(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់ឲ្យដឹងថា រយៈពេលជាង១ឆ្នាំកន្លងមកនេះ ពោលចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដល់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ មានក្រុមហ៊ុនចំនួន៧,៧១៥ បានចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានដើមទុនសរុប ស្មើជិត៣ពាន់លានដុល្លារអាមេរិក។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ធ្វើជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសដាក់ដំណើរការជាផ្លូវការ នូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ។
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងរយៈពេលជាង១ឆ្នាំកន្លងមក, ប្រព័ន្ធចុះបញ្ជីអាជីវកម្ម បានដំណើរការឥតដាច់ និងបានអនុញ្ញាតឲ្យធុរជន អាចធ្វើការស្នើសុំការចុះបញ្ជីអាជីវកម្មគ្រប់ពេលវេលា និងទីកន្លែង ហើយគិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ក្រុមហ៊ុនដែលបានចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ មានចំនួនសរុបដល់ទៅ ៧ ៧១៥ និងមានដើមទុន សរុបស្មើជិត៣ពាន់លានដុល្លារអាមេរិក»។
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបន្ថែមទៀតថា វិស័យ៥ ដែលមានទំហំដើមទុនធំជាងគេ រួមមាន ១៖ សំណង់ មានចំនួន២៥.៣២%, ២៖ អាហរ័ណ នីហរ័ណ ទិញលក់ ជួសជុលយានយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ មានចំនួន ១៦.៤៤%, ៣៖ សកម្មភាពអចលនវត្ថុ មានចំនួន១៥.៥៣%, ៤៖ កម្មន្តសាល មានចំនួន១៤.៣% និង៥៖ សកម្មភាពហិរញ្ញវត្ថុ និងធានារ៉ាប់រង មានចំនួន៨.២២%។
បើតាមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ដំណើរការជាផ្លូវការ នូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាម ថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី១ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅដោយទទួលបានការចាប់អារម្មណ៍ និងការសាទរខ្ពស់ ពីវិស័យឯកជន។ ប្រព័ន្ធនេះ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការរក្សានិរន្តរភាព សកម្មភាពសេដ្ឋកិច្ច ក្នុងបរិការណ៍នៃវិបត្តិ នៃជំងឺកូវីដ-១៩។
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា នៅក្នុងអំឡុងពេល នៃការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល, មន្ត្រី បុគ្គលិក-និយោជិត ត្រូវបានអនុញ្ញាតឲ្យធ្វើការងារពីផ្ទះ ហើយការធ្វើដំណើររបស់ប្រជាជន ក៏ត្រូវបានរឹតត្បិតផងដែរ។ ប៉ុន្តែដោយប្រព័ន្ធនេះ ត្រូវបានរៀបចំឡើង មានលក្ខណៈអនឡាញទាំងស្រុង ហើយយន្តការគាំទ្រ ក៏ធ្វើឡើងតាមអនឡាញផងដែរនោះ, ធុរជននៅតែបន្តស្នើសុំ ការចុះបញ្ជីពីផ្ទះបាន ស្របពេលដែលយន្តការ គាំទ្រ និង ត្រួតពិនិត្យសំណើដោយមន្ត្រីរដ្ឋា-ភិបាល ក៏នៅតែបន្តបានដូចប្រក្រតី។
បន្ថែមពីនោះទៀត ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ការណ៍នេះគូសរំលេចបន្ថែមនូវសារៈសំខាន់ និងភាពចាំបាច់ នៃការប្រើប្រាស់ប្រព័ន្ធឌីជីថល សម្រាប់គាំទ្រដល់ការផ្តល់សេវាសាធារណៈ ជាពិសេសក្នុងបរិបទ នៃវិបត្តិជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាការកែទម្រង់មុតស្រួចជាកញ្ចប់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានដាក់ចេញ ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ។
ក្នុងដំណាក់កាលទី១ ប្រព័ន្ធបានគ្របដណ្តប់ លើការចុះបញ្ជីពាណិជ្ជកម្មរបស់ក្រសួង ពាណិជ្ជកម្ម, ការចុះបញ្ជីពន្ធដាររបស់អគ្គនាយកដ្ឋានពន្ធដារ និងការផ្តល់ សេចក្តីប្រកាស ជូនដំណឹងបើកសហគ្រាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបានដាក់ឲ្យដំណើរការជាផ្លូវការ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។
ដោយឡែក, ក្នុងដំណាក់កាលទី២នេះ, ប្រព័ន្ធនឹងពង្រីកវិសាលភាពដល់ការស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតផ្សេងៗតាមអនឡាញ ទៅតាមសកម្មភាពអាជីវកម្ម ពីក្រសួង-ស្ថាប័នជំនាញ ដែលមានតួនាទីត្រួតពិនិត្យផ្នែកបច្ចេកទេសតាមវិស័យ។
ក្នុងនោះ, ក្រសួង-ស្ថាប័នចំនួន៤ បានចូលរួមក្នុងដំណាក់កាលទី២នេះ រួមមាន៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ជាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ៕