(ភ្នំពេញ)៖ លោក ផល វ៉ាន់ឌី នាយកប្រតិបត្ដិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យប្រើប្រាស់សេវាហិរញ្ញវត្ថុណា ទទួលស្គាល់ដោយ ធនាគារជាតិនៃកម្ពុជា ដែលមានកិច្ចការពារអតិថិជន ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ ផ្នែកសេវាហិរញ្ញវត្ថុ។
ការអំពាវនាវបែបនេះ ក្នុងឱកាសដែលលោក ផល វ៉ាន់ឌី អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សា ស្ដីពី «វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា» ក្រោមប្រធានបទ «សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងកិច្ចគាំពារអតិថិជន ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ» របស់ទូរទស្សន៍ Fresh News។
លោក ផល វ៉ាន់ឌី បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវជូនដល់បងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់សេវាហិរញ្ញវត្ថុ ដែលមានការទទួលស្គាល់ ដោយធនាគារជាតិនៃកម្ពុជា ជាសេវាហិរញ្ញវត្ថុដែលមានកិច្ចការពារអតិថិជន»។
នាយកប្រតិបត្ដិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា ការចូលរួមរបស់បងប្អូន គឺដើម្បីការពារភាពរឹងមាំនៃវិស័យមីក្រូហិរញ្ញវត្ថុ ដើម្បីជៀសវាង ការប្រើប្រាស់សេវាដែលមិនផ្លូវការ។
លោក ផល វ៉ាន់ឌី បានឲ្យដឹងទៀតថា សេវាហិរញ្ញវត្ថុណាដែលមិនមែនជាសមាជិក របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយមិនបានទទួលស្គាល់ ពីធនាគារជាតិនៃកម្ពុជា គឺសេវាហិរញ្ញវត្ថុទាំងអស់នោះមិនមានកិច្ចការពារអតិថិជននោះឡើយ។
បន្ថែមពីនោះទៀត នាយកប្រតិបត្ដិ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា វិស័យមីក្រូហិរញ្ញវត្ថុ ជាវិស័យមួយដែលពិសេស ដែលដូចជាសសៃឈាមមួយនៃសេដ្ឋកិច្ចជាតិ ហើយវិស័យនេះបានចូលរួមចំណែក និងមានសារៈសំខាន់យ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋ។
លោក ផល វ៉ាន់ឌី បានបន្ដទៀតថា វិស័យមីក្រូហិរញ្ញវត្ថុបានចូលរួមចំណែក ក្នុងការលើកកម្ពស់ ការទទួលបានសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ ជាពិសេសក្នុងការចូលរួមចំណែកការអភិវឌ្ឍន៍សង្គម។
សូមជម្រាបថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គឺជាស្ថាប័នតែមួយគត់ តំណាងឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់ ដែលបានចុះបញ្ជីស្របច្បាប់ដោយសហការ យ៉ាងជិតស្និតជាមួយធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា ការិយាល័យឥណទានកម្ពុជា និងដៃគូអភិវឌ្ឍនានា។
សមាគមមីក្រូហិរញ្ញវត្ថុ គឺជាសមាគមវិជ្ជាជីវៈ ដែលជួយធ្វើឲ្យមានវិបុលភាព និងនិរន្តរភាពវិស័យមីក្រូហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា ដោយជំរុញឲ្យមានកំណើន សេដ្ឋកិច្ច ព្រមទាំងការអភិវឌ្ឍ៕