(ភ្នំពេញ)៖ លោក ហ៊ៃម៉ាន់ ខិម អ្នកគ្រប់គ្រងទូទៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានដាក់ក្តីរំពឹងថា វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា នឹងមានភាពប្រសើរឡើងវិញនៅឆ្នាំក្រោយ ស្របពេលដែលយុទ្ធនាការនៃការចាក់វ៉ាក់សាំង បានដំណើរការយ៉ាងល្អ។
ឆ្លើយតបនឹងសំណួរថា នៅឆ្នាំក្រោយលោករំពឹងថា នឹងមានភាពល្អប្រសើរឡើងវិញនៃវិស័យទេសចរណ៍។ តើលោកអាចបញ្ជាក់បានទេ តើមានមូលដ្ឋានគ្រឹះអ្វីខ្លះ ដែលគាំទ្រដល់ការរំពឹងទុក នៃភាពប្រសើរឡើង នៃវិស័យទេសចរណ៍នៅឆ្នាំក្រោយ?
លោក ហឺរមិន ខឹម បានបញ្ជាក់ថា «ខ្ញុំអាចលើកឡើងនូវទឡ្ហីករណ៍មួយចំនួន។ ដូចដែលយើងបានឃើញឥឡូវនេះ យុទ្ធនាការណ៍នៃការចាក់វ៉ាក់សាំង បានដំណើរការយ៉ាងល្អ យើងមើលឃើញថា ការគ្រប់គ្រងនៅប្រទេសកម្ពុជា គឺល្អណាស់។ ហើយនៅពេលនោះ កម្ពុជាអាចនឹងមានការសម្រេចថា តើយើងអាចបើកច្រកព្រំដែន សម្រាប់អ្នកដំណើរអន្តរជាតិនៅពេលណា តើនៅពេលណា ដែលអាចត្រលប់ ទៅភាពធម្មតាតាមបែបគន្លងថ្មី។ យើងអាចក្រលេកមើលប្រទេស ក្នុងតំបន់អាស៊ាន ដែលមានទំនុកចិត្តខ្ពស់ថា ស្ថានភាពនឹងល្អប្រសើរឡើងវិញ នៅឆ្នាំក្រោយ»។
លោក ហឺរមិន ខឹម បន្តទៀតថា «យើងទទួលបានការសាកសួរព័ត៌មានមួយចំនួន ពីក្រុមហ៊ុនទេសចរណ៍សម្រាប់ចុងឆ្នាំនេះ និងដើមឆ្នាំក្រោយ។ លើសពីនេះទៀតយើង មានភ្ញៀវទេសចរ ដែលមានចំណាប់អារម្មណ៍ ធ្វើដំណើរមកកាន់សណ្ឋាគាររបស់យើង សម្រាប់ការប្រជុំ ការសាកសួរព័ត៌មាន ពីការធ្វើពាណិជ្ជកម្ម ដែលនេះជាហេតុធ្វើឲ្យយើងមានទំនុកចិត្ត លើការវិលត្រលប់របស់ទេសចរណ៍អន្តរជាតិ នាចុងឆ្នាំនេះ និងឆ្នាំក្រោយ»។
លោក ហឺរមិន ខឹម បានលើកឡើងថា ជាក់ស្តែងអ្វីដែលយើងអាចមើលឃើញនៅពេលនេះ នៅក្នុងប្រទេសកម្ពុជា រំពឹងថាយើងមានភាពស៊ាំ សម្រាប់សហគមន៍ នៅក្នុងខែវិច្ឆិកាខាងមុខនេះ ដោយសារអត្រាខ្ពស់នៃការចាក់វ៉ាក់សាំង។ បើដូចការរំពឹងទុកមែន យើងសង្ឃឹមថា នឹងមានឱកាសសម្រាប់ ការងើបឡើងវិញនៃវិស័យទេសចរណ៍។
ជាមួយគ្នានេះ អ្នកគ្រប់គ្រងទូទៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក៏សូមចូលរួមអបអរសាទរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះយុទ្ធនាការចាក់វ៉ាក់សាំង បានដំណើរការយ៉ាងល្អប្រសើរ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អ។
លោកថា នៅពេលដែលប្រជាជនទទួលបានវ៉ាក់សាំង យើងអាចមានសង្ឃឹម ចាប់ពីខែវិច្ឆិកានេះតទៅ អាចនឹងមានពន្លឺ សម្រាប់វិស័យទេសចរណ៍ខ្លះៗ ដូចជាការចាប់ផ្តើមធ្វើដំណើរកម្សាន្ត ជាពិសេសទេសចរជាតិ ដោយពួកគាត់បានទទួលវ៉ាក់សាំង ហើយមានភាពជឿជាក់ជាងមុន សម្រាប់ការធ្វើដំណើរ ទៅកាន់រមណីយដ្ឋាន សណ្ឋាគារស្នាក់នៅ ការទទួលទានអាហារនៅភោជនីយដ្ឋាន ឬក៏ដំណើរកម្សាន្តទៅកាន់ទីរួមខេត្តនានាជាដើម។
លោក ហឺរមិន ខឹម បានឲ្យដឹងទៀតថា សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នឹងក្លាយជាចំណែកមួយដ៏ធំ ក្នុងរាជធានីភ្នំពេញ ក្នុងការជួយលើកកម្ពស់ការផ្សព្វផ្សាយ មិនត្រឹមតែប៉ុណ្ណោះ យើងបានរួមចំណែកផ្សព្វផ្សាយទេសចរគោលដៅ នៅរាជធានីភ្នំពេញ នឹងលើកកម្ពស់ទេសចរណ៍ទិសដៅ របស់កម្ពុជាផងដែរ។
លោកថា យើងនឹងធ្វើអ្វីទាំងអស់ តាមដែលអាចធ្វើទៅបាន ដើម្បីឲ្យភ្ញៀវដឹងថា នៅកម្ពុជាមានសុវត្ថិភាព ទាំងការធ្វើអាជីវកម្មនៅទីនេះ សុវត្ថិភាពក្នុងការធ្វើដំណើរ មកកាន់ទឹកដីកម្ពុជា និងមានសុវត្ថិភាពក្នុងការដើរកម្សាន្តនៅកម្ពុជា។ ហើយយើងសង្ឃឹមថា នៅខែវិច្ឆិកា និងឆ្នាំក្រោយនេះ យើងនឹងឃើញភាពប្រសើរឡើងនៃអាជីវកម្ម និងវិស័យទេសចរណ៍នៅកម្ពុជា។
លោក ហឺរមិន ខឹម បានបញ្ជាក់ថា ប្រសិនបើស្ថានភាពវិលត្រប់ដូចការរំពឹងទុក អាចនឹងមានទេសចរណ៍ តាមបណ្តាប្រទេសជិតខាងមួយចំនួន ចាប់ផ្តើមធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដែលនេះជាកត្តាអាចនឹងធ្វើឲ្យមានភាពប្រសើរឡើង សម្រាប់វិស័យទេសចរណ៍ បដិសណ្ឋារកិច្ច ភោជនីយដ្ឋាន និងវិស័យពាណិជ្ជកម្ម នាពេលខាងមុខនេះ៕