(ភ្នំពេញ)៖ បណ្ឌិត ម៉ី កល្យាណ ប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន បានគូសបញ្ជាក់ថា បើសិនជាចង់ទាក់ទាញអ្នកវិនិយោគិនជប៉ុន កម្ពុជា គួរតែសម្លឹងមើលលើអ្នកវិនិយោគិនជប៉ុន ដែលកំពុងរកស៊ីនៅប្រទេសក្នុងតំបន់របស់ខ្លួន ប្រសើរជាងរកអ្នកវិនិយោគជប៉ុន ដែលនៅប្រទេសជប៉ុនផ្ទាល់។

ការគូសបញ្ជាក់បែបនេះ ក្នុងឱកាសដែល បណ្ឌិត ម៉ី កល្យាណ អញ្ជើញចូលរួមពន្យល់ពី «សក្តានុពលវិនិយោគិនជប៉ុន សម្រាប់សេដ្ឋកិច្ចកម្ពុជា» ក្នុងកម្មវិធីភ្ញៀវពិសេសប្រចាំសប្ដាហ៍ របស់ទូរទស្សន៍ Fresh News។

ប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន បានបញ្ជាក់យ៉ាងដូចេ្នះថា «បើយើងចង់ទាក់ទាញជប៉ុន យើងមិនអាចទៅទាក់ទាញជប៉ុន ដែលនៅប្រទេសជប៉ុននោះទេ មានតែទាក់ទាញជប៉ុន ដែលនៅប្រទេសផ្សេងៗ»

បណ្ឌិត ម៉ី កល្យាណ បានបញ្ជាក់ឲ្យដឹងថា អ្នកវិនិយោគិនជប៉ុន នៅជុំវិញប្រទេសកម្ពុជា គឺបានចេញ-ចូលប្រទេសកម្ពុជា មានចំនួនច្រើន ដែលមកសិក្សាអំពីស្ថានភាពនៅក្នុងប្រទេសកម្ពុជា ដើម្បីពិចារណាក្នុងការវិនិយោគធ្វើអ្វីមួយ។

បន្ថែមពីនោះទៀត ប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជា ត្រូវតែនាំគ្នាបន្ដការរៀនសូត្រអំពីបច្ចេកទេស ដែលប្រកបដោយក្រមសីលធម៌ ហើយជាពិសេសទៀត ប្រជាពលរដ្ឋកម្ពុជានៅខ្វះជំនាញទន់ (Soft Skill) ដោយពុំសូវចេះរាក់ទាក់ និងសម្រួលខ្លួនធ្វើការជាមួយបរទេស។

តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា គិតត្រឹមដំណាច់ ខែមករា ឆ្នាំ២០២១ កម្ពុជាទទួលស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ របស់ជប៉ុន ចំនួន១៤៤គម្រោង ក្នុងទុនវិនិយោគសរុប ប្រមាណ២.៧៩ប៊ីលានដុល្លារអាមេរិក។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្ថែមទៀតថា គម្រោងវិនិយោគជប៉ុនទាំង១៤៤នេះ ក្នុងនោះ មានគម្រោងវិនិយោគ ចំនួន៦៦គម្រោង បានបោះទីតាំងវិនិយោគ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគ សរុបប្រមាណ៣៤០លានដុល្លារអាមេរិក៕