(ភ្នំពេញ)៖ លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់មកបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះថា គុយទាវកញ្ចប់ដែលបន្លំយកស្លាកសញ្ញា «ផលិតផលគុយទាវភ្នំពេញ» និង «រូបសញ្ញាប្រាសាទអង្គរវត្ត» ត្រូវបានប្រមូលចេញហើយ នៅទីផ្សារអាមេរិក។
បន្ថែមពីនោះទៀត លោក ស៊ាង ថៃ បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មកំពុងស្រាវជ្រាវ រកប្រភពផលិតផលិតផលនេះ។ បើរកឃើញច្បាស់លាស់ ក្រសួងនឹងមានវិធានការ តាមរយៈការជូនលិខិត ទៅស្ថានទូតប្រទេសនោះ ឬក្រសួងពាក់ព័ន្ធ នៃប្រទេសនោះ ដើម្បីបញ្ឈប់ការប្រើប្រាស់ ស្លាកសញ្ញាមិនត្រឹមត្រូវនេះ។
លោក ស៊ាង ថៃ បានបញ្ជាក់យ៉ាងដូច្នេះថា «ខាងក្រុមហ៊ុនទទួលយកសំណើរបស់យើង ឈប់ដាក់លក់ និងបានប្រមូលមកវិញ នូវទំនិញដែលមានស្លាកសញ្ញា កម្ពុជារបស់យើង ដែលគេដាក់រូបអង្គរវត្ត ទង់ជាតិខ្មែរ និងអក្សរខ្មែរ [...] ឥឡូវយើងក៏កំពុង តាមរកអ្នកផលិតផងដែរ»។
បើតាមលោក ស៊ាង ថៃ ធ្លាប់ប្រាប់ Fresh News ឲ្យដឹងថា ប្រភពដើមផលិត នៃផលិតផលគុយទាវនេះ ក្រសួងពាណិជ្ជកម្ម ត្រូវការស្រាវជ្រាវបន្ត ដើម្បីឲ្យច្បាស់ថា ផលិតនៅប្រទេសណា ខណៈតាមការសន្និដ្ឋានអាចផលិតនៅប្រទេសវៀតណាម។
លោក ស៊ាង ថៃ បានបញ្ជាក់ថា «នៅវៀតណាមគេបិទខ្ទប់ តំណាងពាណិជ្ជកម្ម មិនទាន់អាចចុះ ទៅស្រាវជ្រាវបាន។ បើច្បាស់ពីប្រភព យើងនឹងមានសំណើជាផ្លូវការ ឲ្យបញ្ឈប់ជាបន្ទាន់ ដូចដែលបានធ្វើកន្លងទៅដែរ»។
គួរបញ្ជាក់ថា កម្ពុជាបាន និងកំពុងចាត់វិធានការ លើក្រុមហ៊ុននាំចូលគុយទាវក្រៀមកញ្ចប់ ដែលបានយកស្លាកសញ្ញា «ផលិតផលគុយទាវភ្នំពេញ» និង «រូបសញ្ញាប្រាសាទអង្គរវត្ត» បន្លំដាក់លើផលិតផលគុយទាវរបស់ពួកគេ ហើយកំពុងដាក់លក់នៅសហរដ្ឋអាមេរិក។
បើតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតកម្ពុជា ប្រចាំអាមេរិក ចំណាត់ការលើក្រុមហ៊ុននេះ ធ្វើឡើងបន្ទាប់ពីរកឃើញករណីចែកចាយ នៅលើទីផ្សារសហរដ្ឋអាមេរិក នូវផលិតផលគុយទាវក្រៀមកញ្ចប់ ដែលមិនមែន ជាផលិតផលរបស់កម្ពុជា។
សេចក្ដីប្រកាសព័ត៌មានបន្ដទៀតថា ការប្រើប្រាស់ពាក្យ និងម៉ាក «ផលិតផលគុយទាវភ្នំពេញ» និង «រូបសញ្ញាប្រាសាទអង្គរវត្ត» ដោយមិនមានការអនុញ្ញាតពីអាជ្ញាធរ មានសមត្ថកិច្ចរបស់កម្ពុជា បានរំលោភបំពាន លើបទប្បញ្ញត្តិច្បាប់របស់កម្ពុជា កិច្ចព្រមព្រៀង និងសន្ធិសញ្ញាអន្តរជាតិ។
ស្ថានទូតបានស្រាវជ្រាវកំណត់មុខសញ្ញា និងចាត់អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូត ចុះជួបណែនាំ ដល់ក្រុមហ៊ុនដែលនាំចូលផលិតផលទាំងនោះ ដល់ទីតាំងក្រុមហ៊ុន ព្រមទាំងបានចេញលិខិតជូនដំណឹងជាផ្លូវការទៅក្រុមហ៊ុនទាំងនោះ ឲ្យបញ្ឈប់ធ្វើការនាំចូល ឬដាក់លក់នូវផលិតបែបនេះបន្តទៀត។
បន្ថែមពីនោះទៀត សេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតកម្ពុជា ប្រចាំអាមេរិក បានសង្កត់ធ្ងន់ថា ស្ថានទូតនឹងដាក់ចេញនូវវិធានការបន្ត ក្នុងករណីក្រុមហ៊ុន មិនព្រមអនុវត្តតាមសេចក្តីជូនដំណឹង៕