(ភ្នំពេញ)៖ ប្រទេសកម្ពុជា បានចាប់ផ្ដើមអនុវត្ដច្បាប់ ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ដោយមន្រ្តីស៊ើបអង្កេត របស់អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប» នៃក្រសួងពាណិជ្ជកម្ម។
បើតាមលោក ផាន អូន ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប ក្នុងរយៈពេលពេញ មួយខែកក្កដាកន្លងទៅនេះ មន្ត្រីស៊ើបអង្កេត នៃអគ្គនាយកដ្ឋាន ក.ប.ប បានរកឃើញបទល្មើសចំនួន៥៦ករណី ពាក់ព័ន្ធនឹងអំពើមិនសុចរិត ក្នុងការធ្វើអាជីវកម្ម។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ លោក ផាន អូន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងខែកក្កដាកន្លងទៅ មន្ត្រីស៊ើបអង្កេត នៃអគ្គនាយកដ្ឋាន ក.ប.ប ដែលទទួលបាននីតិសម្បទា ជានគរបាលយុត្តិធម៌ បានរកឃើញបទល្មើសចំនួន៥៦ករណី»។
លោក ផាន អូន បានបញ្ជាក់ឲ្យដឹងថា បទល្មើស ដែលត្រូវបានរកឃើញ ភាគច្រើន ជាបទល្មើសពាក់ព័ន្ធនឹងអំពើមិនសុចរិត ក្នុងការធ្វើអាជីវកម្មប្រេងឥន្ធនៈ ការធ្វើអាជីវកម្មទំនិញក្លែងបន្លំគុណភាព ដូចជា៖ អាល់កុល ទំនិញហួសរយៈពេលប្រើប្រាស់ ទំនិញគ្មាន ឬមានស្លាកសញ្ញាមិនអនុលោម។
ជាមួយគ្នានេះ អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប ក៏បានឲ្យដឹងផងដែរថា ការចុះអនុវត្ដនេះ ក៏ជួបនូវផលលំបាកផងដែរ ដោយសារតែបច្ចុប្បន្នប្រទេសកម្ពុជា មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលធ្វើឲ្យការងារត្រួតពិនិត្យ និងស៊ើបអង្កេត ដើម្បីកំណត់បទល្មើស ជួបការរាំងស្ទះ។
បន្ថែមពីនោះទៀត លោក ផាន អូន បានឲ្យដឹងទៀតថា ច្បាប់ស្តីពី «កិច្ចការពារអ្នកប្រើប្រាស់» ទើបត្រូវបានអនុវត្ត ដូច្នេះការយល់ដឹងរបស់អាជីវករ នៅពុំទាន់បានស៊ីជម្រៅនៅឡើយនោះទេ។
បើតាមប្រកាសអន្ដរក្រសួង ស្ដីពី នីតិវិធីពិន័យអន្ដរការណ៍ លើអំពើល្មើសនឹងច្បាប់ ស្ដីពី កិច្ចការពារអ្នកប្រើប្រាស់ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ និងក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា មន្ត្រីស៊ើបអង្កេត នៃអគ្គនាយកដ្ឋាន ក.ប.ប. មានភារកិច្ច៖
* ចេញកំណត់ត្រា ស្ដីពីបណ្ណពិន័យអន្តរការណ៍
* ចេញវិក្កយបត្របង់ប្រាក់ពិន័យអន្តរការណ៍ ទទួលប្រាក់ពិន័យអន្តរការណ៍ និងចេញបង្កាន់ដៃបង់ប្រាក់ឲ្យបុគ្គលល្មើស ក្នុងករណីទទួលប្រាក់ពិន័យអន្តរការណ៍ ដោយផ្ទាល់ជាសាច់ប្រាក់ ឬជាមូលប្បទានបត្រ
* គ្រប់គ្រងវិក្កយបត្រ បង្កាន់ដៃបង់ប្រាក់ និងប្រាក់ចំណូលពីការពិន័យអន្តរការណ៍
* ចេញលិខិតជូនដំណឹងក្រើនរំលឹកចំពោះបុគ្គលល្មើស ឲ្យមកបង់ប្រាក់ពិន័យអន្តរការណ៍មិនឲ្យហួសកាលបរិច្ឆេទចុងក្រោយ ក្នុងករណីបុគ្គលនោះ មិនបានបង់ប្រាក់ពិន័យ ក្នុងរយៈពេល១៥ថ្ងៃ
* កសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ជាធរមាន ទៅតុលាការមានសមត្ថកិច្ច ក្នុងករណីបុគ្គលល្មើស មិនបានបង់ប្រាក់ពិន័យអន្តរការណ៍ នៅក្នុងរយៈពេលកំណត់។
លោក ផាន អូន ធ្លាប់ប្រាប់ឲ្យដឹងថា ការអនុវត្តច្បាប់នេះ នឹងបង្កើតបាននូវបរិយាកាស នៃការប្រកួតប្រជែង ក្នុងវិស័យ ពាណិជ្ជកម្ម សេវាកម្ម ប្រកបដោយយុត្តិធម៌ សមធម៌ ផ្តល់នូវទំនុកចិត្តរវាងអ្នកប្រើប្រាស់ និងធុរជន ដែលជាកត្តាជំរុញឲ្យមានកំណើន អតិថិជនសម្រាប់ធុរជន ដែលប្រកបអាជីវកម្ម ដោយសុចរិត៕