(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី «ការដាក់ឲ្យដំណើរការ «គម្រោងសហហិរញ្ញប្បទាន ទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២» ដែលមានទឹកប្រាក់១០០លានដុល្លារ។

តាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា គម្រោងសហហិរញ្ញប្បទាន ទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២ ត្រូវបានបង្កើតឡើង និងដាក់ឲ្យដំណើរការ ជាផ្លូវការចាប់ពីពេលនេះតទៅ។

គម្រោងសហហិរញ្ញប្បទាននេះ មានគោលបំណងផ្តល់ឥណទានមានការប្រាក់ទាប ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាព ដូចជា ឧស្សាហកម្ម សេវាកម្ម និងពាណិជ្ជកម្ម សម្រាប់ជំនួសឲ្យការនាំចូល បម្រើសេចក្តីត្រូវការក្នុងស្រុក ឬបម្រើជាធាតុចូលនៅក្នុងការផលិតរបស់ក្រុមហ៊ុនធំៗ ជាដើម។

មូលនិធិក្រោមគម្រោងសហហិរញ្ញប្បទាននេះ មានទំហំទឹកប្រាក់១០០លានដុល្លារអាមេរិក ដែលជាការផ្តល់សហហិរញ្ញប្បទានបដិភាគស្មើគ្នា រវាងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក (ធ.ស.ក) និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម។

គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម នៃគម្រោងសហហិរញ្ញប្បទាននេះ មានចំនួន ២៦ ក្នុងនោះ ធនាគារពាណិជ្ជចំនួន ២១, ធនាគារឯកទេស ចំនួន១, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ចំនួន ៣, និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន១។

សហគ្រាសធុនតូច និងមធ្យម ដែលមានតម្រូវការឥណទាន អាចដាក់ពាក្យស្នើសុំ ឥណទានក្រោមគម្រោងសហហិរញ្ញប្បទាននេះ នៅតាមគ្រឹះស្ថានហិរញ្ញវត្ថុ ចូលរួមណាមួយ ដោយគោរពតាមលក្ខខណ្ឌ របស់គម្រោងសហហិរញ្ញប្បទាននេះ និងលក្ខខណ្ឌផ្តល់ឥណទាន របស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមនីមួយៗ។

លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (ធ.ស.ក) បានឲ្យដឹងថា សហគ្រាសធុនតូច និងមធ្យម ដើរតួរនាទីយ៉ាងសំខាន់ ក្នុងការចូលរួមការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងការបង្កើតការងារ។

លោកបណ្ឌិត ផាន់ ផល្លា សង្ឃឹមថា គម្រោងសហហិរញ្ញប្បទាន ទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២នេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការគាំទ្រ សហគ្រាសធុនតូច និងមធ្យម ក្នុងការបន្ដរក្សាលំនឹងអាជីវកម្មខ្លួនក្នុងគ្រាដ៏លំបាកនេះ និងត្រៀមខ្លួនងើបឡើងវិញ ក្រោយវិបត្ដិជំងឺកូវីដ-១៩។

ជាមួយគ្នានេះ លោកបណ្ឌិត ផាន់ ផល្លា បានបញ្ជាក់ថា គម្រោងជំហានទី២ ដែលមានទឹកប្រាក់១០០លានដុល្លារនេះ ក្នុងនោះ មាន៥០លានដុល្លារ ចូលរួមដោយរាជរដ្ឋាភិបាល និង៥០លានដុល្លារទៀត ចូលរួមដោយគ្រឹះស្ថានហិរញ្ញវត្ថុឯកជន។

លោកបណ្ឌិត បានគូសបញ្ជាក់ថា គម្រោងជំហានទី២នេះ នឹងធ្វើការកែលម្អនូវចំណុច អសកម្មមួយចំនួន និងធ្វើឲ្យកាន់តែប្រសើរឡើង នូវលក្ខខណ្ឌកម្ចី ដល់សហគ្រាស ធុនតូច និងមធ្យម ដោយបានដំឡើងទំហំប្រាក់កម្ចីរហូតដល់ ៥០០,០០០ ដុល្លារអាមេរិក សម្រាប់សហគ្រាសធុនតូច និងមធ្យមមួយ។

«គ្របដណ្តប់លើប្រភេទមុខរបរ ច្រើនជាងមុន, បន្ថយអត្រាការប្រាក់អតិបរមាមកត្រឹម ៦,៥% សម្រាប់អាជីវកម្មស្ថិតនៅក្នុងវិស័យអាទិភាព ប៉ុន្តែដំឡើងការប្រាក់ដល់ ៧,៥% សម្រាប់មុខរបរទូទៅ និងរក្សារយៈពេលផ្តល់កម្ចីបានយូរ រហូតដល់៧ឆ្នាំ»។ នេះជាការគូសបញ្ជាក់បន្ថែម របស់លោកបណ្ឌិត ផាន់ ផល្លា។

បណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា សហគ្រាសធុនតូច និង មធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា ដោយហេតុថាសហគ្រាស ទាំងនោះ ចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងផលិផលសរុបក្នុងស្រុក (GDP) របស់ប្រទេស ព្រមទាំងបង្កើតការងារ ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាផងដែរ។

បណ្ឌិត អ៊ិន ចាន់នី បានបញ្ជាក់ឲ្យដឹងថា បញ្ហាប្រឈមមួយចម្បង ក្នុងចំណោមបញ្ហាប្រឈមនានា គឺហិរញ្ញប្បទាន ដែលជាកត្តាដ៏សំខាន់ ក្នុងការរារាំងការរីកចំរើន របស់សហគ្រាសធុនតូច និង មធ្យម។

បន្ថែមពីនោះទៀត លោកបណ្ឌិត បានឲ្យដឹងថា គម្រោងជំហានទី២នេះ នឹងចូលរួមគាំទ្រសហគ្រាសធុនតូច និង មធ្យម ក្នុងការទទួលបានហិរញ្ញប្បទានងាយស្រួល និង សមរម្យ ដើម្បីបង្កើននូវភាពចំរុះសេដ្ឋកិច្ច និងដើម្បីសម្រាលបន្ទុកអតិថិជន របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងអំឡុងពេលនៃការរីករាលដាល នៃជំងឺកូវីដ-១៩។

គូសបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ បានដាក់ឲ្យដំណើរការ គម្រោងសហហិរញ្ញប្បទាន ទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជាម្ដងរួចមកហើយ ដែលមានទឹកប្រាក់១០០លានដុល្លារ៕