(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងធនាគារមេយប៊ែង បានសហការគ្នាដាក់ឱ្យដំណើរការ ជាផ្លូវការសេវាផ្ទេរប្រាក់ឆ្លងដែន រវាងប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា តាមរយៈកម្មវិធីទូទាត់ «បាគង» និងកម្មវិធី «MAE app» របស់ធនាគារមេយប៊ែង ដើម្បីបន្ថែមការងាយស្រួល ក្នុងការប្រើប្រាស់ និងការផ្ទេរប្រាក់។
ការដាក់ជាផ្លូវការនូវកម្មវិធី ដាក់ឱ្យដំណើរការសេវាផ្ទេរប្រាក់ឆ្លងដែន រវាងប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា តាមរយៈកម្មវិធីទូទាត់ «បាគង» និងកម្មវិធី «MAE app» របស់ធនាគារមេយប៊ែង រៀបចំឡើងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។
សេវាផ្ទេរប្រាក់ឆ្លងដែននេះ នឹងអនុញ្ញាតឱ្យអតិថិជនរបស់ធនាគារមេយប៊ែង នៅប្រទេសម៉ាឡេស៊ីផ្ទេរប្រាក់ដោយផ្ទាល់ ទៅក្រុមគ្រួសារ មិត្តភក្តិ ឬដៃគូអាជីវកម្មនៅប្រទេសកម្ពុជា តាមរយៈកម្មវិធី MAE app បានយ៉ាងងាយស្រួល ដោយគ្រាន់តែប្រើលេខទូរស័ព្ទ របស់អ្នកទទួលដែលបានចុះឈ្មោះ ប្រើប្រាស់កម្មវិធីបាគង។
ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា នៅដំណាក់កាលទី១នេះ អតិថិជនអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ពី ប្រទេសម៉ាឡេស៊ី មកប្រទេសកម្ពុជា ចំណែកឯប្រតិបត្តិការផ្ទេរប្រាក់ពីប្រទេសកម្ពុជាទៅប្រទេសម៉ាឡេស៊ី នឹងត្រូវដាក់ឱ្យដំណើរការនៅដំណាក់កាលបន្ទាប់។
អតិថិជនរបស់ធនាគារមេយប៊ែង ក៏អាចទទួលបាននូវបទពិសោធន៍នៃ ការប្រើប្រាស់ប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងកម្រៃសេវាសមរម្យ។ ជាមួយគ្នានេះ អតិថិជនអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់បានរហូតដល់ ២.៥០០ ដុល្លារអាមេរិក (ឬស្មើនឹង ១០.០០០ រីងហ្គីត) ក្នុងមួយថ្ងៃ។
លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានអបអរសាទរចំពោះ ក្រុមការងារធនាគារជាតិនៃកម្ពុជា និងក្រុមការងារធនាគារមេយប៊ែង ដែលសម្រេចបាននូវសមិទ្ធផលដ៏ល្អប្រសើរនេះ។
លោក ជា ចាន់តូ បានឲ្យដឹងថា «ខ្ញុំជឿជាក់ថា ការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែន រវាងប្រទេសកម្ពុជា និងម៉ាឡេស៊ីតាមប្រព័ន្ធបាគងនេះ នឹងជួយឱ្យប្រទេសទាំងពីរ សម្រេចបាននូវកិច្ចសហប្រតិបត្តិការ ផ្នែកហិរញ្ញវត្ថុកាន់តែស៊ីជម្រៅមួយកម្រិតទៀត ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបម្រើជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៃ ប្រទេសទាំងពីរ ជាពិសេសពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសម៉ាឡេស៊ីត្រូវការផ្ទេរប្រាក់ ដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារ ប្រកបដោយសុវត្ថិភាព និងចំណាយតិច»។
លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានថ្លែងថា «យើងពិតជាមានសេចក្តីសោមនស្ស ដែលបានដាក់ឱ្យដំណើរការជាផ្លូវការ នូវសេវាផ្ទេរប្រាក់ឆ្លងដែនមេឃប៊ែង-បាគង ដែលជាសេវាទូទាត់ឆ្លងដែន ដំបូងបង្អស់របស់ប្រព័ន្ធបាគង។ ប្រជាពលរដ្ឋកម្ពុជាដែលកំពុងធ្វើការ និងរស់នៅក្នុងប្រទេសម៉ាឡេស៊ី នឹងទទួលបានអត្ថប្រយោជន៍ពីសេវានេះ ដែលនឹងជួយលើកកម្ពស់ផ្នែកហិរញ្ញវត្ថុ របស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ដោយសារប្រជាពលរដ្ឋ អាចគ្រប់គ្រងមូលនិធិរបស់ខ្លួនបានយ៉ាងសកម្ម រួមមាន ការទូទាត់ចំណាយផ្សេងៗសម្រាប់គ្រួសារ និងការផ្ទេរប្រាក់ទៅកាន់មនុស្សជាទីស្រឡាញ់របស់ពួកគាត់ ជាដើម»។
លោកស្រីបន្ថែមថា «លើសពីការជំរុញការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ និងការលើកកម្ពស់ការតភ្ជាប់ ប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី ការផ្ទេរប្រាក់ឆ្លងដែនមកកាន់កម្ពុជា ដែលមានភាពងាយស្រួល ឆាប់រហ័ស និងចំណាយតិច ក៏ជាវិធីមួយក្នុងការពន្លឿនបរិយាបន្នហិរញ្ញវត្ថុរ បស់សហគមន៍ដែលខ្វះខាតផងដែរ»។
លោក Abdul Farid Alias ប្រធានមេយប៊ែងគ្រុប និងជានាយកប្រតិបត្តិនៃធនាគារមេយប៊ែង ម៉ាឡេស៊ី បានលើកឡើងថា ធនាគារមេយប៊ែង ពិតជាមានកិត្តិយសណាស់ដែលបានក្លាយជា ធនាគារពាណិជ្ជដំបូងគេក្នុងពិភពលោក ដែលសហការជាមួយធនាគារជាតិនៃកម្ពុជា ក្នុងការបង្កើតប្រព័ន្ធទូទាត់និងផ្ទេរប្រាក់ឆ្លងដែនតាមប្រព័ន្ធបាគង។
លោកបានបញ្ជាក់ថា «ធនាគារមេយប៊ែងមានមោទនភាព ដែលបានចូលរួមក្នុងគំនិតផ្តួចផ្តើម ដ៏សំខាន់នេះ ដើម្បីផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុឌីជីថល ប្រកបដោយប្រសិទ្ធភាពជូនសាធារណជន ជាពិសេសប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅប្រទេសម៉ាឡេស៊ី ជាមួយនឹងការលើកកម្ពស់ផ្នែកហិរញ្ញវត្ថុកាន់តែទូលំទូលាយ។ ការប្រើប្រាស់ការតភ្ជាប់ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) និងបច្ចេកវិទ្យាឌីជីថល យើងបានកែប្រែបទពិសោធន៍នៃ ការផ្ទេរប្រាក់ឆ្លងដែនរវាងប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា ដែលផ្តល់នូវភាពងាយស្រួល និងចំណាយសមរម្យ»។
លោកបានបន្ថែមថា «ការដាក់ឱ្យដំណើរការជាផ្លូវការនេះ ក៏ជាសមិទ្ធផលថ្មីមួយ ក្នុងដំណើរឆ្ពោះទៅរកឌីជីថល របស់ធនាគារមេយប៊ែងផងដែរ ហើយនេះជាសេវាផ្ទេរប្រាក់ឆ្លងដែនដំបូងនៃកម្មវិធី MAE app របស់យើង»។
លោក Abdul Farid Alias បន្ដទៀតថា ធនាគារមេយប៊ែងនឹងបន្តកិច្ចសហប្រតិបត្តិការ ជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីពង្រីកបន្ថែមនូវសេវាដែលអនុញ្ញាតឱ្យ មានការផ្ទេរប្រាក់ពីប្រទេសកម្ពុជា ទៅប្រទេសម៉ាឡេស៊ីក៏ដូចជាសិក្សា និងពិនិត្យលើកាលានុវត្តភាពថ្មីៗបន្ថែមទៀត។
លោក Mohd Hanif Suadi នាយកប្រតិបត្តិនៃធនាគារមេយប៊ែងកម្ពុជា បានថ្លែងថា «សេវាផ្ទេរប្រាក់ឆ្លងដែនមេយប៊ែង-បាគង នឹងដោះស្រាយនូវបញ្ហាកម្រៃសេវាផ្ទេរប្រាក់ខ្ពស់ និងរយៈពេលយូរនៃប្រតិបត្តិការ ដែលកើតមានជាយូរមកហើយ។ សេវាផ្ទេរប្រាក់ឆ្លងដែននេះ នឹងជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសម៉ាឡេស៊ី និងក្រុមគ្រួសាររបស់ពួកគាត់ពីព្រោះ ពួកគាត់អាចទទួលបានមូលនិធិភ្លាមៗ និងដោយគ្មានការព្រួយបារម្ភអ្វីទៀតឡើយ»។
លោកបានបន្ថែមថា នេះគឺស្របតាមគោលដៅរបស់ធនាគារមេយប៊ែងកម្ពុជា ក្នុងការផ្តោតលើការបង្កើតបណ្តាញឌីជីថលមួយ ដើម្បីផ្តល់ជូនអតិថិជន ជាមួយនឹងបទពិសោធន៍ធនាគារ ប្រកបដោយភាពរលូន និងគ្មានក្តីបារម្ភ។ យើងមានមោទនភាពក្នុងការគាំទ្រ ការឆ្ពោះទៅរកសង្គមមួយ ដែលមិនប្រើប្រាស់សាច់ប្រាក់នៅកម្ពុជា និងពន្លឿនបរិយាបន្នហិរញ្ញវត្ថុ ជាពិសេសនៅក្នុងសហគមន៍ ដែលពុំទទួលបានសេវាហិរញ្ញវត្ថុ។
សូមជម្រាបថា ទន្ទឹមនឹងការដាក់ឱ្យដំណើរការផ្លូវការនេះ ធនាគារមេយប៊ែងនឹងពុំគិតកម្រៃសេវា រាល់ប្រតិបត្តិការផ្ទេរប្រាក់ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ អតិថិជនដែលមានបំណង ចង់ប្រើប្រាស់នូវសេវាផ្ទេរប្រាក់ឆ្លងដែនមេយប៊ែង-បាគង អាចចូលទៅកាន់កម្មវិធី MAE app ដោយគ្រាន់ចុចលើប៊ូតុង «Transfer» នៅក្នុងគណនីសន្សំ ឬគណនីចរន្តរបស់ពួកគាត់បានយ៉ាងងាយស្រួល៕