(ភ្នំពេញ)៖ រយៈពេល៧ខែ ដើមឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក សម្រេចបានជាង៤,០៧៧លានដុល្លារ កើនឡើង៣៧.៨៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ មានចំនួន២,៩៥៧លានដុល្លារ។ នេះបើយោងតាមទិន្ន័យ របស់ក្រសួងពាណិជ្ជកម្មកម្ពុជា។

ទិន្ន័យរបស់ក្រសួង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ទៀតថា រយៈពេល៧ខែ ដើមឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញ ទៅអាមេរិក ក្នុងទំហំទឹកប្រាក់ជាង៣,៨៦៧លានដុល្លារ ខណៈការនាំចូលពីអាមេរិកវិញ ក្នុងទំហំទឹកប្រាក់ជាង២០៩លានដុល្លារ។

ផលិតផលសំខាន់ៗ ដែលកម្ពុជា នាំចេញទៅអាមេរិក មានសម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើដំណើរ (វ៉ាលី កាបូប) កង់ និងសម្ភារប្រើប្រាស់ មួយចំនួនទៀត។ ចំណែកកម្ពុជា នាំចូលពីអាមេរិកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

គូសបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានកំណើនគួរឲ្យកត់សម្គាល់៖

* ឆ្នាំ២០១៥ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់២,៣៦៥លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញបាន២,១៣៦លានដុល្លារអាមេរិក ខណៈអាមេរិកនាំចូល មកកម្ពុជាវិញ មានតែ២២៨លានដុល្លារប៉ុណ្ណោះ។

* ឆ្នាំ២០១៦ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក ហាក់ថមថយបន្តិច មានទឹកប្រាក់២,៣២០លានដុល្លារ ប៉ុន្តែការនាំចេញរបស់កម្ពុជាទៅអាមេរិក នៅតែបន្តកើនឡើង ដោយនាំចេញបាន២,១៤៧លានដុល្លារអាមេរិក ខណៈអាមេរិកនាំចូលមកកម្ពុជាវិញ មានតែ១៧៣លានដុល្លារប៉ុណ្ណោះ។

* ឆ្នាំ២០១៧ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់២,៦០៥លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញ បាន២,៤០៨លានដុល្លារអាមេរិក ខណៈអាមេរិក នាំចូលមកកម្ពុជាវិញ មានតែ១៩៦លានដុល្លារប៉ុណ្ណោះ។

* ឆ្នាំ២០១៨ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់៣,៤៣៨លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញ បាន៣,០៥១លានដុល្លារអាមេរិក ខណៈអាមេរិក នាំចូលមកកម្ពុជាវិញ មានតែ៣៨៦លានដុល្លារប៉ុណ្ណោះ។

* ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់ជាង៤,៧១៣លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញ បាន៤,៤០២លានដុល្លារអាមេរិក ខណៈអាមេរិក នាំចូលមកកម្ពុជាវិញ មានតែជាង៣១១លានដុល្លារប៉ុណ្ណោះ។

* ឆ្នាំ២០២០ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់ជាង៥,៥០៩លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញ បាន៥,២៥៨លានដុល្លារអាមេរិក ខណៈអាមេរិក នាំចូលមកកម្ពុជាវិញ មានតែជាង២៥០លានដុល្លារប៉ុណ្ណោះ៕