(ភ្នំពេញ)៖ ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់មកបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះថា តម្លៃស្រូវមានភាពល្អប្រសើរឡើងវិញហើយ ក្នុងរយៈពេល២-៣ថ្ងៃនេះ ក្រោយតាមរោងម៉ាស៊ីនកិនស្រូវបញ្ជាទិញជារៀងរាល់ថ្ងៃ ហើយស្ថានភាពនាំចេញនៅព្រំដែនវៀតណាម ក៏មានភាពល្អប្រសើរឡើងវិញផងដែរ។
លោកឧកញ៉ា សុង សារ៉ន បានបញ្ជាក់យ៉ាងដូច្នេះថា «តម្លៃស្រូវ នៅតាមស្រែឃើញថា មានភាពល្អប្រសើរឡើងវិញហើយ ក្នុងរយៈពេល២-៣ថ្ងៃនេះ ការឡើងថ្លៃនេះ ដោយសារតែរោងម៉ាស៊ីនកិនស្រូវ បញ្ជាទិញជារៀងរាល់ថ្ងៃ»។
បន្ថែមពីនោះទៀត លោកឧកញ៉ា សុង សារ៉ន បានឲ្យដឹងថា ការជួញដូរតាមព្រំដែនវៀតណាម ក៏មានភាពល្អប្រសើរ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដែលធ្វើឲ្យចរន្ដស្រូវមានភាពល្អប្រសើរជាងមុន ក្នុងការនាំចេញទៅកាន់ប្រទេសវៀតណាម។
បើតាមតារាងតម្លៃស្រូវនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា សែនក្រអូប តម្លៃជាមធ្យមចាប់ពី៨០០រៀល ទៅ៩០០រៀល, អូអឹម៥៤៥១ តម្លៃជាមធ្យមចាប់ពី៦០០រៀល ទៅ៨០០រៀល និងអ៊ីអ៊ែរ ៨៥ តម្លៃជាមធ្យមចាប់ពី ៦០០រៀល ទៅ៧២០រៀល។
គូសបញ្ជាក់ថា រយៈពេល៧ខែ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញស្រូវ បានចំនួន ២ ០០៨ ២៤១ តោន គិតជាទឹកប្រាក់ចំនួន ជាង៥០៣.០៩លានដុល្លារ។
សម្រាប់ការនាំចេញស្រូវ ជាពិសេសស្រូវប្រាំង ដែលបាន និងកំពុងប្រមូលផល ក្នុងខែកក្កដាបានចំនួន ៣២៥ ៤២៨ តោន គិតជាទឹកប្រាក់ចំនួនប្រមាណ ជា៧៨លានដុល្លារសហរដ្ឋអាមេរិក។
ការនាំចេញស្រូវ ក្នុងខែកក្កដា ឆ្នាំ២០២១ មានការកើនឡើងគួរឲ្យកត់សំគាល់ ទោះបីជាមានការរាំងស្ទះខ្លះ ដោយសារវិធានការសុវត្ថិភាពប្រឆាំងកូវីដ ១៩ នៅតាមព្រំដែនជាមួយប្រទេសវៀតណាម ត្រូវបានរឹតបន្តឹងក៏ដោយ៕