(ភ្នំពេញ)៖ អំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ ការប្រើប្រាស់ការទូទាត់តាម ប្រព័ន្ធអេឡិចត្រូនិក មានការកើនឡើង ដោយសារតែប្រជាពលរដ្ឋ មិនចង់ប្រើប្រាស់ក្រដាសប្រាក់ដោយផ្ទាល់ ព្រោះការប្រើប្រាស់ក្រដាស់ប្រាក់ អាចបង្កជាការចម្លងជំងឺកូវីដ១៩។

ជាក់ស្ដែងគិតត្រឹមរយៈពេល៣ខែចុងក្រោយនេះ ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក «បាគង» មានការកើនឡើងជាខ្លាំង ដោយមានអ្នកទាយយកទៅប្រើប្រាស់ ប្រមាណជាង២០ម៉ឺនដោនឡូត។

នេះបើតាមលោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានថ្លែងឲ្យដឹងក្នុងកម្មវិធី ដាក់ឱ្យដំណើរការជាផ្លូវការ សេវាផ្ទេរប្រាក់ឆ្លងដែន មេយប៊ែង-បាគង រវាងប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា ដែលរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា និងធនាគារមេយប៊ែង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ។

លោកស្រី ជា សិរី បានថ្លែងថា «ប្រព័ន្ធទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក បាគង ពិតជាមានសារៈសំខាន់ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ ខណៈដែលអ្នកទាំងអស់គ្នាកំពុងអនុវត្តន៍ គម្លាតសុវត្ថិភាព ព្រមទាំងកាត់បន្ថយប្រតិបត្តិការផ្ទេរប្រាក់ដោយផ្ទាល់ផងដែរ។ ជារឿងល្អប្រសើរមួយយើងបានបង្កើត ប្រព័ន្ធទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក បាគង មុនពេលដែលមានការផ្ទុះឡើងនៃជំងឺកូវីដ១៩នេះ»។

លោកស្រី ជា សិរី បានឲ្យដឹងថា ប្រព័ន្ធទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកបាគងនេះ បានផ្ដល់ជម្រើសដល់ល្អ សម្រាប់អតិថិជនប្រតិបត្តិការផ្ទេរប្រាក់ ដោយមិនចាំបាច់បារម្ភថា ភាគីផ្សេងទៀតប្រើប្រាស់សេវាកម្មផ្សេងៗ ខុសពីសេវាកម្មធនាគារដែលខ្លួនមាននោះឡើយ។

លោកស្រីបានបន្ថែមថា យើងឃើញថាមានការកើនឡើង ជាកំហុកនូវការទូទាត់ប្រាក់ តាមប្រព័ន្ធធនាគារលើទូរស័ព្ទដៃ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលចាប់ពីឆ្នាំ២០១៩ ដល់ចុងឆ្នាំ២០២០។

លោកស្រី ជា សិរី បានបញ្ជាក់ថា «តាមខ្ញុំចាំប្រព័ន្ធទូទាត់ប្រាក់ តាមប្រព័ន្ធធនាគារលើទូរស័ព្ទដៃ មានប្រមាណជា៤លានប្រតិបត្តិការ បើគិតជាតម្លៃជិត៤០០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ដូច្នេះមានន័យថា នេះជាសន្ទុះមួយយ៉ាងលឿន ដែលខ្ញុំមិនអាចប្រៀបធៀប ចំនួនសមាមាត្រនៃប្រតិបត្តិការប្រាក់ជាសាច់ប្រាក់ និងប្រតិបត្តិការតាមប្រព័ន្ធធនាគារ លើទូរស័ព្ទដៃ ព្រោះយើងមិនទាន់មានទិន្នន័យជាក់លាក់ ពីចំនួននៃប្រតិបត្តិការជាសាច់ប្រាក់ ប៉ុន្ដែតាមអ្វីដែលខ្ញុំដឹង ការកើនឡើងនៃប្រតិបត្តិការប្រាក់ តាមរយៈប្រពន្ធធនាគារលើទូរស័ព្ទដៃនេះ គឺស្មើប្រមាណ៣ភាគ៤ក្នុងរយៈពេលដ៏ខ្លី»

លោកស្រីបានបន្ថែមថា «និយាយចំពោះប្រព័ន្ធបាគង គិតត្រឹមចុងខែមិនានេះ ចំនួននៃការទាញយកកម្មវិធី បាគងមានត្រឹម១០ម៉ឺនដោនឡោតប៉ុណ្ណោះ ដែលតួលេខនេះមិនបានធ្វើខ្ញុំសប្បាយចិត្តនោះឡើយ ទោះបីជាប្រព័ន្ធបាគងនេះ បង្កើតមិនបានប៉ុន្មាក៏ដោយ ពោលគិតត្រឹមខែតុលា ឆ្នាំ២០២០ ខ្ញុំបានរំពឹងទុកថា ចំនួននៃការប្រើប្រាស់ គួរតែមានច្រើនជាងនេះ»

លោកស្រីបន្ដថា «ក្នុងអំឡុងខែមេសា ឆ្នាំ២០២១នេះ មានការបិទខ្ទប់ការធ្វើដំណើរយូរល្មមដែល ពេលនោះហើយដែលយើងឃើញថា ចំនួននៃការស្វែងរកកម្មវិធីបាគង មានច្រើនលើទូរស័ព្ទដៃ ក្នុងរយៈពេល៣ខែប៉ុណ្ណោះ ចំនួននៃអ្នកប្រើប្រាស់បាគងកើនទ្វេដង។ គិតត្រឹមចុងខែមិថុនា មានចំនួនអ្នកទាញយកកម្មវិធីបាគង រហូតប្រមាណ២០ម៉ឺនដោនឡោត និងមានអ្នកស្គាល់បាគងមានរហូតដល់ ជាង២លាននាក់ហើយ គិតមកដល់ពេលនេះ»

សូមជម្រាបថា ប្រជាពលរដ្ឋបានផ្លាស់ប្ដូរ ពីការទូទាត់សាច់ប្រាក់សុទ្ធ មកទូទាត់សាច់ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិកវិញ ដើម្បីចូលរួមកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ១៩ តាមរយៈការប្រើប្រាស់ក្រដាស់ប្រាក់ ដោយមិនបានសម្អាតបានត្រឹមត្រូវ។ ការផ្លាស់ប្ដូរនេះបានធ្វើឲ្យការទូទាត់ តាមប្រព័ន្ធអេឡិចត្រូនិកកើនឡើងខ្លាំង។

កន្លងមកធនាគារជាតិនៃកម្ពុជា ក៏បានជំរុញឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងស្ថាប័ននានាក្នុងប្រទេសកម្ពុជា ផ្តល់ការលើកទឹកចិត្តដល់អតិថិជន និងក្រុមហ៊ុនសហគ្រាស ដែលជ្រើសរើសយកប្រតិបត្តិការទូទាត់ជាអេឡិចត្រូនិកជំនួស ឱ្យប្រតិបត្តិការទូទាត់ ដែលប្រើប្រាស់ក្រដាសប្រាក់។

ជាក់ស្ដែងមានបណ្ដាធនាគារ និងសហគ្រាសជាច្រើនបានមកប្រើប្រាស់ ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ក្នុងនោះមានធនាគារ អេស៊ីលីដា ភីអិលស៊ីជាដើម៕