Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យល់ដឹងអំពីជំនួញ៖ បណ្ឌិត សុក ស៊ីផាន់ណា លើកឡើងថា បើអាមេរិកទំនេរដៃពីអាហ្គានីស្ថាន ហើយបង្វែរមកតំបន់អាស៊ាននោះ ជាចំណុចមួយគួរឲ្យបារម្ភទាំងនយោបាយ និងសេដ្ឋកិច្ច (Video inside)

22-08-2021 14:53

(ភ្នំពេញ)៖ បណ្ឌិត សុក ស៊ីផាន់ណា ប្រធាននៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានគូសបញ្ជាក់ថា ក្រោយដកកម្លាំងទ័ពចេញពីប្រទេសអាហ្គានីស្ថាន, សហរដ្ឋអាមេរិក អាចបង្វែរទិសដៅមកកាន់តំបន់អាស៊ាន ដែលនេះជាចំណុចមួយគួរឲ្យបារម្ភ និងមានក្ដីកង្វល់ខ្លាំងសម្រាប់ក្នុងតំបន់ ទាំងនយោបាយ និងសេដ្ឋកិច្ច។

ការគូសបញ្ជាក់យ៉ាងដូច្នេះ របស់បណ្ឌិត សុក ស៊ីផាន់ណា ធ្វើឡើងក្នុងកិច្ចពិភាក្សាពិសេស «មគ្គុទេសក៍ស្តារអាជីវកម្ម ក្នុងបរិបទកូវីដ-១៩» ដែលរៀបចំធ្វើឡើង ដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា តាមប្រព័ន្ធអនឡាញ។

បណ្ឌិ សុក ស៊ីផាន់ណា បានបញ្ជាក់យ៉ាងដូច្នេះថា «អាមេរិកអាចបង្វែរសង្កត់មកតំបន់អាស៊ានវិញម្ដង ដែលនេះជាចំណុចមួយ ដែលគួរឲ្យបារម្ភ ហើយបើសិនជាមានការតានតឹង ខាងផ្នែកនយោបាយ រវាងសហរដ្ឋអាមេរិក និងប្រទេសចិន ក៏ជះឥទ្ធិពលទៅលើពាណិជ្ជកម្ម ក៏កាន់តែតានតឹងផងដែរ»

បណ្ឌិត សុក ស៊ីផាន់ណា បានឲ្យដឹងថា ការដកទ័ព និងកម្លាំងយោធាមូលដ្ឋានទាំងអស់ របស់សហរដ្ឋអាមេរិក ចេញពីប្រទេសអាហ្គានីស្ថាន គឺជាព្រឹត្ដិការណ៍មួយដ៏សំខាន់ វាពាក់ព័ន្ធនឹងយុទ្ធសាស្ដ្រនយោបាយ។

លោកថា នៅពេលដែលអាមេរិក ដកខ្លួនចេញពីអាហ្គានីស្ថាន, អាមេរិក អត់មានសង្គ្រោះនៅកន្លែងណាទៀតទេ អីចឹងមានន័យថា អាចបង្វែរកម្លាំងទ័ព និងកម្លាំងយោធាមូលដ្ឋានទាំងអស់នោះ មកតំបន់អាស៊ានវិញ ហើយត្រង់ចំណុចនេះ វាអត់ល្អនោះទេសម្រាប់យើង។

លោកបានបន្ថែមថា ការតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន នៅលើសមុទ្រចិន និងជាមួយតៃវ៉ាន់ ក៏ជាបញ្ហាមួយដែលត្រូវកង្វល់ផងដែរ។ នៅពេលស្ថានភាពនយោបាយ មានការប្រែប្រួលបែបនេះ វានឹងធ្វើឲ្យតម្រូវការផ្គត់ផ្គង់ មានការផ្លាស់ប្ដូរផងដែរ ដោយធ្វើឲ្យរោងចក្រមួយចំនួន ផលិតទំនិញបាន ប៉ុន្ដែគ្មានកុងតឺទ័រ ហើយអាចនឹងមានការឡើងថ្លៃទៀតផង។

បណ្ឌិត សុក ស៊ីផាន់ណា បានបញ្ជាក់ថា ទាំងអស់នេះ សុទ្ធតែជាការកង្វល់ សម្រាប់ប្រទេសនីមួយៗ នៅក្នុងតំបន់ និងនៅក្នុងពិភពលោក ជាពិសេសនៅក្នុងតំបន់អាស៊ានតែម្ដងដែលចំណុចនេះ គឺជាចំណុចមួយ ដែលមានក្ដីកង្វល់ខ្លាំង៕