(ភ្នំពេញ)៖ លោកបណ្ឌិត វង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា នៅឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខនេះ កម្ពុជា មានព្រឹត្ដការណ៍ធំៗ ក្រៅពីការដោះស្រាយបញ្ហាកូវីដ-១៩ ដែលត្រូវការចំណាយខ្ពស់ ទាមទារឲ្យមានការប្រមូលចំណូលពន្ធ និងចំណូលមិនមែនសារពើពន្ធ ត្រូវតែមានប្រសិទ្ធភាពខ្ពស់។
ការគូសបញ្ជាក់បែបនេះ ក្នុងឱកាសដែល លោកបណ្ឌិត វង្សី វិស្សុត អញ្ជើញចូលរួម ក្នុងសិក្ខាសាលាសភា ស្តីពី ការស្វែងយល់អំពីការកសាង ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់រៀបចំសេចក្តីព្រាងច្បាប់ ស្ដីពី ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រង ឆ្នាំ២០២២ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ។
បណ្ឌិត វង្សី វិស្សុត បានបញ្ជាក់យ៉ាងដូច្នេះថា «ឆ្នាំ២០២២ និងឆ្នាំ២០២៣ បន្ថែមពីលើការងារ គ្រប់គ្រងកូវីដ-១៩ និងដោះស្រាយបញ្ហាសេដ្ឋកិច្ច ជីវភាពសង្គម យើងមានកាតព្វកិច្ចធំ គឺការធ្វើជាម្ចាស់ផ្ទះអាស៊ាន រៀបចំការបោះឆ្នោត និងស៊ីហ្គេម [...] ដូច្នេះគ្មានជម្រើសអ្វី ក្រៅពីប្រមូលធនធានជាតិឲ្យអស់លទ្ធភាព ចំណូលទាំងសារពន្ធ និងមិនមែនសារពន្ធ»។
បន្ថែមពីនោះទៀត មន្ដ្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច បានគូសបញ្ជាក់ថា បើកម្ពុជាអាចងើបឡើងវិញ និងអាចគ្រប់គ្រងនូវបញ្ហាកូវីដ-១៩បាន នៅឆ្នាំ២០២២ ក្នុងនាមជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ គឺជាមុខមាត់ប្រវិត្ដសាស្ដ្រ និងដូរមុខមាត់ ប្រទេសកម្ពុជាទាំងស្រុងតែម្ដង។
លោកបណ្ឌិត វង្សី វិស្សុត បានលើកឡើងថា ការរៀបចំការបោះឆ្នោត និងការរៀបចំជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ាន នៅឆ្នាំ២០២២ ព្រមទាំងការដោះស្រាយបញ្ហាកូវីដ-១៩ គឺសុទ្ធសឹងតែត្រូវការថវិកា ដូច្នេះ សម្ពាធកម្ពុជាកាន់តែធ្ងន់ នៅពេលដែលខ្វះខាត ហើយនៅឆ្នាំ២០២៣ ស៊ីហ្គេមមួយទៀត ដែលចាយចង់ធំជាង ការរៀបចំកិច្ចប្រជុំអាស៊ានទៀតផងដែរ។
បណ្ឌិត វង្សី វិស្សុត បានបញ្ជាក់ថា កម្ពុជា ត្រូវតែប្រឹងឲ្យអស់ពីលទ្ធភាព ក្នុងការរកចំណូលក្នុងស្រុក និងទាំងការខ្ចីគេ ទាំងក្នុង និងក្រៅស្រុក ព្រមទាំងប្រាក់សន្សំ ត្រូវតែផ្គុំគ្នា ហើយចាយឲ្យចំអាទិភាពបំផុត ដើម្បីត្រូវធានាថា ត្រូវមានធនធានគ្រប់គ្រាន់ សម្រាប់ទ្រទ្រង់ឲ្យរួចទាំងអស់ នូវអ្វីដែលជាតម្រូវការពិតប្រាកដ អាទិភាពរបស់ជាតិ ដោយមិនឲ្យដួលរលំបានទេ៕