Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យល់ដឹងអំពីជំនួញ៖ សេដ្ឋីកម្ពុជាអ្នកឧកញ៉ា ពុង ឃាវសែ ទទូចឲ្យយុវជនងាកទៅរករៀនជំនាញបច្ចេកទេស ដែលក្រុមហ៊ុនវិនិយោគកំពុងត្រូវការខ្លាំង (Video inside)

15-08-2021 11:50

(ភ្នំពេញ)៖ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ធនាគារកាណាឌីយ៉ា ក.អ ដែលគេស្គាល់ថា ជាសេដ្ឋីល្បីឈ្មោះរបស់កម្ពុជា បានជំរុញឲ្យយុវជន ងាកមករៀនជំនាញបច្ចេកទេស ដោយអ្នកឧកញ៉ាអះអាងថា មានក្រុមហ៊ុនវិនិយោគជាច្រើន ប្រាប់លោកថា ត្រូវការអ្នកជំនាញបច្ចេកទេសមកបំពេញការងារ។

ក្នុង «កម្មវិធីជជែកដេញដោល យុវជនថ្នាក់ជាតិ២០២១» អ្នកឧកញ៉ា ពុង ឃាវសែ បានបញ្ជាក់យ៉ាងដូច្នេះថា «មានការបារម្ភមួយរបស់ខ្ញុំថា ក្មេងរបស់យើងៗ ចូលចិត្ដរៀនខាងគណនី គ្រប់គ្រង ហរិញ្ញវត្ថុ ធនាគារ មិនសូវមានអ្នករៀនខាងបច្ចេកទេស សូម្បីតែសាលាតិចណូ ចំពោះកូនសិស្សជានារី ក៏ចុះថ្លៃពាក់កណ្ដាលដែរ ដើម្បីទាក់ទាញនារីឲ្យចូលទៅរៀន»

អ្នកឧកញ៉ា ពុង ឃាវសែ បានបញ្ជាក់ឲ្យដឹងថា មានក្រុមហ៊ុនបរទេសជាច្រើនបានប្រាប់មកលោកថា ពួកគេត្រូវការអ្នកជំនាញខាងបច្ចេកទេស ហើយនៅកម្ពុជាមិនសូវសំបូរនោះឡើយ ដែលធ្វើឲ្យពួកគេបង្ខំចិត្ដ ទៅរកអ្នកជំនាញពីក្រៅប្រទេសមកវិញ ដែលមានតម្លៃថ្លៃ និងមិនបានធ្វើការងារ បានជាប់លាប់នោះឡើយ ដោយពួកអ្នកជំនាញទាំងនោះ ច្រើនតែសុំទៅលេងប្រទេសខ្លួន ដែលនាំឲ្យរំខានដល់ចង្វាក់ផលិតកម្ម។

បន្ថែមពីនោះទៀត អ្នកឧកញ៉ា ពុង ឃាវសែ មានភាពជឿជាក់ថា ទៅថ្ងៃខាងមុខនេះ កម្ពុជានឹងមានក្រុមហ៊ុនវិនិយោគ ដែលមានជំនាញ បច្ចេកទេសខ្ពស់ពីបរទេស មកវិនិយោគនៅប្រទេសកម្ពុជាកាន់តែច្រើន ដូចជាជាក់ស្ដែង កម្ពុជាបានចាប់ផ្ដើម ចាប់យករោងចក្រ ដែលមានបច្ចេកទេសខ្ពស់ នៅតំបន់ឧស្សាហកម្មជប៉ុន នៅផ្លូវជាតិលេខ៤ ជាដើម។

អ្នកឧកញ៉ា ពុង ឃាវសែ បានលើកឡើងថា បើសិនជាយុវជនចេះនូវជំនាញបច្ចេកទេសនេះ វាគឺជាឱកាសមួយសម្រាប់យើង ហើយធនាគារកាណាឌីយ៉ា ក៏មានគោលការណ៍សម្រាប់កូនសិស្សណា ដែលចិត្ដចង់រៀនខាងជំនាញនេះ ធនាគារក៏មានផ្តល់ជាឥណទាន៧០ភាគរយ ដោយការប្រាក់ទាបបំផុត ហើយបើសិនជារៀនពូកែទៀត ការប្រាក់នឹងអាចដល់០ភាគរយផងដែរ។

អ្នកឧកញ៉ា ពុង ឃាវសែ បានគូសបញ្ជាក់ទៀតថា នេះជាកិច្ចការមួយដែលធនាគារការណាឌីយ៉ា ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដើម្បីឲ្យប្រទេសកម្ពុជា មានសេដ្ឋកិច្ចល្អ ហើយចំណូលរបស់ប្រជាពលរដ្ឋ ក៏មានការកើនឡើង ហើយឈានទៅដល់ប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៥០ ប៉ុន្ដែបើសិនជាយើងស្រុះគ្នាទៀតអាចនៅឆ្នាំ២០៤០ កម្ពុជានឹងសម្រេចបានហើយ៕