(ភ្នំពេញ)៖ ឆមាសទី១ ឆ្នាំ២០២១នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានចំនួន ១៥,៣០៧,៧២១ដុល្លារ (ពុំទាន់ធ្វើសវនកម្ម) មានការកើនឡើង៨ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២០ មានចំនួន១៤,១០៩,៨៣៤ដុល្លារ (បានធ្វើសវនកម្ម)។ នេះបើតាមរបាយការណ៍ របស់កំពង់ផែស្វយ័តភ្នំពេញ។

របាយការណ៍ ដែលបណ្ដាញបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ប្រភពចំណូល របស់កំពង់ផែស្វយ័តភ្នំពេញ ដែលទទួលបាននៅឆមាសទី១ ឆ្នាំ២០២១នេះ រួមមាន៖

* ទី១៖ ចំណូលពីប្រតិបត្តិការផែ មានចំនួន១១,៩១៦,៣៩៩ដុល្លារ។
* ទី២៖ ចំណូលបានពីអាជ្ញាធរផែ មានចំនួន ១,៦៦៤,៧៦៦ដុល្លារ។
* ទី៣៖ ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន ២១៤,០០៨ដុល្លារ។
* ទី៤៖ ចំណូលផ្សេងៗ មានចំនួន ១,៥១២,៥៤៨ដុល្លារ។

ដោយឡែក ចំពោះលទ្ធផលការងារអាជីវកម្ម សេវាកម្ម អនុវត្ដសម្រាប់៧ខែ ដើមឆ្នាំ២០២១ រួមមាន៖

ទី១៖ ទំនិញ-ប្រេងឥន្ធនៈ មានចំនួន២,២៥៧,២៦៣តោន កើនឡើង៦.៦៧ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ចំនួន២,១១៦,០៦៩តោន។

ទី២៖ នាវាផ្ទុកទំនិញឆ្លងកាត់ មានចំនួន១,៣៤០ជើង ថយចុះ០.២២ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ចំនួន១,៣៣៧ជើង។

ទី៣៖ បរិមាណកុងតឺន័រ មានចំនួន១៨២,២១៧ធីអ៊ីយូ កើនឡើង១១.៧៧ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ចំនួន១៦៣,០២៩ធីអ៊ីយូ។

បើតាមលោក ហ៊ី បាវី អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ធ្លាប់ប្រាប់មកបណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្នុងឆ្នាំ២០២១នេះ កំពង់ផែក្រុងភ្នំពេញ បានត្រៀមធ្វើកិច្ចការជាច្រើន សម្រាប់ត្រៀមបំរុងនៅពេលដែលបញ្ហាកូវីដ-១៩ ត្រូវបានបញ្ចប់។

លោកអគ្គនាយកបានគូសបញ្ជាក់ថា នៅពេលដែលបញ្ហាកូវីដ-១៩ ត្រូវបានបញ្ចប់ គឺអ្វីៗនឹងស្ទុះឡើងវិញ ហើយកំពង់ផែក្រុងភ្នំពេញ បានត្រៀមធ្វើកិច្ចការ ដើម្បីឲ្យសមត្ថភាព ផ្ដល់សេវារបស់កំពង់ផែក្រុងភ្នំពេញ។

គូសបញ្ជាក់ថា នៅឆ្នាំ២០២០ កំពង់ផែស្វយ័តក្រុងភ្នំពេញ រកចំណូលបាន ២៩,៤៨៧,៣៧៨ដុល្លារ ធ្លាក់ចុះ៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ មានចំណូលចំនួន៣១,៣១១,២៦៤ដុល្លារ៕