(ភ្នំពេញ)៖ លោកស្រី កែវ យ៉ាដា ជាអនុប្រធានក្រុមប្រឹក្សា សមាគមនវារីវប្បករនៅកម្ពុជា បានប្រាប់មកបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះថា កសិករលក់ត្រី ដោយមិនមានប្រាក់ចំណេញនោះទេ ដោយសារបរិមាណត្រីច្រើនតម្រូវការថយចុះ បណ្តាលឲ្យតម្លៃចុះថោក។

លោកស្រី កែវ យ៉ាដា បានបញ្ជាក់យ៉ាងដូច្នេះថា «ចាប់ពីចុងខែមិថុនាមក កសិករលក់ត្រីចេញពីស្រះបណ្តើរៗ ហើយស្ទើរតែអស់ហើយ មកដល់ពេលនេះ។ កសិករលក់ត្រី ដោយមិនមានប្រាក់ចំណេញទេ ព្រោះទីផ្សាររួមតូចដោយសារវិបត្តិកូវីដ-១៩ មិនមានពិធីបុណ្យទាន និងកន្លែងលក់អាហារ នៅទីកំសាន្តនានាត្រូវបិទ»

លោកស្រី កែវ យ៉ាដា បានបន្ដទៀតថា ដោយសារបរិមាណត្រីច្រើន តម្រូវការថយចុះ បណ្តាលឲ្យតម្លៃចុះថោក រហូតមកដល់ពេលនេះ។ សព្វថ្ងៃនេះ ត្រីមួយចំនួន បានឡើងថ្លៃដូចជាត្រីឆ្តោ ត្រីអណ្តែង ប៉ុន្តែត្រីប្រា និងត្រីពោ តម្លៃនៅដដែល។

លោកស្រី កែវ យ៉ាដា បានលើកឡើងថា កត្តាទាំងនេះហើយ ដែលបណ្តាលឲ្យកសិកររុញរា ក្នុងការដាក់ត្រីចិញ្ចឹមបន្តទៀត ហើយកសិករខ្នាតតូចក៏ផ្អាកចិញ្ចឹម ដើម្បីរង់ចាំមើលស្ថានភាពសេដ្ឋកិច្ច ឯកសិករខ្នាតមធ្យម និងខ្នាតធំ បន្ថយបរិមាណការចិញ្ចឹម ព្រោះខ្លាចខាតកាន់តែច្រើននៅពេលខាងមុខ។

ជាមួយគ្នានេះ ប្រធានស្តីទីរូបនេះបានឲ្យដឹងថា កន្លងមកសមាគមបានចូលរួមប្រជុំ ជាមួយអន្តរក្រសួងមានក្រសួងកសិកម្ម ក្រសួងសេដ្ឋកិច្ច ក្រសួងពាណិជ្ជកម្ម ដើម្បីស្វែងរកដំណោះស្រាយជូនវារីវប្បករសង្ឃឹមថា ពេលអនាគត អាចមានគោលនយោបាយល្អប្រសើរ សម្រាប់វារីវប្បកម្ម។

លោកស្រី កែវ យ៉ាដា បានគូសបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពនេះ រាជរដ្ឋាភិបាលត្រូវមានគោលនយោបាយពិសេស សម្រាប់វារីវប្បករ ដូចជាផ្តល់ប្រាក់កម្ចី មានការប្រាក់ទាប បន្ថយថ្លៃអគ្គីសនី និងប្រេងឥន្ធនៈសម្រាប់វារីវប្បករ និងគ្រប់គ្រង ការនាំចូលផលវារីវប្បកម្មឲ្យបានម៉ឺងមាត់បំផុត ទើបជួយកសិករអ្នកចិញ្ចឹមបាន។ ជាពិសេសរដ្ឋបាលជលផលត្រូវអនុវត្ត ឲ្យបានល្អនូវគោលការណ៍នៃការនាំត្រីចូលជៀសវាងប៉ះពាលធ្ងន់ធ្ងរ ដល់ទីផ្សារត្រីក្នុងស្រុក។

លោកស្រី កែវ យ៉ាដា បានឲ្យដឹងទៀតថា ឆ្លងតាមការរៀនបទពិសោធន៍ឆ្នាំនេះ យើងជួបបញ្ហាប្រឈម ជាមួយការនាំចូលច្រើន ប៉ះពាល់ដល់ផលិតផល ក្នុងស្រុកយ៉ាងខ្លាំង ពិសេសតម្លៃផលិតក្នុងស្រុកនៅខ្ពស់មិនទាន់បានល្អ ដែលមិនអាចចូលប្រកួតប្រជែងទីផ្សារត្រីបាន៕