(ភ្នំពេញ)៖ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានអះអាងថា វិស័យខុននៅកម្ពុជា បានបន្តរងផលប៉ះពាល់ ដោយសារវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩។
លោកថា វិស័យខុនដូនៅតែជួបប្រទះបញ្ហាប្រឈមនៃការជាប់គាំង ព្រោះតែត្រូវពឹងផ្អែកស្ទើរទាំងស្រុងលើភ្ញៀវបរទេស តែអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ មិនមានភ្ញៀវបរទេសណាធ្វើដំណើរមកកាន់កម្ពុជាឡើយ ដូច្នេះបានជាធ្វើឲ្យវិស័យខុនដូ ជួបប្រទះបញ្ហាប្រឈម ប៉ុន្ដែទោះជាយ៉ាងនេះក្ដី ក៏តម្លៃខុនដូមិនបានធ្លាក់ថ្លៃឡើយ។
លោក ច្រឹក សុខនីម បានឲ្យដឹងថា «គិតត្រឹមឆមាសទី១ ឆ្នាំ២០២១នេះ វិស័យខុនដូនៅតែជួបប្រទះបញ្ហាប្រឈមដដែល ប៉ុន្ដែតម្លៃនៃការទិញលក់ មិនធ្លាក់ចុះច្រើនទេ។ បញ្ហាប្រឈមរបស់វិស័យខុនដូ ដោយសារតែចំនួនចរន្ដនៃការធ្វើដំណើររបស់ជនបរទេស ទៅកាន់បណ្ដាប្រទេសផ្សេងៗ ឬមកកាន់ប្រទេសកម្ពុជានៅមានកម្រិត ដូច្នេះបញ្ហាប្រឈមនៃការទិញលក់ខុនដូនៅតែជាបញ្ហា»។
លោកបានបន្ថែមថា និយាយចំពោះតម្រូវការជួលនៃវិស័យខុនដូវិញ សម្រាប់អតិថិជនចាស់ នៅតែបន្ដជួលដដែល ប៉ុន្ដែចរន្ដភ្ញៀវថ្មីៗមិនមានទេ។ បញ្ហាជំងឺកូវីដ១៩នេះ ពិតជាផ្ដល់ការលំបាកច្រើន ហើយបើជំងឺកូវីដ១៩ នៅបន្ដអូសបន្លាយ ច្បាស់ណាស់ថា នឹងផ្ដល់បញ្ហាប៉ះពាល់លើវិស័យជាច្រើនមិនថា វិស័យខុនដូ ឬវិស័យផ្សេងៗទៀតនោះទេ។
លោក ប៊ុន ជេស អ្នកអភិវឌ្ឍន៍គម្រោង មេគង្គថៅវ័រ ឲ្យដឹងថា វិស័យខុនដូហាក់ស្រពិចស្រពិល ប៉ុន្ដែទោះជាយ៉ាងនេះក្ដី សម្រាប់ខុនដូមានតម្លៃពី៣ម៉ឺន ដល់ក្រោម៦ម៉ឺនដុល្លារ នៅមានអតិថិជន មានអតិថិជនដោយសារតែ ខុនដូតម្លៃចន្លោះ៣-៦ម៉ឺនដុល្លារនេះ ត្រូវបានម្ចាស់គម្រោង ផ្ដល់លក្ខខណ្ឌល្អជូនអតិថិជនដូចជា បង់រំលោះសុទ្ធមិនមានប្រាក់កក់ជាមុន ជាខុនដូដែលសាងសង់រួចរាល់ ដែលអតិថិជនទិញភ្លាម អាចចូលរស់នៅបានភ្លាម ហេតុផលទាំងនេះ ដែលធ្វើឲ្យវិស័យខុនដូមានតម្លៃធូរថ្លៃ អាចរក្សាភាពល្អប្រសើរ។
លោកបញ្ជាក់ថា វិស័យខុនដូ អាចនិយាយបានថា មានតម្រូវការ ប៉ុន្ដែក្នុងលក្ខខណ្ឌថា ជាខុនដូមានតម្លៃធូរថ្លៃ, សាងសង់រួចរាល់ ព្រមទាំងផ្ដល់លក្ខខណ្ឌនៃការរំលោះសុទ្ធ។ ដោយឡែកចំពោះផ្ទះល្វែង ឬខុនដូមានតម្លៃថ្លៃ គឺមិនមានអតិថិជនឡើយ៕