(ភ្នំពេញ)៖ ក្នុងរយៈពេលជិត៨ខែ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋាន ក.ប.ប បានចុះត្រួតពិនិត្យ ការធ្វើអាជីវកម្មប្រេងឥន្ធនៈ នៅតាមបណ្តាស្ថានីយ និងដេប៉ូ បានចំនួន៤៤៧ ក្នុងនោះរកឃើញដេប៉ូដែលប្រកបអាជីវកម្មមិនសុចរិត មិនអនុលោមទៅនឹងច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ចំនួន១៩៧កន្លែង។
នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប នៃក្រសួងពាណិជ្ជកម្ម ប្រាប់មកបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ។
ក្នុងនោះ មានដេប៉ូចំនួន១៨៤ ត្រូវបានមន្រ្តីស៊ើបអង្កេត របស់អគ្គនាយកដ្ឋាន ក.ប.ប ដែលទទួលបាននីតិសម្បទារ ជានគរបាលយុត្តិធម៌ អនុវត្តវិធានការពិន័យ អន្តរការណ៍ទៅតាមប្រភេទបទល្មើស និងដេប៉ូចំនួន១៣ ត្រូវបានព្រមានជាលាយលក្ខណ៍អក្សរ និងធ្វើកិច្ចសន្យាបញ្ឈប់នូវសកម្មភាព មិនសុចរិតនេះបន្តទៀត។
យោងតាមខ្លឹមសារ នៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្នុងករណីទទួលរងការពិន័យអន្តរការណ៍ម្តងរួចហើយ នៅតែបន្តប្រព្រឹត្តល្មើស នឹងត្រូវព្យួរ ដកហូត ឬលុបចោលវិញ្ញាបនប ត្រចុះបញ្ជីពាណិជ្ជកម្ម ឬអាជ្ញាបណ្ណ។
ក្នុងករណីជនល្មើស មិនព្រមបង់ប្រាក់ពិន័យអន្តរការណ៍ មន្រ្តីស៊ើបអង្កេត ត្រូវកសាងសំណុំរឿង នៃបទល្មើសបញ្ជូនទៅតុលាការមានសមត្ថកិច្ច។ ក្នុងឆ្នាំ២០២១នេះ ពុំទាន់មានម្ចាស់ស្ថានីយ ឬដេប៉ូណាមួយ ត្រូវបានមន្រ្តីស៊ើបអង្កេតអគ្គនាយកដ្ឋាន ក.ប.ប កសាងសំណុំរឿងបញ្ជូន ទៅតុលាការនៅឡើយទេ។
អគ្គនាយកដ្ឋាន ក.ប.ប នឹងបន្តចុះត្រួតពិនិត្យតាមបណ្តាស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈ នៅទូទាំងប្រទេស និងអនុវត្តវិធានការច្បាប់យ៉ាងហ្មឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ឲ្យបានដាច់ខាត ការប្រកប អាជីវកម្មមិនសុចរិតពាក់ព័ន្ធនឹងប្រេងឥន្ធនៈ ដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់៕