(ភ្នំពេញ)៖ ក្រុមហ៊ុន Telcotech ជាក្រុមហ៊ុនបណ្តាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ របស់អ្នកឧកញ៉ា គិត ម៉េង កំពុងត្រៀមខ្លួនចុះបញ្ជីលក់សញ្ញាបណ្ណ (មូលបត្របំណុល) ក្នុងផ្សារមូលបត្រកម្ពុជា (CSX) ខណៈពេលនេះក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានសម្រេចឯកភាពជាគោលការណ៍ លើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្រ របស់ក្រុមហ៊ុនTelcotech រួចហើយ។
នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ផ្សារមូលបត្រកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ។
សេចក្ដីជូនដំណឹងរបស់ CSX បានឲ្យដឹងថា «ក្រុមហ៊ុនផ្សារមូលបត្រ បានសម្រេចឯកភាពជាគោលការណ៍ លើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុន Telcotech នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដើម្បីអាចចុះបញ្ជី និងជួញដូរជាផ្លូវការនៅផ្សារមូលបត្រ»។
ក្រុមហ៊ុន Telcotech ត្រូវតែទទួលបានការអនុញ្ញាតឱ្យបោះផ្សាយលក់មូលបត្របំណុលពីនិយ័តករមូលបត្រកម្ពុជា និងត្រូវបំពេញនូវលក្ខខណ្ឌផ្សេងៗមួយចំនួនទៀត ពាក់ព័ន្ធនឹងការចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា។
សូមបញ្ជាក់ថា ក្រុមហ៊ុន Telcotech ជាក្រុមហ៊ុនទី៣ ដែលទទួលបានការឯកភាព ជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្រ នៅផ្សារមូលបត្រកម្ពុជា នៅក្នុងឆ្នាំ២០២១នេះ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Telcotech បានបង្កើតឡើងក្នុងឆ្នាំ២០០៧ និងជាក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគខ្សែកាប្លិ៍អុបទិក ក្រោមបាតសមុទ្រ MCT ដែលវិនិយោគទឹកប្រាក់ជិត១០០លានដុល្លារ តភ្ជាប់ពីប្រទេសម៉ាឡេស៊ី ប្រទេសកម្ពុជា និងប្រទេសថៃ និងជាក្រុមហ៊ុនផ្តល់សេវាអ៉ីនធឺណេត និងខ្សែកាបឈានមុខគេនៅកម្ពុជា។
កាលពីឆ្នាំ២០១១ កន្លងទៅ ក្រុមហ៊ុន Telcotech ត្រូវបានក្រុមហ៊ុន EZECOM របស់អ្នកឧកញ៉ា គិត ម៉េង អគ្គនាយក្រុមហ៊ុន Royal Group បានទិញភាគហ៊ុន១០០% ដោយក្រុមហ៊ុន Telcotech បានក្លាយជាក្រុមហ៊ុនមួយបន្ថែមទៀតនៅក្នុង EZECOM Group of Companies៕