(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន២ទៀត សរុបទុនវិនិយោគប្រមាណ៨.៥លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង។

តាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ ក្រុមហ៊ុន SEN WANG YING NEW MATERIAL CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចំបក់ផ្អែម ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤០៣កន្លែង។

២៖ ក្រុមហ៊ុន GIANNI VINCE BAGS (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងបន្ទាប់បន្សំកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,១៧១កន្លែង៕