(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រី Maryam Salim ប្រធានគ្រប់គ្រងថ្មី របស់ការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា តាមរយៈប្រព័ន្ធ Video Conference នាពេលថ្មីៗនេះ។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោកស្រី Maryam Salim ដែលទើបត្រូវបានតែងតាំងជាប្រធាន គ្រប់គ្រងថ្មីរបស់ការិយាល័យធនាគារពិភពលោក ប្រចាំកម្ពុជា។
ជាមួយគ្នានេះ អគ្គបណ្ឌិត សភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អ និងរឹងមាំ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារ ពិភពលោក ក្នុងរយៈពេលជាងពីរទស្សវត្ស៍កន្លងមក ដែលស្តែងចេញច្បាស់ តាមរយៈការចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកាលៈទេសៈដ៏លំបាក លើកិច្ចការប្រយុទ្ធ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ចាប់តាំងពី មានការរាតត្បាតនៅកម្ពុជា នាដើមឆ្នាំ២០២០។
ស្ថានភាពនៃការឆ្លងមិនទាន់មានភាពស្រាក់ស្រាននៅឡើយ, កម្ពុជា ក៏កំពុងប្រឈមនឹងមេរោគបំប្លែងថ្មីប្រភេទ Delta ដែលគិតមកដល់បច្ចុប្បន្ន មានការរីករាល ដល់រាជធានីខេត្តចំនួន ២០។ ក្នុងគោលដៅគ្រប់គ្រងការរីករាលដាលនេះ, រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះចំនួន ៤ រួមមាន៖
១៖ យុទ្ធនាការនៃការចាក់វ៉ាក់សាំងក្នុងក្របខណ្ឌប្រទេស
២៖ ការអនុញ្ញាតឲ្យប្រើប្រាស់នូវតេស្តរហ័សដើម្បីស្វែងរកអ្នកកើតជំងឺកូវីដ-១៩
៣៖ កិច្ចខិតខំប្រឹងប្រែងក្នុងការដាក់ឲ្យនៅដោយឡែក និងការព្យាបាល
និង៤៖ កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ ការចម្លងដោយអនុវត្តនូវវិធានការសុខាភិបាលយ៉ាងតឹងរឹង។
ជាមួយគ្នានេះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន អំពីផែនការយុទ្ធសាស្ត្រនៃ ការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីកូវីដ-១៩ តាមរយៈអភិក្រមចំនួន៣ រួមមាន៖
១៖ ការស្តារ (Recovery) ផ្តោតទៅលើ វិស័យសុខាភិបាល, ការផ្តល់ហិរញ្ញប្បទានដល់វិស័យឯកជន, គោលនយោបាយសារពើពន្ធ, វិស័យកសិកម្ម, វិស័យទេសចរណ៍, និងវិស័យកាត់ដេរ
២៖ ការកែទម្រង់ (Reforms) សំដៅលើការកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់កំណើន, ពិពិធកម្ម និងភាពប្រកួតប្រជែង
និង៣៖ ភាពធន់ (Resiliency) ផ្តោតទៅលើវិស័យឌីជីថល, ការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម, ការអភិវឌ្ឍជំនាញ, ការស្តារសេដ្ឋកិច្ចឡើងវិញ លក្ខណៈបៃតង, និងការពង្រឹងប្រព័ន្ធគាំពារសង្គម។
លោកស្រី Maryam Salim ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកបំពេញភារកិច្ច នៅកម្ពុជាសារជាថ្មីម្តងទៀត និងបានសម្តែងនូវការ កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន ពិសេសការដាក់ចេញនូវគោលនេយោបាយ ដ៏មុតស្រួចសំដៅប្រយុទ្ធការពារសុខភាពអាយុជីវិតរបស់ប្រជាជន រក្សាលំនឹងសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន។
លោកស្រី ក៏អបអរ-សារទរ ចំពោះភាពជោគជ័យរបស់រាជរដ្ឋាភិបាល ក្នុងការចាក់វ៉ាក់សាំងជូនប្រជាជនតាមគោលដៅ ក្នុងល្បឿនលឿន និងអាចធ្វើឲ្យកម្ពុជាចាប់ផ្តើម បើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ ក្នុងពេលដ៏ឆាប់ខាងមុខ។
បន្ថែមពីនេះ លោកស្រីក៏វាយតម្លៃខ្ពស់ ចំពោះចំណាត់ការដ៏រហ័ស និងទាន់ពេលវេលារបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំង សម្រាប់កុមារពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ និងការចាក់វ៉ាក់សាំងដូសជំរុញ ដែលនឹងធ្វើឲ្យកម្ពុជា ស្ថិតក្នុងចំណោមប្រទេស ដែលបានចាក់វ៉ាក់សាំង ជូនប្រជាជនបានច្រើន។
ភ្ជាប់ជាមួយនេះ, ដូចបានលើកឡើងក្នុងជំនួបពិភាក្សា ជាមួយលោកស្រីអនុប្រធានធនាគារពិភពលោកនាពេល កន្លងមក, លោកស្រី Maryam Salim បង្ហាញជំហរបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ពិសេស ក្នុងការផ្តល់ជាធាតុចូលបន្ថែម លើផែនការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ឆ្នាំ ២០២១-២០២៣ និងកែសម្រួលឯកសារក្របខណ្ឌ នៃភាពជាដៃគូរវាងរាជរដ្ឋាភិបាលជាមួយធនាគារពិភពលោក (Country Partnership Framework 2019-2023) ឲ្យឆ្លើយតបទៅនឹងបរិការណ៍បច្ចុប្បន្ន និងស្របតាមផែនការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ឆ្នាំ ២០២១-២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា ។
អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហការដ៏ល្អ និងស្វាគមន៍ចំពោះការចូលរួមចំណែករបស់ធនាគារពិភពលោក និងជឿជាក់ថា យ៉ាងមុតមាំថា បេសកកម្មការងាររបស់លោកស្រី នឹងរួមចំណែកដល់ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយធនាគារពិភពលោក ឲ្យកាន់តែរឹងមាំបន្ថែមទៀត៕