្ឋកិច្ច និង CGCC ។

គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន (CFGS) ត្រូវបានបង្កើតឡើងជាពិសេស សម្រាប់កម្ចីសហហិរញ្ញប្បទាន ដែលផ្តល់ក្រោមគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២ (SCFS II) របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា។

គម្រោង CFGS របស់ CGCC និងគម្រោង SCFS II របស់ធនាគារ SME គឺជាការរួមគ្នានៃសហគ្រាសសាធារណៈទាំងពីរ ក្នុងការលើកកម្ពស់ការទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។ ខណៈដែលគម្រោង SCFS II មានគោលបំណងកាត់បន្ថយចំណាយ (អត្រាការប្រាក់) នៃឥណទានរបស់សហគ្រាសធុនតូច និងមធ្យម CFGS របស់ CGCC គឺជាគម្រោងធានាឥណទាន ដែលដើរតួជាទ្រព្យបញ្ចាំចាប់ពី៧០% ដល់ ៨០% នៃទំហំកម្ចី ដើម្បីកាត់បន្ថយតម្រូវការទ្រព្យបញ្ចាំពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ (គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម) ទៅកាន់អ្នកខ្ចី។

គម្រោងនេះនឹងជួយឱ្យមានការបញ្ចេញ ឥណទានថ្មីៗនៅក្នុងវិស័យធនាគារ ពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់ CGCC ទៅកាន់ក្រុមហ៊ុនអាជីវកម្ម។ ទន្ទឹមនេះ PFIs នឹងអាចផ្តល់កម្ចីច្រើនជាងមុន ធៀបនឹងតម្លៃនៃទ្រព្យបញ្ចាំ ដោយហានិភ័យក្នុងការផ្តល់ឥណទាននេះ នឹងត្រូវបានចែករំលែកដោយ CGCC រហូតដល់ ៨០%។ CFGS គឺជាគម្រោងធានាឥណទានទី២ ដែលត្រូវបានដាក់ចេញដោយ CGCC។

គួរបញ្ជាក់ថា CGCC បានដាក់ចេញគម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម ដែលមានទំហំទឹកប្រាក់ ២០០ លានដុល្លារអាមេរិក នៅខែមីនាឆ្នាំ ២០២១ ក្នុងគោលបំណងគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩។ គិតត្រឹមថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១ CGCC បានផ្តល់ការធានាឥណទានលើកម្ចីចំនួន ៨៥កម្ចីដែលមានទំហំប្រមាណ ១២លានដុល្លារ ដល់បណ្តាក្រុមហ៊ុនអាជីវកម្ម តាមរយៈ PFIs របស់ CGCC។

លោក រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ CGCC បានថ្លែងថា «ការដាក់ឱ្យដំណើរការនូវគម្រោង CFGS របស់ CGCC គឺជាការឆ្លើយតបទាន់ពេលវេលា និងជាការគាំទ្របន្ថែមយ៉ាងសំខាន់ លើគម្រោង SCFS II របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងការចែករំលែកហានិភ័យជាមួយ PFIs។ គម្រោងទាំងពីរនេះ នឹងបំពេញបន្ថែមគ្នាទៅវិញទៅមក ក្នុងការដោះស្រាយនូវបញ្ហាប្រឈមចម្បង២យ៉ាង ក្នុងការទទួលបានហិរញ្ញប្បទាន របស់សហគ្រាសធុនតូច និងមធ្យម ដែលទីមួយគឺ ការចំណាយខ្ពស់ក្នុងការទទួលបានកម្ចី និងទីពីរគឺ កង្វះទ្រព្យបញ្ចាំ»

ម្ចាស់សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានសញ្ជាតិកម្ពុជា (កាន់កាប់ភាគហ៊ុនលើសពី៥០%) អាចទាក់ទងទៅកាន់ PFIs របស់ CGCC ឬទាក់ទងផ្ទាល់មកកាន់ CGCC តាមរយៈលេខទូរស័ព្ទ ០២៣ ៧២២ ១២៣ ឬអ៊ីម៉ែល [email protected] ឬចូលទៅកាន់គេហទំព័រ www.cgcc.com.kh សម្រាប់ព័ត៌មានបន្ថែម។

ស្ថាប័នហិរញ្ញវត្ថុចូលរួម របស់សាជីវកម្មធានាឥណទានកម្ពុជា រួមមាន ធនាគារ អេប៊ីអេ, ធនាគារ អេស៊ីលីដា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត, ធនាគារ អាស៊ា-ប៉ាស៊ីហ្វិក ឌីវេឡុបមេន, ធនាគារ ប្រេដ ប៊ែង, ធនាគារ ប្រៃសណីយ៍កម្ពុជា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា, ធនាគារ កាណាឌីយ៉ា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន, ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា, ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី, ធនាគារ ហ្វីលីព, ធនាគារភីភីស៊ីប៊ែង, ធនាគារ ព្រីនស៍, ធនាគារ អ អេច ប៊ី, ធនាគារ ស្ថាបនា និងធនាគារ វីង៕